អតីតតារាសម្ដែង វ៉េង តារាវរឌី ប្រកាសជំហរដាច់ខាត ក្រោយបាត់មុខជិត១០ឆ្នាំ

0

ក្នុងពិធីជប់លៀងបើកសម្ពោធភោជនីយដ្ឋានមួយកន្លែងនៅម្ដុំរដ្ឋសភាចាស់ ដែលត្រូវគេអះអាងថាបានប្រើដើមទុនប្រហាក់ប្រហែលនឹង៥ម៉ឺនដុល្លារ អតីតតារាសម្ដែង ដែលត្រូវគេស្គាល់ថាជាម្ចាស់ជ័យលាភីកញ្ញាឯកនួនអាណុងមុនបាត់មុខ អ្នកនាង វ៉េង តារាវរឌី បានអះអាងថា អ្នកនាងពិតជាត្រលប់មករស់នៅស្រុកខ្មែរវិញដោយមិនត្រលប់ទៅបន្តជីវិតនៅអូស្រ្តាលី។

ប៉ុន្តែអ្វីដែលគេកត់សម្គាល់គឺអ្នកនាងបែរជាប្រកាសជំហរយ៉ាងដាច់ណាត់ក្នុងជីវិតផ្ដើមជាថ្មី នៅលើទឹកដីកំណើតនេះ។

អ្នកនាង វ៉េង តារាវរឌី ដែលមានបងស្រីក៏ជាតារាសម្ដែងជើងចាស់ម្នាក់ដែរ គឺ អ្នកនាង វ៉េង សារ៉ាវឌី បានថ្លែងបញ្ជាក់ថា ក្រោយពីជាប់តំណែងជាស្រីស្អាតនួនអាណុង និងបានថតម៉ូដ អមដោយខារ៉ាអូខេ លេខមុខបានតែមួយប្រាវកាល១០ឆ្នាំមុន អ្នកនាងក៏មានស្វាមីហើយចាកចេញទៅរស់នៅប្រទេសអូស្រ្តាលីភ្លាម ដោយការរស់នៅទីនោះ អ្នកនាងមិនបានបន្តអាជីពជាតារាសម្ដែង ឬជាតារាចម្រៀងនោះឡើយ។ ទោះជាខ្លួននៅមានចំណូលចិត្តចង់ក្លាយជាតារាសម្ដែងម្នាក់ ប៉ុន្តែអ្នកនាងបានបោះបង់តែម្ដង ដោយសូម្បីតែក្នុងពេលនេះក៏ប្រកាសមិនព្រមបកក្រោយ ក្នុងពេលដែលគេដឹងថាអ្នកនាងបានចុះមករស់នៅរកស៊ីនៅស្រុកខ្មែរ និងមានជីវិតបាក់បែកជាមួយស្វាមីនៅអូស្រ្តាលីទៅហើយ។

អ្នកនាងថាខ្លួននឹងមិនទទួលការសម្ដែងណាមួយនោះទេ ដោយសារតែអ្នកនាងយល់ខ្លួនការសម្ដែងកាលពីអតីតកាលធ្វើអោយអ្នកនាងឆ្អែតឆ្អន់។

អ្នកនាងថាទោះជាមានការផ្ដល់ឱកាសពីក្រុមផលិតករជាថ្មីយ៉ាងណាក៏ដោយ ក៏អ្នកនាងដាច់ខាតមិនលេចមុខនៅក្នុងអាជីពសម្ដែងដាច់ខាត ដើម្បីទុកពេលមើលខុសត្រូវភោជនីដ្ឋានដែលទើបដំណើរនៅម្ដុំរដ្ឋសភាចាស់ និងដើម្បីកុំអោយក្មេងៗសើចយំអ្នកនាងក្រោយពេលអ្នកនាងស្រាប់តែបង្ហាញមុខជាថ្មី។ អ្នកនាងថា«អត់ទេ!រឿងសិល្បៈស្រឡាញ់ណាស់ ប៉ុន្តែបើអោយទៅសម្ដែងជាថ្មីសុំអត់ទេ ព្រោះតែយើចាស់ហើយ ម្យ៉ាងគួរទុកអោយក្មេងៗចុះ!»។

អ្នកនាងប្រកាសថាក្រោយធ្លាក់ខ្លួនជាស្រ្តីមេម៉ាយ អ្នកនាងមិនត្រូវការកេរ្តិ៍ឈ្មោះដែលធ្លាប់បានសាងជាថ្មីនោះទេ ប៉ុន្តែអ្នកនាងមានបំណងចង់អោយមហាជនមួយចំនួនបានស្គាល់ពីស្នាដៃរបស់អ្នកនាង ហើយមានការគាំទ្រចំពោះអាជីវកម្មរបស់អ្នកនាងជាជំនួស។

អ្នកនាងបង្ហាញក្ដីនឹករលឹកដល់អាជីពសម្ដែង និងថតម៉ូដ កាលពីនៅសម្រស់ ហើយអ្នកនាងក៏សរសើរពីតារាសម្ដែងមួយចំនួនដែលក្រៅពីស្អាត ក្មេង ក៏ពូកែសម្ដែងមិនធម្មតា។ យ៉ាងណាមិញ អ្នកនាងប្រកាសថាខ្លួននឹងមានទំនាក់ទំនងជាមួយតារាសិល្បៈ ជាពិសេសគឺតារាដែលធ្លាប់ជាមិត្តភ័ក្ដ្រ ហើយបានអញ្ជើញអ្នកនាងអោយចូលរួមក្នុងកម្មវិធីផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here