បញ្ញា សិដ្ឋ ប្រកាសប្ដឹងនារីដែលបង្ហោះថាលោកជំពាក់លុយ និងចិញ្ចឹមប្រុស

0

នៅលើអាក់ខោនផ្លូវការរបស់តារាចម្រៀង និងតារាសម្ដែងលោក បញ្ញា សិដ្ឋ ក្នុងប៉ុន្មានថ្ងៃនេះ គេកត់សម្គាល់ថាឡើងកំដៅយ៉ាងខ្លាំង បន្ទាប់ពីមានម្ចាស់អាក់ខោនមួយ ដែលមានឈ្មោះថា កញ្ញា តែនអន បានបង្ហោះសំណេរជាច្រើនបង្ខូចឈ្មោះថាលោកជំពាក់លុយមិនសង ហើយបានយកលុយនោះចិញ្ចឹមប្រុសទើបគ្មានលុយសង ក្នុងពេលដែលលោកប្រកាសថាមិនដែលស្គាល់នារីនោះទាល់តែសោះ។

លោកថាខ្លួនពិតជាមានជំពាក់វាក់វិននឹងបំណុលធនាគារខ្លះ ប៉ុន្តែមិនដែលមានបញ្ហាក្នុងការសងត្រលប់នោះទេ អ៊ីចឹងហើយទើបលោកយល់ថានារីដែលបានបង្ហោះពីលោកដើម្បីអោយមានអ្នក Like និងអ្នក Share ច្រើននេះ គឺលោកនឹងដាក់បណ្ដឹងទាមទារជំងឺចិត្ត និងតម្រូវអោយទទួលខុសត្រូវជាសាធារណៈ។

លោកបញ្ញា សិដ្ឋ និយាយថា សម័យនេះមានមនុស្សតិចណាស់ដែលមិនមានបំណុលធនាគារ ប៉ុន្តែសម្រាប់ការជំពាក់លុយបុគ្គលរាប់ម៉ឺនដល់ថ្នាក់មិនមានលុយសង ហើយត្រូវម្ចាស់បំណុលគេបង្ហោះដូចករណីឈ្មោះម្ចាស់អាក់ខោន កញ្ញា តែងអន គឺមិនមាននោះទេ ទើបលោកប្រកាសថាទទួលយកមិនបាន។ លោកថាជារឿងក្ដៅចិត្តយ៉ាងខ្លាំង ដែលម្ចាស់អាក់ខោននេះ និងលោកមិនដែលស្គាល់គ្នាទាល់តែសោះ ហើយសំខាន់លោកមិនដែលបានជំពាក់លុយបុគ្គលណាម្នាក់ក្រៅពីបំណុលធនាគារមួយចំនួនតូចក្នុងរឿងមុខជំនួញទាល់តែសោះ ស្រាប់តែមានអ្នកមកបង្ហោះបង្ខូចឈ្មោះបែបនេះ។ លោកថាបុគ្គលនេះ លោកបានដាក់បណ្ដឹងទៅកាន់មន្ត្រីមានសមត្ថកិច្ច ហើយកំណត់អត្តសញ្ញាណបានហើយ ទើបលោកសម្រេចចិត្តដាក់បណ្ដឹងទៅក្រសួងមហាផ្ទៃនៅក្រោយថ្ងៃសែនចូលឆ្នាំនេះ ដោយលោកប្រកាសថានឹងយកម្ចាស់អាក់ខោនដែលបង្ហោះពីលោកអោយចេញមុខមកបំភ្លឺពីករណីបង្ហោះរបស់ខ្លួន និងត្រូវតែបង់ជំងឺចិត្តអោយលោកដាច់ខាត ដើម្បីអោយសមនឹងអ្វីដែលម្ចាស់អាក់ខោននេះ បានធ្វើអោយលោកប៉ះពាល់កិត្តិយស។

លោកថាខ្លួនមានការភ្ញាក់ផ្អើល ដែលលោកមិនមានបំណុលជាមួយបុគ្គលឯកជនទាល់តែសោះ ស្រាប់តែមានការបង្ហោះនេះឡើង ដោយលោកប្រកាសថាថវិកាដែលខ្លួនប្ដឹងទារបាន គឺនឹងយកមួយចំណែកទៅប្រើក្នុងកម្មវិធីសប្បុរសធម៌។

លោក បញ្ញា សិដ្ឋ បញ្ជាក់ថា ខ្លួនក្នុងមួយរយៈចុងក្រោយមានយីអ៊ុនដាក់គួរសម ដោយក្រៅពីការងារសិល្បៈមិនសូវរលូន ក៏ត្រូវខ្វល់ខ្វាយរឿងម្ដាយមានជំងឺ ហើយមកឈឺក្បាលនឹងមនុស្សដែលចាំផ្ចាញ់ផ្ចាលលោកមកបង្ហូចឈ្មោះ និងធ្វើអោយខូចកិត្តិយសបែបនេះទៀត។ យ៉ាងណាមិញ លោកថាបុគ្គលដែលធ្វើអោយមហាជនមានការយល់ច្រលំចំពោះលោក គឺច្បាប់កំណត់មុខសញ្ញាបានហើយ ដោយលោកនឹងត្រៀមបង្ហាញមុខក្នុងពេលឆាប់ៗ ដើម្បីកុំអោយបុគ្គលបែបនេះបន្តសម្អុយឈ្មោះតារាខ្មែរទាំងអយុត្តិធម៌បែបនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here