នីតា វរវង្ស ច្រានចោលទំនាក់ទំនងជាមួយ នាយចឺម

0

បើទោះជាបានថតបញ្ចប់ភាពយន្តរឿង«គំនំខ្មោចក្រមុំទាំង៣» តាំងពីអំឡុងឆ្នាំមុនក្ដី ក៏តារាសម្ដែងសាច់សខ្ចី កញ្ញា នីតា វរវង្ស នៅតែត្រូវគេសង្ស័យថាមានស្នេហាស៊ីជម្រៅកំបាំងមុខជាមួយតារាចម្រៀងនាយចឺម ក្រោយពីមានឱកាសបានថតសាច់រឿងនោះជាមួយគ្នាមកទល់ពេលនេះ ដោយគ្រាន់តែអ្នកទាំងពីរមិនបើកចំហរ។ ប៉ុន្តែផ្ទុយពីការលើកឡើងថានាងអះអាងថា រវាងខ្លួន និងនាមចឺម ដ្បិតថាក្នុងពេលថតរឿងមានឈុតស្និទ្ធស្នាលជាមួយគ្នាមែន ប៉ុន្តែក្រោយថតរឿងនោះចប់ គឺអត់ដែលបានទាក់ទងគ្នាទេ ដោយសូម្បីតែជួបក៏មិនមាននោះដែរ ក្រៅពីធ្លាប់ជួបគ្នាមិនខុសពីអំពិលអំពែកក្នុងកម្មវិធីសិល្បៈ។

កញ្ញា នីតា វរវង្ស និយាយថា កញ្ញា អន់ចិត្តយ៉ាងខ្លាំង ដែលនៅតែមានអ្នកសួរនាងថា តើទំនាក់ទំនងរវាងនាង និងតារាកំប្លែងនាយចឺម ឈានដល់ណាហើយ ក្នុងពេលដែលនាងអត់ដឹងអីសោះ តាំងពីបានថតរឿងចប់សព្វគ្រប់ជាមួយគ្នា។ នាងថានាយចឺម ជាមនុស្សរួសរាយ ហើយនាង និងលោក បានស្និទ្ធិស្នាលគ្នាតែពេលថតរឿង«គំនុំខ្មោចក្រមុំទាំង៣» កាលពីពេលមុនប៉ុណ្ណោះ ចំណែកទំនាក់ទំនងក្រៅឆាកគឺមិនមាននោះទេ។ អ្នកនាងប្រកាសថាក្រៅពីអត់មានអ្វីទាល់តែសោះជាមួយនាយចឹម ទំនាក់ទំនងពិសេសណាមួយជាមួយអ្នកសិល្បៈដូចគ្នា ក៏មិនមាននោះដែរ ដោយសារតែនាងប្រកាន់ជំហរហើយថា មិនជ្រើសតារាសិល្បៈធ្វើជាស្វាមី។

ក្នុងនោះនាងក៏មិនទាន់រកឃើញបុរសជាទីស្រឡាញ់ដើម្បីផ្ញើខ្លួននោះដែរ ទើបនាងយល់ថាដំណឹងថានាងមានអ្វីលើសពីមិត្តភាពជាមួយអ្នកសិល្បៈ ឬជាមួយបុរសណាមួយ គឺជារឿងមិនអាចទទួលយកបាន។ កញ្ញាបន្តថា«បើខ្ញុំមានអ្នកស្រឡាញ់ហើយ អត់ខ្វល់រឿងគេថានឹងទេ តែដល់អត់មានសោះ ហើយមកមានដំណឹងបែបហ្នឹង តើអ្នកណាគេមកស្រឡាញ់យើង!»។ កញ្ញាទទូចអោយឈប់យល់ច្រលំ និងថារវាងនាង និងតារាកំប្លែងនាយចឺម គឺសឹងតែមិនធ្លាប់ស្គាល់គ្នាទាល់តែសោះ ក្រោយពេលបញ្ចប់ភាពយន្តជាមួយគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here