សុគន្ធ ដេវីត និងដៃគូថ្មី ចេញបទទាក់ទងនឹងឆ្នាំជ្រូកមុនគេ

0

កាលពីមុនចូលឆ្នាំឆ្នាំមុន គេកត់សម្គាល់ថាតារាចម្រៀងច្រើនណាស់ដែលចេញបទទាក់ទងនឹងសត្វតំណាងដែលត្រូវមកដល់ឆ្នាំថ្មី ដោយក្នុងពេលនោះគឺបទទាក់ទងនឹងឆ្កែគឺស្ទើរតែគ្រប់តារាចម្រៀង។ ដោយឡែកឆ្នាំនេះ បទទាក់ទងនឹងសត្វជ្រូក ដែលទាក់ទងនឹងសត្វតំំណាងឆ្នាំថ្មីនៅមិនទាន់ឃើញមាននោះទេ ទើបបទ«រាំក្បែរទ្រុងជ្រូក» ដែលសុគន្ធ ដេវីត និងអតីតបេក្ខនារីចំណាត់ថ្នាក់លេខ២ កញ្ញា អេង ស្រីអូន ទើបនឹងចេញត្រូវគេមើលឃើញថាជាបទដំបូងដែលមានអត្ថន័យទាក់ទងនឹងសត្វជ្រូក ដែលត្រូវនឹងឆ្នាំជ្រូកឆ្នាំថ្មី។

លោក សុគន្ធ ដេវីត បញ្ជាក់ថា ដោយសារតែក្នុងឆ្នាំថ្មីឆ្នាំខាងមុខនេះ គឺឆ្នាំជ្រូក ទើបលោកសម្រេចផលិតបទថ្មីក្រោមចំណងជើងថា«រាំក្បែរទ្រុងជ្រូក»ដោយបទចម្រៀងនេះ គឺជាបទOriginal Song បើកឆាករបស់លោកនៅក្នុងផលិតកម្មថ្មី គឺផលិតកម្ម Gold Production ហើយជាបទដែលលោកបានចាប់ដៃច្រៀងជាមួយ អតីតបេក្ខនារីចំណាត់ថ្នាក់លេខ២ក្នុងកម្មវិធីពេជ្រកំពុងច្នៃ គឺកញ្ញា អេង ស្រីអូន បន្ទាប់ពីលោក និងនាងបានសម្ដែងរួមគ្នាក្នុងរឿងមួយ។ លោកថាបទចម្រៀងមួយបទនេះ នឹងផលិតMV ក្នុងពេលដ៍ខ្លី ដោយលោក និងកញ្ញាស្រីអូន ក៏គម្រោងរំលេចក្បាច់រាំអោយរស់រវើកផងដែរ ដើម្បីអោយអ្នកគាំទ្រស្ដាប់អោយប្លែកអារម្មណ៍ និងបានរាំសប្បាយផង។ លោកថាខ្លួនដៃគូថ្មី គឺ កញ្ញា អេង ស្រីអូន កាន់តែសប្បាយចិត្ត ដែលគ្រាន់តែបានបង្ហោះបទ«រាំក្បែរទ្រុងជ្រូក»មិនទាន់បានប៉ុន្មានម៉ោងផង ក៏មានអ្នកចូលView ក្នុងចំនួនច្រើន ហើយមានអ្នកសរសើរថាបទភ្លេងនេះប្លែក និងស្ដាប់ទៅគួរអោយចង់រាំលេង។

កញ្ញា អេង ស្រីអូន បានអះអាងដែរថា កញ្ញាសប្បាយចិត្តយ៉ាងខ្លាំង ដែលបានចាប់ដៃជាមួយតារាចម្រៀង លោក សុគន្ធ ដេវីត ហើយបានចេញបទ«រាំក្បែរទ្រុងជ្រូក» ដែលបទចម្រៀងនេះគឺគ្រាន់តែស្ដាប់អត្ថន័យ និងសាច់ភ្លេងគឺធ្វើអោយនាងមានទំនុកចិត្តសម្រាប់ការគាំទ្រពីសំណាក់មហាជនតែម្ដង។ កញ្ញាក៏ត្រៀមបញ្ចេញស្នាដៃទី២ជាមួយលោកសុគន្ធ ដេវីត ក្នុងពេលបន្តបន្ទាប់ផងដែរ ដើម្បីអោយមានស្នាដៃថ្មីៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here