ខាត់ សុឃីម បើកជំនួញដីធ្លី នៅខេត្តព្រះសីហនុ

0

កាលពីព្រឹកថ្ងៃទី១ កុម្ភៈ តារាចម្រៀងអ្នកនាង ខាត់ សុឃីម បានប្តកាសអោយដឹងពីគម្រោងបើកលក់ដីឡូតិ៍របស់ខ្លួនគួរអោយភ្ញាក់ផ្អើលនៅលើទឹកដីខេត្តព្រះសីហនុ។ យ៉ាងណាមិញគម្រោងនេះ មិនមែនអ្នកនាងផ្ដាច់មុខភាគហ៊ុនតែម្នាក់ឯងនោះ ដោយមានដៃគូភាគហ៊ុន២រូបទៀត គឺតារាចម្រៀង លោក ឆាយ វិរៈយុទ្ធ និងម្ចាស់ក្រុមហ៊ុន GM សហការផងដែរ។

អ្នកនាង ខាត់ សុឃីម បានថ្លែងនៅក្នុងពិធីបើកសម្ពោធដីឡូតិ៍ស្ថិតនៅភូមអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ដែលជាតំបន់មានសក្កានុពលរបស់ខេត្តព្រះសីហនុថា គម្រោងដីឡូតិ៍ដែលអ្នកនាងប្រកាសបើកលក់នេះ មិនមែនអ្នកនាងគ្រាន់តែឈរឈ្មោះដើម្បីយកផលចំណេញនោះទេ ពោលគឺអ្នកនាងបោះទុនទិញដូរជាមួយតែម្ដង ដោយអ្នកនាងមានហ៑ុន២៥ភាគរយ លោកឆាយ វិរៈយុទ្ធ ២៤ភាគរយ និងក្រុមហ៊ុន GM ដែលមានបទពិសោធន៍ពុះលក់ដីឡូតិ៍លក់ជាយូរមកហើយ មានហ៑ុន៥០ភាគរយ។ អ្នកនាងថានេះជាគម្រោងទី១ ដែលអ្នកនាងសាកល្បងចេញរក ដោយគ្រាន់តែគម្រោងទាំងមូលមានការប្រកាសថា មានអ្នកនាង និង លោក ឆាយ វិរៈយុទ្ធ ភ្លាមក៍លក់អស់ជាង២០០ឡូតិ៍បាត់ទៅហើយក្នុងចំណោមជាង៧០០ឡូតិ៍ ទើបធ្វើអោយអ្នកនាងមានទំនុកចិត្តកាន់តែខ្លាំង សម្រាប់អាជីវកម្មដីឡូតិ៍បើកឆាករបស់ខ្លួន។ អ្នកនាងថា គម្រោងនេះមានផ្ទៃដីសរុបជាង១០ហិកតា ហើយក៍ចំណាយដើមទុនមិនតិចនោះដែរ ទម្រាំឈានដល់ការចាប់ដីគ្នាធ្វើពិធីបើកសម្ពោធ។

អ្នកនាងប្រកាសថា នេះជាគម្រោងលើកទី១ តែក៍នឹងមានគម្រោងបន្តបន្ទាប់ផងដែរ ដោយសារតែអ្នកនាង និងដៃគូ ក៍មានគម្រោងទិញដីចូលគ្នាបើកលក់បែបនេះបន្តបន្ទាប់ទៀតនៅពេលខាងមុខ។ គម្រោងនេះ អ្នកនាង និងដៃគូ ក៍មានគម្រោងកាត់ប្រាក់ចំណេញមួយចំនួនជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងក្រុមក្មេងៗកំព្រាផងដែរ។ អ្នកនាងខ្លួនមិនធ្លាប់ស្រមៃថា បានក្លាយជាម្ចាស់គម្រោងពុះដីឡូតិ៍លក់ជាទ្រង់ទ្រាយធំបែបនេះពីមុនមកទេ ដោយអ្នកនាងប្រកាសថា ទំហ៑ំដី៥ គុណ២០ ដែលបានដាក់លក់ គឺជាគម្រោងមួយដ៍ប្រសើរ សម្រាប់អ្នកចង់វិនិយោគលើវិស័យដីធ្លី ហើយសមល្មមសម្រាប់អ្នកមានធនធានមធ្យម។ យ៉ាងណាមិញអ្នកនាងថា ខ្លួនមិនចោលការងារសិល្បៈនោះទេ ដោយនៅតែបន្តចេញបទចម្រៀង ដោយនឹងត្រៀមបញ្ចេញ១២បទ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ។ អ្នកនាងថាខ្លួនមិនមានបទពិសោធន៍ពុះដីឡូតិ៍លក់ទេ ប៉ុន្តែដោយសារតែមានទំនុកចិត្តលើ លោក ម៉េន កានី អគ្គនាយកក្រុមហ៊ុនGM ដែលជោគជ័យជាយូរមកហើយ លើគម្រោពុះដីឡូតិ៍លក់នេះ ទើបអ្នកនាងសម្រេចចិត្តបោះទុន។

ក្រៅពីកាត់ខ្សែបូរប្រកាសលក់ដីឡូតិ៍ អ្នកនាង ខាត់ សុឃីម ក៍បានដឹកនាំតារាចម្រៀងច្រើននាក់ បើកការប្រគំតន្ត្រីនៅលើទីតាំងដីឡូតិ៍ ធ្វើអោយផ្អើលនៅតំបន់នោះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here