ក្រុមសប្បុរសធម៌មួយ ធ្វើរឿងគួរអោយសរសើរ យ៉ាងកម្រ

0

កាលពីថ្ងៃទី១០ កុម្ភៈ ក្រុមអភិរក្សអក្សរសាស្រ្តខ្មែរ និងក្រុមអង្គការខ្ញុំខ្មែរ បានរួមគ្នាធ្វើកម្មវិធីមួយគួរអោយសរសើរដោយអោយក្មេងៗដែលជាសមាជិកក្នុងក្រុមទាំង២ខាងលើមកធ្វើពិធីសុំទោសឪពុកម្ដាយ និងថ្វាយបង្គំអ្នកមានគុណ ដោយក្នុងពិធីនោះគេឃើញអ្នកមានគុណច្រើនគ្រួសារមកចូលរួម ខណៈដែលក្មេងៗ និងឪពុកម្ដាយដែលបានចូលរួមសុទ្ធតែបានបង្ហូរទឹកភ្នែក នៅពេលព្រះសង្ឃមានសង្ឃដីកាពីគុណរបស់ឪពុកម្ដាយ និងពីភាពមើលរំលងរបស់កូនៗអ្នកមានគុណ។

លោក ខេមរៈ ប៊ុណ្ណា ប្រធានក្រុមអភិរក្សអក្សរសាស្រ្តខ្មែររស់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ថាដោយសារតែលោកបានបង្កើតក្រុមអភិរក្សអក្សរសាស្រ្ត ហើយប្រមូលបានយុវវ័យជាក្មេងៗជាច្រើនអោយទទួលចំណេះដឹងផ្នែកអក្សរសាស្ត្រ និងធ្វើសកម្មភាពសប្បុរសធម៌ដូចជារ៉ៃអង្គាសថវិកា និងប្រមូលថវិកាយកទៅជួយដល់ស្រ្តីសម្រាលកូនខ្វះខាត បានកាន់តែចំនួនច្រើននាក់ ទើបលោកសម្រេចចិត្តធ្វើកម្មវិធីជួបជុំធំមួយកាលពីថ្ងៃអាទិត្យទី១០ កុម្ភៈ ដោយបានអញ្ជើញឪពុកម្ដាយរបស់កូនសិស្ស និងសមាជិកមកជួបជុំគ្នា ហើយធ្វើពិធីអោយក្មេងៗសំពះសុំទោស និងលើកជើងអ្នកមានគុណដាក់ទូលលើក្បាល ដើម្បីបង្រៀនអោយក្មេងៗដឹងថាការសំពះឪពុកម្ដាយ និងហ៊ានលើកជើងរបស់អ្នកមានគុណដាក់ទូលលើក្បាល គឺជារឿងដែលប្រសើរជាងថ្វាយបង្គំព្រះពុទ្ធទៅទៀត ដោយសារតែអ្នកមានគុណគឺមានតម្លៃជាងព្រះនៅក្នុងវិហារទៅទៀត។

លោកថាចាលើកទី១ដែលក្រុមសប្បុរសធម៌របស់លោកសម្រេចចិត្តរៀបចំពិធីនេះឡើង ដោយគោលបំណងសំខាន់គឺក្រៅពីអោយយុវវ័យជាកូនសិស្សយល់ដឹងពីការងារសង្គមហើយ ក៏ត្រូវតែចេះកត្តញូចំពោះឪពុកម្ដាយ ដោយត្រូវពលីចំពោះអ្នកមានគុណក្រោយពេលខ្លួនកាន់តែចំរើនវ័យនោះផងដែរ។

លោកថាក្មេងៗភាគច្រើនមិនហ៊ានទាំងលើកដៃសំពះឪពុកម្ដាយផង តែហ៊ានថ្វាយបង្គំព្រះ និងចេះអោនលំទោនចំពោះអ្នកដទៃ ទើបលោកសម្រេចចិត្តរៀបចំពិធីនេះឡើង ដោយបានសហការជាមួយព្រះសង្ឃ ដើម្បីអោយព្រះសង្ឃមកជួយផ្ដល់ឱវាទ និងបាសហការជាមួយអង្គការខ្ញុំខ្មែរ បន្ទាប់ពីបានចូលរួមជាមួយអង្គការខ្ញុំខ្មែរក្នុងសកម្មភាពសប្បុរសធម៌ជាច្រើន។

លោក អេថិន ជានិច្ច ប្រធានអង្គការខ្ញុំខ្មែរ បានថ្លែងបញ្ជាក់ថាហេតុផលដែលលោកគាំទ្រសម្រាប់សកម្មភាពដឹងគុណមួយនេះ គឺដោយសារតែលោកចង់អោយកូនខ្មែរបានដឹងច្បាស់ថាការដឹងគុណឪពុកម្ដាយគឺជារឿងដែលគ្មានអ្វីនឹងកាត់ថ្លៃបាន ដោយសារតែការគោរព និងដឹងគុណចំពោះឪពុកម្ដាយ នឹងធ្វើអោយយុវវ័យចេះញញើតញញើម មិនធ្វើអោយឪពុកម្ដាយពិបាកចិត្ត និងអាចជួយតម្រង់ទិសអោយក្មេងទាំងនោះក្លាយជាក្មេងល្អមិនដើរគន្លងខុស។

លោកថាកម្មវិធីដែលបានធ្វើឡើងអង្គការរបស់លោកនឹងបន្តជ្រោមជ្រែងអោយមាន ហើយនឹងបង្កើតអោយក្លាយជាទ្រង់ទ្រាយធំនៅថ្ងៃណាមួយ ដើម្បីអោយយុវវ័យយល់ដឹងពីសកម្មភាពសង្គមផង និងស្គាល់ពីតម្លៃរបស់អ្នកមានគុណផង។

គួរបញ្ជាក់ថានៅក្នុងពិធីនោះ គេឃើញសមាជិករបស់ក្រុមអភិរក្សអក្សរសាស្រ្តខ្មែររបស់លោក ខេមរៈ ប៊ុណ្ណា និងសមាជិករបស់អង្គការខ្ញុំខ្មែរចូលរួមយ៉ាងច្រើនកុះករ ដោយក្រៅពីនោះក៏មានបទឧទ្ទេសនាមរបស់ព្រះអង្គមួយអង្គ ដែលធ្វើអោយក្មេងៗ និងឪពុកម្ដាយក្ដុកក្ដូលដល់ថ្នាក់បង្ហូរទឹកភ្នែកនៅពេលយុវវ័យសំពះថ្វាយបង្គំ និងលើកជើងឪពុកម្ដាយមកលើក្បាលនោះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here