នាពេលកន្លងមកគេឃើញតែតារាសម្ដែងកញ្ញា ផាន់ ផាត់ណា ដែលមានទ្រេមុខស្រដៀងនឹង ឌុច លីដា មានឱកាសសម្ដែងតែជាមួយផលិតករក្នុងស្រុក និងបានត្រឹមតួរងនៅប៉ុស្តិ៍លេខ៥ ប៉ុណ្ណោះ ប៉ុន្តែក្នុងពិធីក្រុងពាលីរឿង«រ៉ៃប្ដូរទ្រនំ»របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ កាលពីព្រឹកថ្ងៃទី១៤ កុម្ភៈ នាងស្រាប់តែបានតំណែងតួឯកយ៉ាងកាលីប ខណៈដែលភាពយន្តនេះស្ថិតក្នុងការផលិតរបស់ផលិតករថៃ ដែលកាលពីមុនគឺមានតែតារាសម្ដែង កញ្ញា នី មុន្នីនាថ កញ្ញា ព្រះកាយច័ន្ទ និង កញ្ញា ដួង ម៉ានិច្ច ជាដើមបានគ្រងតួឯក។
វត្តមានរបស់នាងសម្ដែងជាតួឯកក្នុងរឿងថ្មី បានធ្វើអោយគេចាប់ចាប់អារម្មណ៍ឃើញថានាងកាន់តែមានទីផ្សារឈានឡើង ស្របគ្នាដែលភាពយន្តនេះតម្រូវអោយនាងសម្ដែងជាតួអ្នករបាំបុរាណ ហើយថតដោយផ្ទាល់ជាមួយផលិតករថៃផង គឺពិតជាធ្វើអោយនាងនឹងត្រូវគេមើលឃើញពីតួនាទីដើម្បីជំនួសអោយតារាស្រីមុនជំនាន់នាងមួយចំនួននៅប៉ុស្ដិ៍លេខ៥។
លោក ហួង តារាមុន្នី ប្រធានផលិតកម្មវិធីប្រចាំនៅប៉ុស្ដិ៍លេខ៥ បានអះអាងថា លោកនឹងផ្ដល់ឱកាសអោយតារាផ្សេងៗដែលមិនទាន់បានសម្ដែងនៅប៉ុស្ដិ៍លេខ៥ជាមួយនឹងក្រុមផលិតករថៃ អោយបានសម្ដែងជំនួសអោយតារាដែលបានសម្ដែងច្រើនមកហើយមួយចំនួន ដើម្បីអោយអ្នកទស្សនាបានប្លែកភ្នែកខ្លះ និងបានឃើញកាន់តែច្រើនពីសមត្ថភាពរបស់តារាផ្សងទៀត។ លោកថា កញ្ញា ផាន់ ផាត់ណា ត្រូវបានផលិតករថៃពេញចិត្តបន្ទាប់ពីកត់សម្គាល់ថានាងសម្ដែងក្នុងភាពយន្តផ្សេងបានល្អ ស្របគ្នាដែលប៉ុស្ដិ៍លេខ៥ ក៏ត្រូវការផ្លាស់ប្ដូរតួឯកកុំអោយច្រំដែល ដែលលោកយល់ថានឹងនាំអោយមហាជនស៊ាំភ្នែកផង។ អ្វីដែលលោកកាន់តែមានទំនុកចិត្តទៅទៀតគឺនាងនឹងអាចសម្ដែងជាតួជាអ្នករបាំក្នុងរឿងនេះបាន ដោយសារតែពេលផលិតករហៅនាងមកធ្វើតេស្ដគឺនាងបង្ហាញសមត្ថភាពបានល្អ មិនចាញ់តារារៀមច្បងដែលធ្លាប់បានសម្ដែងនៅប៉ុស្ដិ៍លេខ៥កន្លងមក។
លោកថាភាពយន្តនេះនឹងចាប់ផ្ដើមផលិតពីថ្ងៃប្រកាសក្រុងពាលីតទៅ ដោយគម្រោងថតអោយចប់នៅ៤ខែក្រោយ តែអាចបញ្ចប់មុន ប្រសិនបើការសម្រុកចេញថតមិនមានការរាំងស្ទះ។ ក្នុងនោះសម្រាប់ខ្ទង់ចំណាយ ក៏មិនខ្វល់នោះដែរ សំខាន់អោយភាពយន្តនេះទទួលបានគុណភាព។
កញ្ញា ផាន់ ផាត់ណា បានថ្លែងបញ្ជាក់ថា កញ្ញាសប្បាយចិត្តយ៉ាងខ្លាំង ដែលប៉ុស្ដិ៍លេខ៥ផ្ដល់ឱកាសអោយនាងបានសម្ដែងជានារីក្នុងរឿង«រ៉ៃប្ដូរទ្រនំ»ដែលតម្រូវអោយនាងសម្ដែងជាតួអង្គចេះរាំរបាំបុរាណ ជានារីទន់ភ្លន់តែរឹងមាំ ហើយត្រូវលះបង់ខ្ពស់ដើម្បីឪពុក និងប្អូនស្រី។ យ៉ាងណាមិញ នាងថានៅក្នុងរឿងនេះ នាងត្រូវសម្ដែងជាតួនារីភ្លើតភ្លើន ដែលនាំអោយនាងកើតមានវិប្បដិសារីអស់មួយជីវិតផងដែរ។ នាងត្រូវសម្ដែងជាតួឯកស្រីជាមួយតារាសម្ដែងលោក សេង មង្គល ក្នុងរឿងនេះរូបនាងក៏ត្រូវសម្ដែងកាច់កុង ជាមួយតួប្រុសផងដែរ ដែលនាងបង្ហើបថាសម្រាប់ឈុតឆាកកាច់កុង និងស្នេហាស្អិតរមួតអីនោះ បើទោះជាតម្រូវអោយសម្ដែងបែបណាក៏មិនពិបាកដូចសម្ដែងជាអ្នករបាំដែលនាងបារម្ភពីការឆ្គាំឆ្គងប្រសិនបើខុសបែបបទនោះផងដែរ។