ព្រឹត្តិការណ៍Pool Party ឆ្នាំនេះ លេងសុទ្ធតែតារាកំពូលកូរប៉ះគ្នាហ្មង!

0

យោងតាមការបង្ហោះលើផេក កម្មវិធី Pool On the Street Party ដ៏ពេញនិយមរបស់ពិភពលោក នឹងបានលេចឡើងនៅក្នុងប្រទេសកម្ពុជាជាថ្មីទៀតហើយ នៅថ្ងៃទី១០ មិថុនា ខាងមុខ ដោយព្រឹត្តិការណ៍នៅក្នុងឆ្នាំនេះ ក្រៅពីគ្រោងធ្វើឡើងធំដុំ ក៏ត្រូវបានទម្លាយថាមានការបង្ហាញខ្លួនសុទ្ធតែតារាល្បីៗផ្នែកយុវវ័យនៅក្នុងផលិតកម្មធំតូច និងតារាចម្រៀងOriginal Song ខ្លាំងៗ នៅក្នុងពិភពសិល្បៈផងដែរ។ ព្រឹត្តិការណ៍នៅក្នុងឆ្នាំនេះ ត្រូវបានគេបង្ហើបថាមានតារាក្រៅស្រុកមួយចំនួនចូលរួម ដើម្បីទាក់ទាញអ្នកចូលកម្សាន្តជាជនជាតិបរទេស និងជាអ្នកទេសចរណ៍អោយចាប់អារម្មណ៍មកទិញសំបុត្រចូលរាំរែក។

ប្រភពពីផេកផ្លូវការដែលបានបង្ហោះថា កម្មវិធី Pool Party នៅក្នុងឆ្នាំនេះ នឹងមានឈ្មោះថា Pool On the Street Party ដោយសម្រេចធ្វើនៅ 3G SQUARE ទល់មុខស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នៅថ្ងៃទី១០ មិថុនា ដោយមានការបាញ់ហ្វូមពពុះសាប៊ូ ការលេងបាន និងមានការរាំរែក ជាមួយចង្វាក់ភ្លេងប្លែកៗ អមដោយតារាល្បីទាំងជាតិ និងអន្តរជាតិនៅក្នុងពិធីនោះ។

តារាល្បីៗ រួមមានឌីជេកម្រិតអន្តរជាតិ និងតារាចម្រៀងមកពីខាងក្រៅប្រទេសត្រូវបានគេអះអាងថាមានចំនួនច្រើននាក់ទៅហើយ ដើម្បីទាក់ទាញជនបរទេស អោយចូលកម្សាន្តអោយបានច្រើន។ កម្មវិធីឆ្នាំនេះ ត្រូវគេមើលឃើញថាកំណត់ធ្វើឡើងនៅអំឡុងពេលមិនចំរដូវភ្លៀងដូចឆ្នាំមុនផង ទើបកម្មវិធីទាំងមូលពិតជាប្លែកភ្នែក និងមានអ្នកទស្សនាទិញសំបុត្រចូលច្រើន ដើម្បីកម្សាន្តសប្បាយ។ អ្នកចូលរួមត្រូវបានកំណត់អោយតែងខ្លួនជាទម្រង់ដូចលេងទឹក ខណៈដែលកាលពីឆ្នាំមុន គេឃើញមានវត្តមានតារាល្បីៗច្រើននាក់ទៅលេងទឹក និងរាំលេង ក្នុងព្រឹត្តិការណ៍នោះ ដែលរឹតតែធ្វើអោយកម្មវិធីទាំងមូលកញ្ជ្រោល។

សម្រាប់ការរៀបចំឆ្នាំនេះ តារាបរទេស មិនទាន់ត្រូវបានបញ្ចេញអត្តសញ្ញាណ ប៉ុន្តែសម្រាប់តារាខ្មែរ ដែលមានចំនួនមិនតិចនាក់ទៅហើយ នោះ ត្រូវបានគេដឹងថាមានតារាល្បីៗ៣រូបបង្ហាញខ្លួន។

កញ្ញា រ៉េត ស៊ូហ្សាណា ដែលជាតារាចម្រៀងវ័យក្មេង និងកំពុងឡើងកូដនៅក្នុងផលិតកម្មហង្សមាស បានក្លាយជាតួឯកធំមួយនៅក្នុងកម្មវិធីដែលជាកម្មវិធីចម្លងពីបរទេសមួយនេះ ខណៈដែលតារាល្បីៗ៣រូបទៀត គឺកញ្ញា រ៉ូលីន លោក Shutter ម្ចាស់បទ«អតីត» និងនាយព្រែក ក៏ត្រូវគេអះអាងថានឹងមានវត្តមានផងដែរ។ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលតារាល្បីឈ្មោះទាំង៣ត្រូវបានកម្មវិធីចំណាយកញ្ចប់ទាក់ទងអោយចូលរួមនៅក្នុងកម្មវិធីនេះ ក្នុងនាមជាតារាចម្រៀងកិត្តិយស ក្នុងពេលដែលតារាភាគច្រើននៅកម្ពុជា បានត្រឹមតែត្រូវគេទាក់ទងអោយចូលរួមជាភ្ញៀវកិត្តិយស ដើម្បីលេងទឹក និងរាំលេង អោយស្គាល់ពីបរិយាកាសនៅក្នុងពិធី។ អ្នករៀបចំកម្មវិធី មិនទាន់អាចសុំការបញ្ជាក់ពីការរៀបចំសម្រាប់កម្មវិធីដ៏ធំមួយនេះបានទេ ប៉ុន្តែអ្វីដែលគេដឹងផ្លូវការ គឺកម្មវិធីនឹងលេចរូបរាងនៅថ្ងៃទី១០ មិថុនា ដោយឌីជេ តារាចម្រៀងបរទេស និងតារាល្បីៗច្រើនរូប នឹងបង្ហាញខ្លួននៅក្នុងកម្មវិធីនេះ ដើម្បីបំផុសអោយស្រទាប់មហាជនស្គាល់កាន់តែច្បាស់ពីកម្មវិធី Pool On the Street Party ដែលជាកម្មវិធីពេញនិយមនៅលើពិភពលោកមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here