បេក្ខជន Mister Asian Cambodia មើលឃើញពន្លឺក្នុងការប្រកួតប្រជែង

0

ការប្រកួត Mister And Miss Asian 2019 នៅក្នុងប្រទេសថៃបានចាប់ផ្ដើមឡើងយ៉ាងក្ដៅគគុកតាំងពីថ្ងៃទី១៨ កុម្ភៈ ដោយគ្រោងបញ្ចប់នៅថ្ងៃទី២៤ កុម្ភៈនេះ។

ប៉ុន្តែសម្រាប់បេក្ខភាពតំណាងអោយប្រទេសកម្ពុជាបានទទួលការចាប់អារម្មណ៍រួចស្រេចទុកមុនបាត់ហើយ ដោយសារតែលោកឡើងសម្ដែង ល្បុក្កតោ និងគ្រងឈុតព្រះរាជាក្នុងសម័យអង្គរលើឆាកអន្តរជាតិ ហើយធ្វើអោយលោកជាប់ក្នុងតំណែង Top 3 ខាងផ្នែកទេពកោសល្យខ្ពស់ ឬ Best Talent ។

ក្នុងចំណោមបេក្ខជនដែលបានចេញទៅប្រកួតនៅក្នុងព្រឹត្តិការណ៍បុរសឯកទាំងអស់ គេចាត់ទុកថា បេក្ខភាព ឡៅ បញ្ញា មានកាយសម្បទា និងភាពរឹងមាំទាក់ទាញជាងបេក្ខជនមុនៗ ខណៈដែលលោកគឺក្រៅពីស្អាតសង្ហារ ក៏ជាអ្នកសម្ដែងល្បុក្កតោ និងការសម្ដែងពីអាណាចក្រខ្មែរនៅសៀមរាបដ៏ទាក់ទាញ។ អ៊ីចឹងហើយទើបលោកស័ក្ដសមនឹងការគ្រងឈុតតំណាងជាតិ ក្នុងសម័យអង្គរ ខណៈដែលឈុតដែលលោកបានគ្រងក៏ត្រូវបានគេអះអាងថាកែច្នៃអោយត្រូវទម្រង់អស់ប្រាក់មិនតិចពាន់ដុល្លារ។ ថ្វីដ្បិតថា មិនទាន់បានជាប់ពានអ្វីនៅឡើយ ប៉ុន្តែលោកបានជាប់ Best Talent ក្នុងចំណោម៣នាក់ ដែលធ្វើអោយលោកកាន់តែទាក់ទាញក្នុងក្រសែភ្នែកអន្តរជាតិដែលរួមរួមក្នុងព្រឹត្តិការណ៍ជាមួយគ្នា។

លោកត្រូវបានគេសរសើរខុសពីបេក្ខភាពតំណាងកម្ពុជាក្នុងការប្រលងបុរសឯកមុនៗ ជាពិសេសនៅពេលលោកគ្រងឈុតតំណាងជាតិ ហើយមានដំណើរ និងកាយសម្បទាពេញតួជាក្ស័ត្រ។

យោងតាមការទម្លាយ លោក ឡៅ បញ្ញា ត្រូវបានបញ្ជូនអោយចេញប្រកួតតំណាងកម្ពុជាដោយក្រុមហ៊ុនមួយ ប៉ុន្តែម្ចាស់គ្លីនិកធ្មេញវិលៀម គឺលោក តូនី ជាអ្នកផ្ដល់ការចំណាយ ទើបមួយឈុតតំណាងជាតិដែលលោកស្លៀកយកទៅបង្អួត ត្រូវគេកត់សម្គាល់ថាឥតខ្ចោះត្រូវតាមទម្រង់វប្បធម៌ និងសម័យកាល។ ម្ចាស់គ្លីនិកវីលៀម បានអះអាងថា ហេតុផលដែលលោកចូលរួមជ្រោមជ្រែងការប្រកួតមួយនេះនៅក្រៅប្រទេស គឺគ្រាន់តែចង់អោយបេក្ខជន ឡៅ បញ្ញា ដែលជ្រើសបានដោយក្រុមហ៊ុនមួយ មានឱកាសបានបង្ហាញសមត្ថភាព និងទេពកោសល្យផ្នែកល្បុក្កតោលើឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតបុរសឯក Mister Asian 2019 នេះតែប៉ុណ្ណោះ ជាពិសេសគឺលោកមិនចង់អោយកម្ពុជាបាត់មុខក្រោយទទួលបានការអញ្ជើញពីគណកម្មការប្រកួតនៅក្នុងព្រឹត្តិការណ៍នោះ ទើបប្រឹងខ្នះខ្នែងឧបត្ថម្ភ។ ក្នុងនោះលោកក៏រំពឹងថាបេក្ខជនរូបនេះ នឹងជាប់តំណែងអ្វីមួយត្រលប់មកកម្ពុជាវិញផងដែរ ដើម្បីកុំអោយគេថាខ្មែរអន់នៅគ្រប់ការប្រកួតខ្លាំងពេក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here