ការប្រគំតន្ត្រីសប្បុរសធម៍ទ្រង់ទ្រាយធំមួយ ត្រូវបានប្រកាសឡើង

0

កាលពីថ្ងៃទី២៧ មករា ក្រុមសប្បុរសធម៍ធំមួយដែលមានឈ្មោះថា Ilove Cambodia បានប្រកាសក្នុងសន្និសីទកាសែតនៅផ្សារសុរិយា ពីការរៀបចំប្រគំតន្ត្រីធំមួយ ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី១០ កុម្ភៈ ខាងមុខ នៅផ្សារអ៊ីអន២។ ព្រឹត្តិការណ៍នេះ ប្រកាសថាមានសិល្បករ និងសិល្បការិនីកុះករ ដោយការលក់សំបុត្រពីការប្រគំតន្ត្រី នឹងត្រូវប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងស្រុង។

លោកទេព្ដា ប្រសិទ្ធពរ ស្ថាបនិកក្រុម និងជានាយកប្រតិបត្តិក្រុមការងារ Ilove Cambodia និងជាប្រធានក្រុមការងារប្រតិបត្តិ រៀបចំកម្មវិធីតន្ត្រីបេសកកម្មនៃក្ដីស្រលាញ់ បានថ្លែងបញ្ជាក់ថា នៅថ្ងៃទី១០ កុម្ភៈ ខាងមុខនេះ ក្រុមការងាររបស់លោក នឹងធ្វើសកម្មភាពសប្បុរធម៍ធំមួយ ដើម្បីស្វែងរកមូនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រគំតន្ត្រ្តីលក់សំបុត្រ។ នេះជាការប្រគំតន្ត្រីទ្រង់ទ្រាយធំលើកដំបូងដែលក្រុម Ilove Cambodia សម្រេចធ្វើឡើងដោយមានការគាំទ្រពីគ្រប់ភាគី ជាពិសេសគឺការសប្បទានរបស់ក្រុមសិល្បករនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងកម្មវិធីនេះ លោកថាមានតារាសិល្បៈទាំងចាស់ទាំងថ្មី ដែលសុទ្ធតែជាតារាមានឈ្មោះបោះសំលេងយ៉ាងច្រើនកុះករ ដោយតារាដែលស្ម័គ្រចិត្តទាំងនេះ នឹងរំលេចសកម្មភាពច្រៀងរាំ និងសម្ដែងពិសេស អោយកក្រើក នៅសាលប្រគំតន្ត្រី នៅផ្សារទំនើបអុីអន២ ក្នុងខណ្ឌសែនសុខ។ កម្មវិធីនេះលោករំពឹងខ្លាំងថា នឹងទទួលបានមូលនិធិច្រើនជួយដល់មន្ទីរពេទ្យគន្ថបុប្ផា ដោយសារតែថវិកាដែលបានពីការលក់សំបុត្រ និងពីការបរិច្ចាគ មិនត្រូវបានយកទៅទូទាត់លើការរៀបចំ ពិសេសថ្លៃឆាក និងទីតាំងនោះទេ គឺប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងស្រុង។ លោកទទូចអោយទស្សនិកជនគាំទ្រការប្រគំតន្ត្រីនេះអោយបានច្រើន ដើម្បីលើកទឹកចិត្តដល់សិល្បករ និងក្រុមការងារផង និងដើម្បីជាប្រយោជន៍ដល់មន្ទីរពេទ្យគន្ធបុប្ផាផង។

លោក ម៉ាដូណា សមាជិកគ្រួសារតារាកម្ពុជា ដែលបានស្ម័គ្រចិត្តក្នុងកម្មវិធីនេះ បានថ្លែងបញ្ជាក់ថា នៅថ្ងៃទី១០ កុម្ភៈនោះ លោកនឹងមានការសម្ដែងពិសេស ដើម្បីអោយកាន់តែទាក់ទាញក្នុងកម្មវិធីសប្បុរសធម៍មួយនេះ។ លោកថានេះមិនមែនជាលើកទី១នោះទេ ដែលលោកស្ម័គ្រចិត្តច្រៀងរាំដោយមិនគិតកម្រៃ ដោយពេលកន្លងមកលោកធ្លាប់បានស្ម័គ្រចិត្តក្នុងសកម្មភាពប្រគំតន្ត្រីសប្បុរសធម៍ធំៗភាគច្រើនមកហើយ ជាពិសេសក្នុងសកម្មភាពប្រគំតន្ត្រី ដែលរៀបចំដោយគ្រួសារតារាកម្ពុជា ច្រើនលើកកន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here