ទីបំផុត ទេព រិន្ទដារ៉ូ សម្រេចចិត្តចូលខ្លួនបង្ហាត់ក្មេងៗ

0

យោងតាមការបញ្ជាក់របស់អ្នកស្រី សរ កេសរ៉ា ម្ចាស់ផលិតកម្មកេសរ៉ាភាពយន្ត និងជាអគ្គនាយិកាក្រុមកេសរ៉ាតារាសួគ៍កម្ពុជា បានអះអាងថា លោកទេព រិន្ទដារ៉ូ នឹងចូលខ្លួនមកបង្ហាត់ជំនាញសម្ដែងដល់ក្មេងៗជំនាន់ក្រោយប្រចាំនៅក្នុងក្រុមបណ្ដុះបណ្ដាលរបស់អ្នកស្រី ដែលនេះគឺជាជំហរមិនធ្លាប់មានរបស់វិរៈសិល្បកររូបនេះ បន្ទាប់ពីលោកត្រូវគេដឹងថារវល់ស្ទើរដល់ថ្នាក់ដកឃ្លាមិនរួច។

លោកនឹងបំពេញការងារជាគ្រូបណ្ដុះបណ្ដាលសិល្បៈយ៉ាងកម្រ ដែលនឹងចែករំលែកជំនាញសម្ដែងដោយមិនគិតកម្រៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

អ្នកស្រី សរ កេសរ៉ា បានថ្លែងបញ្ជាក់ថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្រុមសិល្បៈរបស់អ្នកស្រីដែលមានឈ្មោះថា កេសរ៉ាតារាសួគ៍កម្ពុជា នឹងទទួលបណ្ដុះបណ្ដាលជំនាញសម្ដែងដោយឥតគិតថ្លៃជូនដល់បណ្ដាអ្នកសិល្បៈទាំងអស់ដែលត្រូវការជំនាញច្បាស់លាស់ខាងផ្នែកសម្ដែង ដោយគ្រូបង្វឹកដែលនឹងទទួលបង្ហាត់លើផ្នែកសម្ដែងនោះ មានម្នាក់គឺលោកទេព រិន្ទដារ៉ូ។ ការសម្រេចបង្កើតគម្រោងនេះ គឺដោយសារតែអ្នកស្រីមានបំណងកៀគរតារាសិល្បៈជើងចាស់ដែលមានទឹកចិត្តបរិច្ចាគជួយដល់អ្នកសិល្បៈជំនាន់ក្រោយ ដើម្បីអោយសិល្បករទាំងនោះរួមចំណែកបណ្ដុះជំនាញសម្ដែងដល់ក្មេងជំនាន់ ដើម្បីចែករំលែកដល់អ្នកសិល្បៈដែលខ្វះខាតទេពកោសល្យ។

អ្នកស្រីប្រមូលបានអ្នកសិល្បៈដែលមានសមត្ថភាពជាច្រើនអោយស្ម័គ្រចិត្តជួយក្នុងការបង្ហាត់សិស្សដោយឥតគិតថ្លៃនេះ ខណៈដែលអ្នកស្រីក៏មិនតម្រូវអោយអ្នកសិល្បៈដែលចង់ក្លាយខ្លួនជាសិស្សក្នុងវគ្គបណ្ដុះបណ្ដាលនេះមិនមានលក្ខណ្ឌអ្វីទាំងអស់ ពោលគឺអោយតែមានឆន្ទៈ និងមកទទួលការហ្វឹកហាត់ទៀងទាត់ គឺគ្រប់គ្រាន់។

ក្នុងនោះតារាសិល្បៈដែលបានទទួលការបណ្ដុះបណ្ដាលពីក្រុមកេសរ៉ាតារាសួគ៍កម្ពុជា ក៏នឹងទទួលបានឱកាសបានសម្ដែងជាមួយផលិតករក្នុងស្រុក និងក្រៅស្រុកក្នុង និងក្រោយពេលទទួលការបណ្ដាលបណ្ដាលផងដែរ។

អ្នកស្រីថា លោកទេព រិន្ទដារ៉ូ គឺជាវិរៈសិល្បករដែលគួរអោយគោរព ដោយសារតែលោកគ្រាន់តែត្រូវបានអ្នកស្រីស្នើលោកក៏យល់ព្រមតែម្ដង ដែលអ្នកស្រីបានចាត់ទុកថាតារាល្បីល្បាញរូបនេះ ពិតជាមានទឹកចិត្តចំពោះអ្នកសិល្បករជំនាន់ក្រោយ បើទោះជាក្នុងពេលនេះស្ថិតក្នុងការសន្យា ដែលមិនទាន់បានបង្ហាញតាមរយៈការបណ្ដុះបណ្ដាលក្មេងៗនៅឡើយ។ អ្នកស្រីថា លោកនឹងទទួលបង្ហាត់ក្មេងៗរៀងរាល់ថ្ងៃអាទិត្យនៅក្នុងក្រុមហ៊ុនកេសរ៉ាភាពយន្តស្ថិតនៅបុរីវិមានភ្នំពេញផ្លូវជាសុផារ៉ា ចាប់ពីម៉ោង២ដល់ម៉ោង៦ល្ងាច ដោយក្រៅពីលោកក៏មានអ្នកសិល្បករជាច្រើនផ្សេងទៀតដូចជាអ្នកនាង គីង សុរិយា កញ្ញា កែ ចាន់កេសី កញ្ញា ញឹម ចាន់ថន និងតារាផ្សេងទៀត ក៏នឹងមកបង្ហាញសមត្ថភាពដើម្បីបណ្ដុះបណ្ដាលក្មេងៗផងដែរ។ ជាជំហានដំបូង អ្នកស្រីនឹងតម្រូវអោយបណ្ដុះក្មេងៗទាំងអស់នៅក្នុងផលិតកម្ម ប៉ុន្តែនៅពេលចំនួនសិស្សចុះឈ្មោះចូលរៀនកើនឡើង នោះអ្នកស្រីនឹងបន្ថែមថ្ងៃបណ្ដុះបណ្ដាល ហើយនឹងបំបែកមួយក្រុមបង្ហាត់នៅក្នុងផលិតកម្មរបស់អ្នកស្រី និងមួយក្រុមនឹងបង្ហាត់នៅក្នុងក្រុមហ៊ុនរបស់ផលិតកម្មC2Go របស់លោកអេថិន ដែលជាដៃគូសហការ។

អ្នកស្រីថាខ្លួននឹងបណ្ដុះធនធានតារាជំនាន់ក្រោយដែលមានសមត្ថភាព ដើម្បីបង្ហាញដល់ក្រុមផលិតករក្នុងស្រុក និងក្រៅស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here