ក្មេងវ័យ តែតារាសម្ដែង ហុង ដារ៉ារាជ ស្រឡាញ់ និងដិតដាមក្នុងទម្រង់បុរាណ គួរអោយសរសើរ

0

ខុសពីតារាសម្ដែងជំនាន់ថ្មីភាគច្រើន ដែលចូលចិត្តសម្ដែង ឬបង្អួតសម្រស់ក្នុងទម្រង់សម័យ តារាសម្ដែងវ័យក្មេងលោក ហុង ដារ៉ារាជ បែរជាដិតដាមដោយទម្រង់បុរាណ ដោយលោកបានទាំងទទូចអោយយុវវ័យខ្មែរចូលរួមគាំទ្រសំលៀកបំពាក់បុរាណរបស់ខ្មែរអោយបានច្រើននោះផង។ លោកត្រូវគេឃើញបង្ហោះរូបភាពទាក់ទងនឹងទម្រង់បុរាណជាហូរហែរ ខណៈដែលលោកក៏ទើបតែទទួលបានមេដាយក្នុងការសម្ដែងល្ខោននិយាយដែលនិយាយពីសិល្បៈបុរាណនោះផង។

តារារះថ្មីមកពីខេត្តក្រចេះ លោក ហុង ដារ៉ារាជ បានអះអាងថា រវាងទម្រង់បុរាណ និងសម័យ លោកចូលចិត្តតែងខ្លួនជាលក្ខណៈសម័យបុរាណច្រើនជាង ដោយលោកចូលចិត្តគ្រងជាមួយនឹងឈុតក្បិន និងឈុតបែបបុរាណទាំងឡាយ ជាជាងការតែងខ្លួនបែបសម័យ។ យ៉ាងណាមិញ លោកថាខ្លួនមិនអាចបំពេញតម្រូវការផ្លូវចិត្តរបស់លោកបានទេ ដោយសារតែបរិបទជាក់ស្ដែង គឺតម្រូវអោយលោកអាចតែងខ្លួនជាទម្រង់បុរាណបាន លុះត្រាតែនោះជាកម្មវិធីសម្ដែង ឬជាកម្មវិធីដែលតម្រូវនូវទម្រង់បុរាណ ប៉ុន្តែសម្រាប់កម្មវិធីទូទៅ គឺនៅតែតម្រូវអោយលោកស្លៀកបែបសម័យ ដើម្បីអោយស្របនឹងកម្មវិធី។ លោកថាសម្រាប់ការសម្ដែងអោយមានផលិតករទាក់ទងអោយលោកសម្ដែងក្នុងរឿងបុរាណ គឺហាក់ដូចជាធ្វើអោយលោកជាប់ចិត្ត និងមានអារម្មណ៍ពុះកញ្ជ្រោលតែម្ដង ដោយសារតែលោកយល់ថាអោយតែបានគ្រងឈុតបុរាណ គឺហាក់ដូចជាមោទនភាពមួយ និងមិនខុសពីការចូលរួមលើកស្ទួយទម្រង់សិល្បៈ ឬទម្រង់សំលៀកបំពាក់បុរាណ។

លោក ហុង ដារ៉ារាជ បន្តថា សម្រាប់យុវវ័យភាគច្រើនចូលចិត្តតែងសម័យ ប៉ុន្តែសម្រាប់រូបលោកអោយតែបានតែងបែបបុរាណ គឺទោះជាសំលៀកបំពាក់ជាស្ដេចជាព្រះឥន្ទនោះពិបាកស្លៀក ពិបាកអង្គុយកម្រិតណា ក៏លោកចូលចិត្តនោះដែរ ដោយលោកក៏មានជំនាញផ្នែកស្រាវជ្រាវសំលៀកបំពាក់បែបបុរាណ និងចេះកែច្នៃខ្លះៗផងដែរ។ លោកទទូចអោយតារាសិល្បៈ និងយុវវ័យស្រឡាញ់ចូលចិត្តសំលៀកបំពាក់ទម្រង់បុរាណអោយបានច្រើន ដោយលោកបញ្ជាក់ថាលុះត្រាតែមានការស្រឡាញ់ និងចូលចិត្តជាមុន ទើបអាចធ្វើអោយទម្រង់បុរាណទាំងនោះ ត្រូវបានយុវវ័យ និងតារាសិល្បៈស្រករក្រោយចង់ស្លៀកពាក់។ លោកបន្តថា អោយតែមានកម្មវិធីត្រូវតែងបុរាណ គឺទោះជាត្រូវចំណាយប៉ុន្មានផ្ទាល់ខ្លួនក៏លោកតស៊ូដែរ ចំណែកកម្មវិធីដែលតម្រូវអោយស្លលៀកសម័យ គឺលុះត្រាតែលោកទំនេរ ឬដោយសារតែមិនចង់ខុសគេ ទើបលោកចូលរួម៕

LEAVE A REPLY

Please enter your comment!
Please enter your name here