គ្រាន់តែតវ៉ារឿងដី! សន សុវណ្ណារ៉ា ប៊ិះជាប់គុក ក្នុងបណ្ដឹងជាមួយឧកញ៉ា…

0

ក្រៅពីបានដឹងថាពិធីករ និងជាអតីតប្រុសស្អាតលេខ២នៅហ្វីលីពីនផ្នែកធម្មជាតិកាលពីឆ្នាំ២០១៣ លោក សន សុវណ្ណារ៉ា បានក្លាយជាម្ចាស់ក្រុមហ៊ុនពិធីការធំមួយ គឺ RA Group គេមិនដែលដឹងថានៅពីក្រោយឱកាសរកបានចំណូលរាប់សែនពីក្រុមហ៊ុនដែលលោកបានបង្កើតនេះ តើលោកធ្លាប់មានរឿងអ្វីនោះទេ។

តែអ្វីដែលលោកធ្លាប់ជួប គឺលោកប៊ិះនឹងត្រូវជាប់គុកដោយសារតែបណ្ដឹងរបស់លោកឧកញ៉ាដែលមានឥទ្ធិពលម្នាក់ ដែលបានប្លន់ដីរបស់លោកស្រស់ៗប្រមាណ៣០ម៉ែត្រជាប់ថ្នល់ជម្រៅរាប់រយទៅក្នុង ហើយប្រើអំណាចប្ដឹងលោកនៅពេលតវ៉ា។

លោក សន សុវណ្ណារ៉ា បានថ្លែងបញ្ជាក់ថា ប៉ុន្មានខែលោកចាកចេញទៅប្រលងបុរសឯកតំណាងកម្ពុជានៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៣ លោកមានចម្រូងចម្រាស់ធំមួយជាមួយនឹងលោកឧកញ៉ាល្បីឈ្មោះម្នាក់ ដែលជាម្ចាស់ធំនៅកម្ពុជា និងជាឧកញ៉ាដែលធ្លាប់មានបណ្ដឹងយ៉ាងកក្រើកជាមួយសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU) នាពេលកន្លងមក។

ជម្លោះឈានដល់ការចូលក្នុងរង្វង់ក្រចកសេះនៅក្នុងពេលនោះ គឺដោយសារតែលោកឧកញ៉ា បានប្រើឥទ្ធិពលព័ទ្ធយកដីជាប់គ្នារបស់លោកចំនួន៣០ម៉ែត្រជាប់ថ្នល់នៅតាមបណ្ដោយផ្លូវជាតិលេខ៤ នៅម្ដុំពេជ្រនិល ហើយមិនព្រមប្រគល់អោយវិញ លុះដល់ពេលលោកដាក់បណ្ដឹងសើរើ ក៏ត្រូវក្រុមលោកឧកញ៉ា ដាក់បណ្ដឹងតបត និងបានចោទថាលោកបំពានលើដីរបស់ខ្លួនវិញ និងបានអុកឡុកបង្ខូចឈ្មោះលោកឧកញ៉ាជាដើម។ លោក សន សុវណ្ណារ៉ា បញ្ជាក់ថាស្ថានភាពជម្លោះបានឈានដល់រង្វង់ក្រចកសេះ ហើយប្រសិនបើក្នុងពេលនោះ មិនមានការអន្តរាគមន៍ពីសាច់ញាតិ ដែលមានមុខនាទីធំដុំ ជួយជ្រោមជ្រែងទេ គឺលោកពិតជាជាប់គុក ដោយសារតែអំណាចនៃបណ្ដឹងរបស់លោកឧកញ៉ាម្នាក់នោះជាក់ជាមិនខាន។

លោក សន សុវណ្ណារ៉ា និយាយថានៅក្នុងបណ្ដឹងគេមានភស្ដុតាងគ្រប់គ្រាន់ ទាំងឯកសារគ្រប់គ្រងដីថាដីដែលបានបាត់នោះគឺជាដីរបស់គេ ហើយមេធាវីរបស់គេ ក៏សុទ្ធតែជាអ្នកខ្លាំង និងមានកេរ្តិ៍ឈ្មោះផងដែរ ទើបលោកមិនដែលគិតថានឹងមានសំណាងបានចេញពីគុកទេ ក្នុងពេលដែលលោកគ្រាន់តែសើរើយកដីដែលបាត់មកវិញ ហើយស្រាប់តែត្រូវក្រុមលោកឧកញ៉ា ប្ដឹងបកជាច្រើនករណី ដែលលោកគ្រាន់តែឃើញការចោទប្រកាន់ក៏សឹងមិនហ៊ានទៅបង្ហាញមុខនៅក្នុងតុលាការដើម្បីតតាំងនាពេលនោះ។

លោកថាស្ថានភាពកាន់តែតានតឹងខ្លាំង ហើយបើគ្មានការអន្តរាគមន៍ពីអ្នកធំដូចគ្នាដែលលោកបានស្គាល់នោះទេ គឺលោកពិតជាត្រូវជាប់គុក និងមិនដឹងត្រូវសងជំងឺចិត្តចំពោះលោកឧកញ៉ារូបនោះប៉ុន្មានឡើយ។ លោកថាសាលក្រមចុងក្រោយ បានសម្រេចដោយយុត្តិធម៌ អោយលោកឧកញ៉ា ដែលល្បីខាងប្ដឹងផ្ដល់ និងសំបូរជម្លោះក្នុងមុខជំនួញម្នាក់នោះ ប្រគល់ដី៣០ម៉ែត្រ ដែលព័ទ្ធរបងយកមកអោយលោកវិញ ហើយក្រោយចាញ់បណ្ដឹងលោកឧកញ៉ាម្នាក់នោះ បែរជាមិនបានដឹងថាកូនចៅរបស់លោកប្ដឹងផ្ដល់រឿងដី៣០ម៉ែត្រនោះទេ ដោយបែរជានិយាយថា«ត្រឹមដីប៉ុណ្ណឹងពួកអស់ហ្នឹង(កូនចៅ)ចាំបាច់ប្ដឹងផ្ដល់ធ្វើអី ឥឡូវខ្ញុំប្រគល់អោយវិញ ហើយយកថែម២០ម៉ែត្រទៀតទៅ ខ្ញុំកាត់អោយ ទុកមុខរាប់គ្នា!» ទាំំងក្នុងពេលតវ៉ា លោក និងគ្រួសារបានព្យាយាមទាក់ទងលោកឧកញ៉ាដោយផ្ទាល់ច្រើនលើក ដើម្បីសើរើ ប៉ុន្តែលោកឧកញ៉ាបានឆ្លើយតាមទូរស័ព្ទថា គ្មានពេលដោះស្រាយ និងថាបើចង់បានចាំជួបគ្នានៅតុលាការ។

លោកថាខ្លួនមានបទពិសោធន៍ច្រើនណាស់ ដោយសូម្បីតែការត្រឡប់ពីសិក្សានៅក្រៅស្រុក ហើយមកបើកក្រុមហ៊ុនពិធីការ RA Group នាពេលនេះ ក៏មានអ្នកចង់ធ្វើបាបមិនតិចដែរទម្រាំអាចឈរជើងបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here