ជួន អម្រិត បញ្ជាក់​មូលហេតុ​ត្រលប់មកច្រៀងប្រចាំ​ហាងរាត្រី

0

ក្នុងពិធីខួបកំណើតកូនស្រីម្ចាស់ហាង Jack Khun Night កាលពីយប់ថ្ងៃទី២ កុម្ភៈ គេឃើញតារាចម្រៀងលោក ជូន អម្រិត ដែលធ្លាប់ប្រកាសមិនច្រៀងតាមហាងអស់មួយរយៈ បានបង្ហាញខ្លួនជាថ្មីជាមួយនឹងការប្រកាសថាខ្លួនសម្រេចចិត្តមកច្រៀងប្រចាំហាងជាថ្មី ព្រោះតែហេតុផលមួយ ដោយមិនមែនចង់បានលុយកាក់នោះទេ។ យ៉ាងណាមិញ លោកថាខ្លួននឹងច្រៀងតែ២យប់ក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ ដើម្បីកុំអោយប៉ះពាល់សុខភាពសំឡេង និងដើម្បីកុំអោយប៉ះពាល់ការងារផលិតបទចម្រៀងផ្ទាល់ខ្លួន និងឡើងឆាកទូរទស្សន៍ជាដើម។
លោក ជួន អម្រិត ដែលត្រូវគេស្គាល់ថាមានឈ្មោះបោះសំឡេងក្នុងពិភពសិល្បៈជាយូរមកហើយ បានថ្លែងប្រាប់ថា លោកសម្រេចចិត្តឈប់ច្រៀងប្រចាំហាងកាលពីមួយរយៈមុន ក៏ដោយសារតែការច្រៀងដល់យប់ជ្រៅពេកធ្វើអោយប៉ះពាល់ដល់សុខភាពសំឡេង ជាពិសេសគឺប៉ះពាល់ដល់បំពង់ករតែម្ដង ដោយសារតែភ្ញៀវភាគច្រើនរមែងអោយជល់កែវស្វាគមន៍ព្រោះតែស្រឡាញ់រាប់អាន។ លោកធ្លាប់ប្រកាសថាមិនច្រៀងប្រចាំហាងព្រោះតែហេតុផលនេះ ប៉ុន្តែចុងក្រោយលោកនៅតែសម្រេចចិត្តទទួលច្រៀងដដែល ដោយសារតែម្ចាស់ហាង Jack Khun Night ស្ថិតនៅលើបណ្ដោយផ្លូវពីរង្វង់មូលផ្សារដើមថ្កូវទៅវិទ្យាល័យបឹងត្របែក នៅជិតសាលាប៊ែលធី ដែលលោករាប់អានដូចតែបងប្រុសស្នើអោយលោកមកច្រៀងដើម្បីជួយទាក់ទាញភ្ញៀវ។ ម្យ៉ាងមកពីលោកយល់ថាហាងនេះស្ថិតនៅកណ្ដាលទីប្រជុំជន និងម្យ៉ាងមកពីថៅកែហាងយល់ព្រមអោយលោកច្រៀងតែថ្ងៃអង្គារ៍ និងថ្ងៃពុធនោះផង។ លោកថាការត្រលប់មកច្រៀងប្រចាំហាងនៅពេលរាលើកនេះ លោកតាំងចិត្តថាមិនហូបច្រើនៗដូចមុននោះទេដើម្បីថែរក្សាសំឡេងកុំអោយប៉ះពាក់ និងដើម្បីកុំអោយមានបញ្ហាសុខភាពព្រោះតែសុរាចូលខ្លួនជោគជាំផង។ ក្នុងនោះលោកក៏យល់ថាការទទួលច្រៀងជាថ្មីនេះ នឹងធ្វើអោយលោកងាយស្រួលក្នុងបង្វឹកសំលេង និងកាន់តែថ្នឹកនឹងបទចម្រៀងកាន់តែច្រើនផង ទើបលោកសម្រេចចិត្តទទួលច្រៀងជាថ្មី។ យ៉ាងណាមិញ លោកថាមិនបានកុងត្រាជាមួយម្ចាស់ហាងផ្ដាច់មុខនោះទេ ដោយមានន័យថាលោកមានសិទ្ធិសុំច្បាប់ និងផ្អាកច្រៀងនៅពេលត្រូវចេញទៅច្រៀងនៅក្រៅប្រទេសពេលណាក៏បាន។
ម្ចាស់ហាង Jack Khun Night លោក ស៊ាង ឃុន បានថ្លែងបញ្ជាក់ថាហេតុផលដែលលោកចង់បានលោក ជួន អម្រិត អោយច្រៀងប្រចាំហាងគឺដោយសារតែលោកយល់ថាតារារូបនេះមានឈ្មោះបោះសំឡេងជាយូរមកហើយនៅក្នុងសង្គមសិល្បៈ និងដោយសារតែលោក និងតារាចម្រៀងរូបនេះរាប់គ្នាដូចតែបងប្អូនជាយូរមកហើយ។ លោកថាវត្តមានរបស់លោក ជួន អម្រិត និងតារាមានឈ្មោះបោះសំឡេងផ្សេងទៀត នឹងជួយអោយហាងរបស់លោកកាន់តែមានប្រជាប្រិយភាពទើបលោកសម្រេចចិត្តកៀរគរតារាចម្រៀងយុវវ័យច្រើននាក់ ដោយរួមមាន លោកប៉ែន សារ៉ាវ និងអតីតបេក្ខភាពផ្កាយរះក្នុងសួន និងកម្មវិធីCambodian Idol ផង។ លោកថាហាងនេះបានបើកដំណើរការប្រមាណមួយរយៈមកហើយ ប៉ុន្តែទើបតែបានពង្រីកធំជាងមុន ដោយបានទាំំងសម្រេចធ្វើពិធីខួបកំណើតកូនស្រី ក្នុងថ្ងៃបង្អួតហាងថ្មីក្រោយពង្រីកនាយប់នោះផង។ នៅក្នុងពិធីសម្ពោធ និងខួបកំណើតកូនស្រីនោះ ក្រៅពីតារាប្រចាំហាង ក៏មានវត្តមានតារាមួយចំនួនចូលរួមផងដែរ ដូចជាលោក ជ័យ សុវ៉ាត និងកញ្ញា ឆឹម ស្រីលក្ខណ៍ជាដើមចូលរួម៕

LEAVE A REPLY

Please enter your comment!
Please enter your name here