ទីបំផុត លោកតាវ៉ិចទ័រ ជៀសអត់ផុតពី «ពីរគ្រួសារ»

0

មួយរយៈមកហើយដែលកម្មវិធី «ពីរគ្រួសារ» បាត់មុខពីកញ្ចក់ទូរទស្សន៍ CTN បន្ទាប់ពីកម្មវិធីនេះដំណើរការបានប្រមាណជា៣ខែ។

កាលពីថ្ងៃទី២៥ មេសា លោកតាវ៉ិចទ័រ អ្នកផលិតកម្មវិធីល្បីឈ្មោះ ប្រចាំក្រុម CBS បានដំណើរការចេញថតកម្មវិធីនេះជាថ្មី ស្របគ្នាដែលលោក ក៏ទម្លាយអោយដឹងពីមូលហេតុដែលនាំអោយលោកសម្រេចបើកដំណើករជាថ្មីនូវកម្មវិធីនេះ។

លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ បានថ្លែងបញ្ជាក់ថា ជាការពិតកម្មវិធី«ពីរគ្រួសារ»បានផ្អាកដំណើរការ ឬហៅថាសម្រេចបិទចោលមួយរយៈធំមកហើយ ដោយសារតែខ្វះស្ពុនស័រ និងដោយសារតែខាងទូរទស្សន៍ក៏ចង់កែប្រែនូវកម្មវិធីផ្សេង ដើម្បីកុំអោយច្រំដែល។ លោកសម្ដែងការភ្ញាក់ផ្អើល ដែលកម្មវិធីនេះត្រូវបានថ្នាក់លើបញ្ជាអោយដំណើរការវិញ ដោយអះអាងថាឈុតឆាករបស់កម្មវិធីដែលបានបង្ហោះនៅលើយូធូប មានការទស្សនាច្រើនលានដង ដែលមិនខុសពីកម្មវិធីនេះផ្ទុះខ្លាំង។

អ៉ីចឹងហើយទើបលោកសម្រេចផលិតសាច់រឿង និងចេញថតជាថ្មី ដោយដាក់ឈ្មោះកម្មវិធីថា«ពីរគ្រួសារ»ដដែល ប៉ុន្តែបានកែទម្រង់អោយកាន់តែទំនើប និងមានសាច់រឿងប្លែកភ្នែក។ ការដំណើរការលើកនេះ លោកថាកុងត្រា៦ខែសម្រាប់ជំហានដំបូង ដោយមានន័យថាបើមានការគាំទ្រពីក្រុមស្ពុនស័រ និងបន្តដំណើរការដោយគ្មានកំណត់ ប៉ុន្តែមានបញ្ហានឹងចាំមើលជាក់ស្ដែង។ យ៉ាងណាមិញ លោកថានឹងខំផលិតសាច់រឿង និងឈុតឆាកអោយកាន់តែល្អ និងប្លែកភ្នែក ដើម្បីជាសារអប់រំផង ដោយមិនគ្រាន់តែអោយដើម្បីជាការកម្សាន្តប៉ុណ្ណោះទេ។

លោកតាវ៉ិចទ័រ សម្ដែងអារម្មណ៍សប្បាយចិត្ត បន្ទាប់ពីកម្មវិធី «ពីរគ្រួសារ» ត្រូវបានដំណើរការជាថ្មី ក្នុងពេលដែលកម្មវិធីមួយនេះ គឺជាកម្មវិធីដែលមានខ្លឹមសារប្រកបអត្ថន័យខ្លាំងបំផុត សម្រាប់អ្នករស់នៅភ្នំពេញ ជាពិសេសអ្នកជាប់ផ្ទះគ្នាដែលតែងតែកើតទំនាស់ដាក់គ្នា។

លោកថាកម្មវិធីនេះ ចង់បង្ហាញពីបញ្ហាដែលបានកើតឡើងដោយសារតែខ្វះការយោគយល់របស់គ្រួសារជិតគ្នា ដោយរួមមានទំនាស់លើព្រំដី ទំនាស់មុខរបរ ទំនាស់ចិញ្ចើមផ្លូវ និងទំនាស់កើតពីការច្រណែនដាក់គ្នាជាដើម ដែលលោកនិយាយថាអ្នករស់នៅជាប់ផ្ទះគ្នា ឬរស់នៅក្នុងភូមិជាមួយគ្នា មិនគួរនឹងមានទំនាស់បែបនេះទាល់តែសោះ ក្នុងនាមជាមនុស្សលើផែនដីតែម្ដង។

លោកថាអ្នកទស្សនាកម្មវិធី«ពីរគ្រួសារ»នឹងយល់កាន់តែច្បាស់ពីបញ្ហាដែលកើតពីទំនាស់ខ្វះការពិចារណានេះ ហើយការដំណើរការកម្មវិធីមួយនេះឡើងវិញ ក៏ត្រូវនឹងអ្វីដែលលោកចង់បញ្ជូនសារដល់ទស្សនិកជនផងដែរ។

តាមគម្រោងកម្មវិធីនេះនឹងដំណើរការនៅដើមខែ៦ ដោយការចាក់ផ្សាយនៅរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង៧កន្លះ ដល់ម៉ោង៨កន្លះយប់ ខណៈដែលតារាសម្ដែង តារាចម្រៀង និងតារាក្រៅក្រុមផ្សេងទៀត ក៏ត្រូវជ្រើសអោយមកសម្ដែងដើម្បីពង្រីកសាច់រឿងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here