រឿង«ម៉ាដាមអាប»ផ្ទុះតាំងពីថ្ងៃបើកសម្ពោធ

0

ធៀបនឹងការដាក់បញ្ចាំងភាពយន្តរឿង«នរណាComeback» កាលពីពេលកន្លងទៅ គេចាត់ទុកថាភាពយន្តរឿង«ម៉ាដាមអាប» ដែលផលិតកម្មក្លាស៊ិក ទើបតែបានបើកសម្ពោធកាលពីថ្ងៃទី២៦ មករា នឹងទទួលបានជោគជ័យខ្ពស់ ដោយសារតែភាពយន្តនេះមានសាច់រឿងល្អ ហើយជារឿងដែលមានឈុតឆាកសំណើចតាំងពីដើមដល់ចប់។ អ្នកទស្សនាក្នុងថ្ងៃសម្ពោធភាគច្រើន សុទ្ធតែលាន់មាត់សរសើរថាមួយរឿងនេះល្អមើល ខណៈដែលចាងហ្វាងផលិតកម្មក៏បង្ហាញក្ដីរំពឹងខ្ពស់ថានឹងកន្ត្រាក់បានអ្នកគាំទ្រកុះករក្នុងថ្ងៃដាក់លក់សំបុត្រផ្លូវការ។

យោងតាមសំឡេងអ្នកបានទស្សនាភាពយន្តរឿង«ម៉ាដាមអាប»ក្នុងថ្ងៃបើកសម្ពោធ ស្ទើរមិនមានអ្នកទស្សនាណាម្នាក់មិនសរសើរថាភាពយន្តនេះផ្ទុះសំណើចសើចចុកពោះនោះទេ ជាពិសេសក្នុងឈុតដែលតម្រូវអោយតួអង្គនាងនាថ ខ្មោចដើមចេកជ្វា និងអាបចេញលងដល់មនុស្ស ដែលក្នុងឈុតនោះក៏មានលាយលំដោយការសម្ដែងបែបទម្រង់បុរាណផង។ លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ិក បានអះអាងថា នេះជាភាពយន្តមួយ ដែលលោកកែច្នៃពីរឿងនិទានរបស់ខ្មែរ ហើយបានដាក់បញ្ចូលតួអង្គនាងនាថ តួអង្គខ្មោចដើមចេកជ្វា តួនាងអាប និងតួអង្គព្រះម៉ែនាគី អោយសម្ដែងក្នុងសាច់រឿងមួយរួមគ្នា ដើម្បីអោយអ្នកទស្សនាប្លែកអារម្មណ៍។ ក្នុងភាពយន្តនេះ ក្រៅពីបង្កប់នូវភាពរន្ធត់ គឺសំបូរដោយឈុតកំប្លែងសើចចុកពោះតាំងពីដើមដល់ចប់តែម្ដង ដែលលោកប្រាកដចិត្តថាអោយតែអ្នកទស្សនាបានទស្សនាគឺពិតជាប្ដូរទស្សនៈដែលថាមិនល្អមើល ទៅជាជាប់ចិត្តវិញ។ លោកថាភាពយន្តមួយនេះ ត្រូវបានចំណាយការផលិតអស់ច្រើន ខណៈដែលការសម្រិតសម្រាំងក៏ខុសពីមុននោះដែរ ទើបលោករំពឹងភាគច្រើនថាការលក់សំបុត្រដែលនឹងចាប់ផ្ដើមនៅថ្ងៃទី៣១ មករា នោះ នឹងទទួលបានជោគជ័យខ្លាំង។

នៅក្នុងថ្ងៃសម្ពោធនោះ គេឃើញតារាសិល្បៈ និងភ្ញៀវកិត្តិយស ចូលរួមយ៉ាងកុះករ ក្នុងពេលដែលអ្នកចូលទស្សនាក៏ស្ទើរមិនមានកន្លែងអោយអង្គុយទស្សនា។

តារាសិល្បៈដែលបានចូលរួមមិនមែនគ្រាន់តែតួសម្ដែងនោះទេ គឺសូម្បីតែតារាដែលជាភ្ញៀវកិត្តិយសក៏ច្រើនណាស់ដែរ ទើបក្នុងថ្ងៃបើកសម្ពោធត្រូវគេចាត់ទុកថាមានការផ្ទុះខ្លាំងគួរអោយសរសើរ បើធៀបនឹងការបើកសម្ពោធដាក់បញ្ចាំងរឿង«នរណា Comeback» ដែលក្នុងពេលនោះសាច់រឿងត្រូវបានគេអះអាងថាមិនសូវទាក់ទាញ។

ខាងក្រោមនេះជាទិដ្ឋភាពមួយចំនួនក្នុងពិធីសម្ពោធរឿង«ម៉ាដាមអាប»របស់ផលិតកម្មក្លាស៊ិក៖

LEAVE A REPLY

Please enter your comment!
Please enter your name here