តារាបីដួង ទទូចអោយបង្វែរទឹកចិត្ត ចំពោះក្មេងៗអនាថានៅទីចាក់សំរាមជើងឯក

0

ក្នុងឱកាសចែកនំចំណី និងថវិកាខ្លះជូនដល់ក្មេងៗរស់នៅអាណាធិបតេយ្យនៅជុំវិញទីលានចាក់សំរាមជើងឯក អ្នកស្រី ចាន់ សោភ័ណ្ឌ ហៅរ៉េតរ៉ូស និងកូនៗ២រូប ដែលសុទ្ធតែជាតារាសម្ដែងបានអះអាងថា អ្នកស្រីចង់ឃើញបណ្ដាសប្បុរសជនយកចិត្តទុកចំពោះក្មេងៗអនាថារស់នៅតំបន់គំនរសំរាមច្រើនជាង ដោយអ្នកស្រីបញ្ជាក់ថាក្មេងទាំំងនោះ មិនត្រឹមតែត្រូវបានសង្គមរើសអើង និងមិនអោយតម្លៃនោះទេ ប៉ុន្តែក៏ត្រូវបានមជ្ឈដ្ឋានមិនច្រើនផ្ដោតការចាប់អារម្មណ៍នោះផង។

អ្នកស្រី ចាន់ សោភ័ណ្ឌ និយាយថា អោយតែសប្បុរសជនចង់ធ្វើសប្បុរសធម៌ អ្នកស្រីយល់ថាមិនច្រើននោះទេដែលដៅទៅដល់ក្រុមក្មេងអនាថាដែលរស់នៅក្នុងបរិវណេគំនរសំរាមនៅជើងឯក ដោយគេចាប់អារម្មណ៍តែក្មេងៗនៅក្នុងមណ្ឌលកុមារកំព្រា និងនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាជាដើម។

ប៉ុន្តែការពិតអ្នកស្រីថាក្មេងៗអនាថាស្ថិតនៅក្នុងបរិយាកាសដែលគួរតែអាណិតជាងគេ ដោយសារតែក្មេងទាំងនោះមិនត្រឹមតែខ្វះខាត និងកម្សត់គួរអោយអាណិតប៉ុណ្ណោះទេ ប៉ុន្តែគេត្រូវគេចាត់ទុកថាជាក្រុមក្មេងដែលមានសភាពស្មោគរោគ និងអាចមានជំងឺប្រចាំកាយ ព្រោះតែការរស់នៅរបស់ពួកគេមិនខុសពីមនុស្សដាច់សង្វែគ។ អ្នកស្រីថា ក្មេងៗអនាថាទាំំងនោះ គ្រាន់តែឃើញមានសប្បុរសជនចុះចែកនំចំណី និងលុយកាក់បន្តិចបន្តួច គឺអរខ្លាំងណាស់ ដោយអ្នកស្រីកាន់តែរំភើបនៅពេលក្មេងៗទាំងនោះ គ្រាន់តែឃើញអ្នកស្រី និងកូនៗចុះទៅដល់ក៏ត្រេកត្រអាលដូចឃើញទេវតា ដែលធ្វើអោយអ្នកស្រីដែលជាម្ចាស់អំណោយក៏រំភើបចង់ហោះ នៅពេលដែលឃើញអ្នកទទួលសប្បាយចិត្តក្នុងដល់ម្លឹង។ អ្នកស្រីថា គ្មានសកម្មភាពធ្វើបុណ្យណា ដែលសប្បាយជាជាងឃើញអ្នកដែលយើងបានធ្វើអំពើល្អទៅលើត្រេកអរ ហើយត្រេកត្រអាល។

កញ្ញា ចេន្នី និងប្អូនប្រុសរីគី កូនប្រុសស្រីរបស់អ្នកស្រី ដែលសុទ្ធតែជាតារាសម្ដែងវ័យក្មេង បានថ្លែងដូចគ្នាថា ក្មេងៗរស់នៅម្ដុំគំនរសំរាមជើងឯក ការពិតកម្សត់ជាងក្មេងៗរស់នៅមណ្ឌលកុមារកំព្រាឆ្ងាយណាស់ ប៉ុន្តែអាចមកពីមជ្ឈដ្ឋានមួយចំនួនយល់ថាក្មេងៗមួយក្រុមនេះ ពិបាកក្នុងការប្រមូលផ្ដុំដើម្បីចុះចែកអំណោយ ឬអាចមកពីការរើសអើង ទើបមានក្រុមសប្បុរសជនមិនច្រើនយកចិត្តទុកដាក់ បើធៀបនឹងសកម្មភាពយកចិត្តទុកដាក់ទៅលើក្មេងកុមារកំព្រានៅក្នុងមណ្ឌល។

ក្មេងៗទាំំងនោះកាន់តែគួរអោយយកចិត្តទុកដាក់បន្ថែមទៀត ដោយសារតែរស់ក្នុងបរិយាកាសគ្មានគោលដៅជីវិត ហើយមិនរៀនសូត្រដិតដល់ដូចក្មេងទូទៅ។ ក្នុងនោះប្អូនប្រុសរីគី ក៏ទទូចអោយចាប់អារម្មណ៍លើក្មេងៗអនាថាអោយបានកាន់តែច្រើនផងដែរ ដើម្បីអោយក្មេងទាំងនោះ កាន់តែមានក្ដីសង្ឃឹម។

គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី១៤ កុម្ភៈនោះ អ្នកស្រី ចាន់ សោភ័ណ្ឌ និងកូនៗបានដឹកនាំក្រុមការងារចែកនំចំណី និងអំណោយមួយចំនួន ដោយក្រៅពីបានធ្វើអោយក្មេងៗអនាថាសប្បាយចិត្ត ក្មេងៗទាំងនោះ ក៏ត្រូវបានក្រុមតារាសិល្បៈរបស់អ្នកស្រីធ្វើសកម្មភាពស្និទ្ធស្នាលដើម្បីចែករំលែកក្ដីស្រឡាញ់ ដោយមិនរើសអើងឡើយ ទើបធ្វើអោយម្នាក់ៗសរសើរចំពោះសកម្មភាពនេះចំពោះក្មេងអនាថាទាំងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here