សន សុវណ្ណារ៉ា លាក់ជំនួញមុឺនដុល្លារ ត្រៀមដំណើរការ

0

ឱកាសបង្ហាញខ្លួន ក្នុងការប្រគំតន្ត្រីនៅក្នុងពិពណ៍កោះពេជ្រ កាលពីយប់ថ្ងៃទី២៨ កុម្ភៈ ពិធីករលោក សន សុវណ្ណារ៉ា បានអះអាងថាលោកកំពុងសម្ងំច្នៃហាងបើកអាជីវកម្មធំមួយ ដោយមុខជំនួញថ្មីនោះ អស់ប្រមាណជាជិត១០ម៉ឺនដុល្លារហើយ។ យ៉ាងណាមិញលោកអះអាងថា នៅមិនទាន់ចង់បង្ហើបអោយដឹងនៅឡើយទេ ដោយរង់ចាំទាល់តែចូលឆ្នាំខ្មែរ គឺនឹងបើកសម្ពោធតែម្ដង។

លោក សន សុវណ្ណារ៉ា បានអះអាងថា ការប្រគំតន្ត្រី ដែលលោកធ្វើជាពិធីករនៅក្នុងថ្ងៃនោះ គឺជាព្រឹត្តិការណ៍ដែលក្រុមហ៊ុន RA របស់លោកដេញថ្លៃបានក្នុងការរៀបចំ ដោយលោកត្រូវបំពេញការងារជាអ្នកចាត់ចែងផង និងជាធ្វើពិធីករផង។ លោកអះអាងថាខ្លួនដេញបានការប្រគំតន្ត្រីនេះរយៈពេល២ថ្ងៃ ដោយក្រៅពីទទួលខុសត្រូវក្នុងការចាត់ចែង និងត្រូវរៀបចំតារាចម្រៀង ភាគីខាងស្ថានទូតថៃ ក៍តម្រូវអោយលោកធ្វើជាពិធីករ ទើបលោកស្ទើររកពេលសម្រាកមិនបាន ស្របពេលដែលលោកក៍ទើបតែរួចដៃពីការថតបទចូលឆ្នាំ អោយផលិតកម្មក្នុងស្រុក។ លោកថាក្រុមហ៊ុនរបស់លោកថ្ងៃខ្លះទទួលបានសិទ្ធិរៀបចំការប្រគំតន្ត្រីដល់ទៅ២ ឬ ៣ ក្នុងថ្ងៃតែមួយ ប៉ុន្តែលោកនៅតែមិនទាន់ស្កប់ស្កល់ ដោយនៅតែចំណាយទុនបង្កើតអាជីវកម្មធំមួយផ្សេងទៀត ដែលតាមគម្រោងគឺអាជីវកម្មនោះ នឹងរួចរាល់នៅក្រោយបុណ្យចូលឆ្នាំខ្មែរខាងមុខ។ មកទល់ពេលនេះ លោកបានបោះទុនប្រមាណជាង៩ម៉ឺនដុល្លារ ដោយលោកប្រាប់ថាដោយសារតែជ្រុលទើបតស៊ូទៅមុខ។ ជំនួញថ្មីនោះ លោកថាគម្រោងប្រើទុនតែ៤ ទៅ៥ម៉ឺន ដុល្លារប៉ុណ្ណោះ ប៉ុន្តែនៅពេលចាប់ផ្ដើមក៏ចេះតែលង់ ហើយសឹងនឹងធ្វើអោយលោកចង់ដកខ្លួនកណ្ដាលទីម្ដងៗ។ យ៉ាងណាមិញ លោកបដិសេធបង្ហើបអោយដឹងពីមុខជំនួញថ្មី ដោយគ្រាន់តែអះអាងថា គឺជាហាងពាក់ព័ន្ធសម្រស់ និងការថែទាំសុខភាពធំមួយ។

លោក សន សុវណ្ណារ៉ា បន្តថា លោកនឹងធ្វើអោយក្រុមហ៊ុនទាំង២ដែលខ្លួនបោះទុន និងការងារសិល្បៈឈានឡើងទន្ទឹមគ្នា ដោយសារតែលោកយល់ថា ការងារសិល្បៈគឺធ្វើដើម្បីស្វះស្វែងរកការគាំទ្រ ហើយជំនួញបើកក្រុមហ៊ុន និងបើកហាងដែលមិនទាន់បង្ហើបអោយដឹង គឺដើម្បីរកចំណូល។

គួរបញ្ជាក់ថា នៅលើវេទិកាបហរគំតន្ត្រីកន្លង លោកត្រូវគេឃើញសកម្មក្នុងតំណែងជាពិធីករមិនចាញ់ពិធីករអាជីពល្បីៗប៉ុន្មានទេ ចាប់ទាំងពីលោកវិលមកពីសហរដ្ឋអាមេរិក ហើយបើកក្រុមហ៊ុនទទួលម៉ៅការព្រឹត្តិការណ៍ផ្ទាល់ខ្លួន។ ជាក់ស្ដែងក្នុងវេទិកាប្រគំតន្ត្រីនៅកោះពេជ្រនាថ្ងៃនោះ លោកត្រូវគេឃើញបញ្ចេញវោហាស័ព្ទកំប្លុកកំប្លែងជាមួយអ្នកនាង ឆ័យលី ដាឡែន និង លោក ខេន វណ្ណាថាត់ បង្កើតជាផ្ទាំងសំណើចយ៉ាងរស់រវើក។ ក្នុងនោះតារាចម្រៀង ដែលលោករៀបចំ ជាពិសេសគឺកញ្ញា សុខ សីឡាលីន ក៍កាន់តែជួយរំលេចវេទិកាមួយនេះ អោយទទួលបានការចាប់អារម្មណ៍មិនអន់ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here