ចំណាយអស់មួយសន្ធឹក ឈួន សុវណ្ណឆៃ អត់ដឹងយកMV ចូលឆ្នាំ ទៅណា

0

បន្ទាប់ពីបានដាក់ថ្ងៃចេញថតMV ចូលឆ្នាំយ៉ាងចម្លែកនៅខុសរដូវកាល កាលពីថ្ងៃទី២៦ និង២៧ ឧសភា អ្នកនាង ឈួន សុវណ្ណឆៃ បានអះអាងថា ក្រោយពេលថតចប់គឺអ្នកនាងអត់ដឹងត្រូវធ្វើអ្វីបន្ទាប់ជាមួយនឹងMV នេះទេ ដោយសារតែអ្នកនាងក៏ទទួលស្គាលថាMV មួយនេះ បើថតហើយដាក់បង្ហោះក៏មិនត្រូវនឹងបរិបទចូលឆ្នាំ ហើយបើទុកចំពេលចូលឆ្នាំក៏យូរពេលខ្លាំង ដែលអាចធ្វើអោយបទចម្រៀងទាំងនោះចង់ហួសបន្តិច។ យ៉ាងណាមិញគេកត់សម្គាល់ថាសកម្មភាពថតបទចូលឆ្នាំដែលខុសនឹងបរិបទនេះហើយ ដែលធ្វើអោយចម្រៀងរបស់អ្នកនាងទទួលបានការចាប់អារម្មណ៍ខ្ពស់ ក្នុងពេលចុះថត រួចហើយក៏បង្ហោះជាសាធារណៈ។

អ្នកនាង ឈួន សុវណ្ណឆៃ និយាយថា MV ដែលបានចុះថត នៅក្នុងបរិវេណវត្តប្រាសាទ នៅវិមានឯករាជ្យ និងនៅលើសួនមុខវត្តបុទម អ្នកនាងជាអ្នកបោះទុនក្នុងការផលិតទាំងអស់ ដើម្បីអោយខ្លួនមានបទចម្រៀងថ្មីៗ និងមានសកម្មភាពនៅក្នុងពិភពចម្រៀងឡើងវិញ ក្រោយពេលផលិតកម្មក្រៅស្រុកបន្តបិទទ្វារ។ អ្នកនាងបានចំណាយជ្រើសយកតារាៗចាស់ក្មេងល្បីឈ្មោះជាច្រើនអោយមករួមការងារ ខណៈដែលតារាទាំងនោះ ក៏បានជួយសម្រួលលើតម្លៃក្នុងការទទួលថតផង ទើបធ្វើអោយបទចម្រៀងដែលបានចេញថតជោគជ័យ។ អ្នកនាង ថា MV ទាំង៤បទនេះ ដ្បិតថាខុសរដូវកាលមែន ប៉ុន្តែក៏ចាត់ទុកថាធ្វើអោយបទចម្រៀងដែលអ្នកនាងបានផលិតកាលពីពេលចូលឆ្នាំខ្មែរកន្លងមក ត្រូវបានហើបឡើងផងដែរ។ អ្នកនាងបញ្ជាក់ថា ក្រោយពេលថតបញ្ចប់ អ្នកនាងអត់ទាន់ដឹងថាត្រូវបង្ហោះភ្លាមៗ ឬទុកដល់ពេលចូលឆ្នាំខ្មែរឆ្នាំក្រោយឡើយ។

អ្នកនាង ឈួន សុវណ្ណឆៃ និយាយថាប្រសិនបើMV ទាំង៤នេះ ត្រូវដាក់បង្ហោះក្រោយការថតចប់ នោះអ្នកនាងនឹងធ្វើអោយការផលិតបទចម្រៀង និងថត MV ជាថ្មីអោយបានច្រើនទៀត ប៉ុន្តែបើសម្រេចថាទុកដល់ចូលឆ្នាំឆ្នាំក្រោយ នោះអ្នកនាងនឹងផលិតតែពីរបីបទបន្ថែមទៀត គឺជាការគ្រប់គ្រាន់។ អ្នកនាងបញ្ជាក់ថា គ្រាន់តែសំលៀកបំពាក់ និងទម្រង់ក្នុងការថតMV នេះ ក៏អ្នកនាងចំណាយអស់ច្រើនទៅហើយ ដោយសារតែអ្នកនាងចង់អោយមានការចាប់អារម្មណ៍ក្រោយបង្ហោះMV។ នៅក្នុងសកម្មភាពថតMV នោះ គេឃើញរួមមានវត្តមាន លោក លាង ឧត្តម តារាសម្ដែង, អ្នកនាងគ្រូផល្លារ តារាសម្ដែង, លោក សេម អាជុន តារាចម្រៀង-តារាសម្ដែង, កញ្ញា នី ម៉ាលីណា តារាចម្រៀង-តារាសម្ដែង, លោកសន សុវណ្ណារ៉ា ពិធីករ-តារាសម្ដែង, កញ្ញា ហេង ស្រីពេជ្រ តារាសម្ដែង, កញ្ញាអូនពេជ្រ តារាសម្ដែង, អ្នកនាង ចាន់ តារាគន្ធី តារាចម្រៀង, លោកម៉ារ៉ា ប៊ុណ្ណា តារាចម្រៀង-តារាសម្ដែង, លោកថូមី តារាសម្ដែង, និងតារាសម្ដែងចាស់ក្មេងជាច្រើនរូបទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here