ដឹងជំហរតារាចម្រៀង សៅ ឧត្តម ក្នុងថ្ងៃរៀបការ

0

ក្នុងពិធីរៀបការនៅបរិវេណសាលាកសិកម្មចំការដូងកាលពីថ្ងៃទី២៤ កុម្ភៈ តារាចម្រៀងអតីតបេក្ខភាពCambodian Idol លោក សៅ ឧត្តម បានប្រកាសជំហរមួយចំនួន ដែលធ្វើអោយអ្នកគាំទ្រមួយចំនួនបានច្បាស់ក្រោយពីលោកសម្រេចចិត្តរៀបការ។ ជំហររបស់លោកបានធ្វើអោយអ្នកខ្លះពេញចិត្ត តែក៏ធ្វើអោយអ្នកខ្លះបារម្ភផងដែរ ពាក់ព័ន្ធនឹងការអាជីពសិល្បៈរបស់លោក។

លោក សៅ ឧត្តម បានអះអាងថា បើទោះជាលោកសម្រេចចិត្តរៀបការ ប៉ុន្តែលោកមិនបានដកថយពីការងារសិល្បៈនោះទេ គឺនៅតែវាយលុកអោយកាន់តែសកម្ម ដោយលោកប្រកាសថានឹងសម្រុកបញ្ចេញបទចម្រៀងបំពេរដល់អារម្មណ៍អ្នកគាំទ្រមិនដកដៃនោះទេ ដើម្បីអោយប្រជាប្រិយភាពនៅក្នុងវិស័យចម្រៀងរបស់លោកបន្តឈានឡើង។ លោកថាខ្លួននឹងនៅតែសកម្មក្នុងការបញ្ចេញបទចម្រៀង ហើយមិនខ្វល់ពីការចូលជ្រកនៅក្នុងផលិតកម្មណាមួយនោះទេ ដោយមានន័យថាបើមានឱកាសហក់ចូលផលិតកម្មធំក៏នឹងពិចារណា ប៉ុន្តែបើអត់ដូចរាល់ថ្ងៃ ក៏នៅតែបន្តផលិតបទចម្រៀងផ្ទាល់ខ្លួន ដោយមិនខ្វល់អ្វីទាំងអស់។ ក្នុងនោះលោកក៏ប្រកាសនឹងយកកូនភ្លាមៗក្រោយពេលរៀបការ ដោយមិនដំអក់យូរខែយូរឆ្នាំនោះដែរ ដោយលោកក៏នឹងបង្ហាញភរិយា និងក្រុមគ្រួសារដោយគ្មានលាក់លៀម បើទោះជាមានអ្នកណាគិតថាការបង្ហាញភរិយា និងគ្រួសារទូលំទូលាយពេកនឹងធ្វើអោយប៉ះពាល់ដល់ប្រជាប្រិយភាព។

លោកសៅ ឧត្តម បន្តថា តារាភាគច្រើនតែបង្ហាញជីវិតគ្រួសារបើកចំហរគឺតែងបាត់បង់ប្រជាប្រិយភាពមួយកម្រិត ប៉ុន្តែសម្រាប់រូបលោកគឺមានជំហរច្បាស់ បើទោះជាលោកស្រលាញ់សិល្បៈ ក៏ត្រូវការការប្រកួតប្រជែងអោយខ្លាំងក្នុងការដណ្ដើមប្រជាប្រិយភាព។

ការប្រកាសជំហររបស់លោកធ្វើអោយអ្នកគាំទ្រភាគច្រើនពេញចិត្ត ជាពិសេសគឺជំហរមិនលាក់បាំងទំនាក់ទំនងជាមួយភរិយា មុន និងក្រោយរៀបការ និងជំហរបន្តច្រៀងដោយមិនបន្ថយកម្លាំង ដែលមានន័យថា អ្នកគាំទ្ររបស់លោកនឹងនៅតែបានស្ដាប់បទថ្មីៗរបស់លោក ប៉ុន្តែក៏មានអ្នកបារម្ភនៅពេលដែលលោកប្រកាន់ជំហរមិនសូវខ្នះខ្នែងរឿងជ្រកនៅក្នុងផលិតកម្មណាមួយ ដែលអាចអោយលោកពិបាកប្រកួតប្រជែងទីផ្សារចម្រៀងនោះផងដែរ។ ជាក់ស្ដែងលោកធ្លាប់ត្រូវបានហង្សមាសទាក់ទងអោយចូលច្រៀងម្ដងហើយ ប៉ុន្តែលោកបដិសេធព្រោះតែការអន់ចិត្ត ទើបធ្វើអោយទីផ្សារឈានឡើងរបស់លោកនៅមានកម្រិត ខណៈដែលម៉ៅ ហាជី ដែលធ្លាក់ដូចលោកដែរ កំពុងនាំមុខ។ យ៉ាងណាមិញ លោកថាខ្លូនមិនសូវបារម្ភពីរឿងនេះទេ ដោយលោកប្រកាសថាខ្លួននឹងខំប្រឹងប្រែង ប៉ុន្តែបើអោយខំលើសកម្រិតក៏មិនប្រឹងពេកដែរ។

ដោយឡែកនៅក្នុងពិធីមង្គលការរបស់លោក ជាមួយកូនស្រីអ្នកនៅចម្ការដូង កញ្ញា ចាន់ កែវវង ក្រៅពីភ្ញៀវកិត្តិយសជាអ្នកមានមុខមាត់ ក៏មានតារាយ៉ាងច្រើនកុះករចូលរួមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here