សម្រាប់លោកអ្នកដែលចង់គិតរកកន្លែងដើរលំហែខួរក្បាលបំបាត់ភាពតានតឹង និងសប្បាយជាមួយគ្រួសារ ឬមិត្តភក្ត័ជាពិសេសនៅរដូវចូលឆ្នាំចិននេះ លែងពិបាកក្នុងការដើររកកន្លែងកម្សាន្តឆ្ងាយៗដូចមុនក៍បានដើរ ដោយសារតែនៅលើផ្សារទំនើបអ៊ីអន២ ក្នុងខណ្ឌសែនសុខ បានបង្កើតពិភពត្រីបាតសមុទ្រដ៍ទាក់ទាញមួយក្នុងការទាក់ទាញអ្នកទេសចរណ៍។ ពិភពត្រីបាតសមុទ្រដែលមានឈ្មោះថា Fantasea Aquarium by AIA បានក្លាយជាទីតាំងប្រមូលពិភពត្រីបាតសមុទ្រមិនធ្លាប់មាននៅកម្ពុជា ដោយមានសត្វច្រើនប្រភេទ ដូចជាត្រីនីម៉ូ ដូរី ត្រីមានពិស ត្រីកំពត ឆ្លាម បបែល អណ្តើក ត្រីស៊ីមនុស្ស។ ប្រភេទសត្វទាំងនេះ សុទ្ធតែមានប្រភពដើមពីជុំវិញពិភពលោកដូចជា មហាសមុទ្រប៉ាស៊ីហ្វិក សមុទ្រឥណ្ឌា សមុទ្រក្រហម សមុទ្រអាត្លង់ទិក ទន្លេអាម៉ាហ្សូន ទន្លេមេគង្គ ហើយក៍មានប្រភេទសត្វល្មូនប្លែកៗស្អាតជាច្រើន ដូចជាពស់ស ពស់សលឿង ពស់ក្រហម បង្គួយយកបៃតង និងក្រហម តុកកែអណ្តាតខៀវ និងសត្វផ្សេងៗជាច្រើនទៀតផងដែរ ទើបទាក់ទាញខ្លាំងក្រោយបានប្រកាសឡើង។
អ្នកទេសចរណ៍ដែលចូលចិត្តពិភពត្រីបាតសមុទ្រ លែងចាំបាច់ជិះយន្តហោះទៅមើលនៅក្រៅប្រទេសដូចមុនទៀតហើយ ដោយសារតែទីតាំងនេះ បានប្រកាសដំណើរការ ដោយនឹងបើកលក់សំបុត្រសាកល្បងចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៩ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំចិន។
យោងតាមការប្រកាសតម្លៃសំបុត្រ នឹងបញ្ចុះតំលៃសំបុត្រពិសេស សំរាប់កុមារត្រឹមតែ $4 និងមនុស្សចាស់ត្រឹមតែ $5 ប៉ុណ្ណោះ ពីថ្ងៃចន្ទ័ ដល់ថ្ងៃសុក្រដែលមិនមែនជាថ្ងៃបុណ្យ។ អ្នកទិញសំបុត្រទស្សនា ក៍ត្រូវបានប្រកាសថា នឹងទទួលបានអាំងប៉ាវផ្សងសំណាងឈ្នះរង្វាន់ 100% ដូចជា1$ និងសំបុត្រចូលទស្សនាដោយឥតគិតថ្លៃជាច្រើនរង្វាន់ផងដែរ។
គួរបញ្ជាក់ថា Fantasea Aquarium by AIA គឺជាពិភពត្រីបាតសមុទ្រដែលមានតែមួយ និងមុនគេបំផុតនៅកម្ពុជា។
ប្រភេទសត្វប្លែកៗមកពីជុំវិញពិភពលោកកំពុងទាក់ទាញខ្លាំង ដោយក្នុងនោះក៍មានGuide នឹងពន្យល់ពីប្រភេទសត្វ ពីប្រភពដើម ពីការរស់នៅ ពីរបៀបរកចំនី ពីការបន្តពូជ និងពីចំណុចពិសេសៗរបស់ប្រភេទសត្វនីមួយៗផងដែរ។ មានការរំពឹងថា ពិភពត្រីបាតសមុទ្រដែលបើកដំណើរការនៅផ្សារទំនើប AEON Mall សែនសុខ ជាន់ទី 1នេះ នឹងកក្រើកក្នុងឱកាសមុន និងក្រោយពេលចូលឆ្នាំចិននេះ៕