សេន រ៉ានុត នៅតែមិនធម្មតា លើទឹកដីអាមេរិក

0

គ្មានអ្នកណាមិនដឹងនោះទេថា តារាចម្រៀង លោក សេន រ៉ានុត ធ្លាប់ក្ដាប់ប្រជាប្រិយភាពខ្លាំងក្លានៅក្នុងពិភពចម្រៀង រហូតទទួលបានការសរសើរពីសម្ដេចនាយករដ្ឋមន្ត្រី ក្នុងអំឡុងពេលលោកឡើងកូដខ្លាំងនោះផង។ ប៉ុន្តែប្រជាប្រិយភាពរបស់លោកចាប់ផ្ដើមថយកម្លាំងបន្ទាប់ពីលោកចេញទៅរស់នៅ សហរដ្ឋអាមេរិក។ យ៉ាងណាមិញ គេនៅតែកត់សម្គាល់ឃើញថា លោកនៅខ្លាំង ដោយសារតែនៅអាមេរិក លោកនៅតែមានឱកាសចេញច្រៀងក្នុងកម្មវិធីធំៗ ហើយគ្រាន់តែលោកយកបទល្បីៗរបស់លោកមកច្រៀងបង្ហោះឡើងវិញ ក៍ធ្វើអោយអ្នកគាំទ្ររបស់លោកកញ្ជ្រោលដូចមុនជាបណ្ដើរៗបាត់ទៅហើយ។

លោក សេន រ៉ានុត ត្រូវបានអ្នកគាំទ្រក្នុងស្រុកសរសើរថា ជាតារាចម្រៀងសាច់ចាំ មិនខ្ចីចាស់ ដោយនៅតែសង្ហារ មុខឌឺ និងមើលទៅគួរស្រលាញ់មិនខុសពីពេលលោកល្បីខ្លាំង ដែលផ្ទុយពីតារាស្រករលោកភាគច្រើន គឺបានផ្លាស់ប្ដូរសម្រស់អស់ទៅហើយ។ មកទល់ពេលនេះ លោកបានបញ្ចប់ជីវិតជាអ្នកសិល្បៈក្នុងស្រុក ហើយទៅរស់នៅក្រៅស្រុកប្រមាណជាង១០ឆ្នាំមកហើយ ប៉ុន្តែលោកនៅតែធ្វើអោយអ្នកគាំទ្រមិនទាន់ភ្លេចស្នាដៃ ដោយសារតែលោកក៍រមែងបង្ហោះសកម្មភាពរបស់ខ្លួនជាប្រចាំនៅលើហ្វេសប៑ុក។ លោកនៅត្រូវគេចាត់ទុកថាជាតារានៅមានប្រជាប្រិយភាពខ្លាំង ខណៈដែលលោកបង្ហោះបទចម្រៀងចាស់ៗ តែបានច្រៀងថ្មីម្ដងៗ គឺអន្ទងអ្នកស្ដាប់អោយចូលស្ដាប់ និងចែកចាយច្រើនមិនធម្មតា។ ជាក់ស្ដែងគ្រាន់តែលោកបង្ហោះបទចម្រៀង”កំផែងវណ្ណៈ” ដែលធ្លាប់ល្បីល្បាញកាលពី១៨ឆ្នាំមុន គឺអ្នកគាំទ្រសុទ្ធតែឃើញគ្រប់គ្នាថាបទចម្រៀងមួយបទនេះ ទាក់ទាញអោយមហាជនសរសើរលោកខ្លាំង។ អ្នកលេងហ្វេសប៑ុកជាច្រើននិយាយថា លោកមិនប្រែប្រួលទេ ដោយក្រៅតែនៅស្អាតសង្ហារមិនដូចអាយុ ក៍នៅតែមានសំលេងមូលពិរោះ ខុសពីកំបិតដែលខានប្រើយូរ។ ការបង្ហោះបទចាស់ៗតែយកមកច្រៀងថ្មីជាបន្តបន្ទាប់របស់លោក បានធ្វើអោយកញ្ជ្រោលទឹកចិត្តមហាជនយ៉ាងខ្លាំង ជាពិសេសអ្នកលង់នឹងសំលេងរបស់លោកកាលពី១៨ឆ្នាំមុន និងអ្នកលង់នឹងសម្រស់ស្រស់សង្ហាររបស់លោក។

លោក សេន រ៉ានុត និយាយថា ខ្លួននៅតែស្រលាញ់អាជីពចម្រៀង ទើបលោកឆ្លៀតពេលច្រៀងបង្ហោះជារឿយៗ ដើម្បីរំលឹកក្បាច់គុណចាស់។ លោកមិនដែលប្រកាសថាបោះបង់សិល្បៈនោះទេ ប៉ុន្តែបើអោយលោកបោះបង់អាមេរិក ហើយមកសកម្មក្នុងអាជីពជាអ្នកចម្រៀងក្នុងស្រុកដូចមុនក៍អត់នោះដែរ ដោយសារតែលោកយល់ថាវ័យរបស់ខ្លួនបើទោះជាចង់បកក្រោយក៍មិនស្រួលប្រទាញកេរ្តិ៍ឈ្មោះបានដូចដើម។ ប៉ុន្តែផ្ទុយពីការយល់ឃើញរបស់លោក អ្នកគាំទ្រនៅតែចង់ឃើញលោកប្រជែងទីផ្សារចម្រៀងដូចមុន បើមិនដូច្នោះទេមិនមែនគ្រាន់តែលោកបង្ហោះបទចម្រៀង”វណ្ណៈស្នេហ៍” ដែលបាត់ពីត្រចៀកមហាជន១៨ឆ្នាំមកហើយ ស្រាប់តែមានការចាប់អារម្មណ៍ដល់ម្លឹងឡើងវិញនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here