ផលិតករ និងតួសម្ដែង«ម៉ាដាមអាប» ធ្វើពិធីបួងសួងទ្រង់ទ្រាយធំ នៅកោះក្របី

0

កាលពីល្ងាចថ្ងៃទី២៥ មករា ផលិតករ និងតួសម្ដែងក្នុងរឿង«ម៉ាដាមអាប»យ៉ាងច្រើនកុះករ បានជួបជុំគ្នាធ្វើពិធីបួងសួងទ្រង់ទ្រាយធំ នៅមុខរូបសំណាកឧកញ៉ាក្រឡាហោមគង់ នៅវត្តកោះក្របី ដោយក្នុងពិធីនោះក៏មានភ្លេងភ្លាត់អន្ទងបារមីព្រាយកន្ទោងខៀវ និងបារមីម្ចាស់ទឺកម្ចាស់ដីផ្សេងទៀត អោយសណ្ឋិតលើរូបស្នង ដើម្បីអោយជួយប្រសិទ្ធីដល់ភាពយន្តរឿង«ម៉ាដាមអាប»អោយទទួលបានជោគជ័យក្នុងពេលដាក់បញ្ចាំងចាប់ពីថ្ងៃទី៣១ មករា នោះផង។ ពិធីនេះ បានធ្វើអោយមានការភ្ញាក់ផ្អើល និងចោមរោមមើលពីសំណាក់អ្នកភូមិ និងអ្នកដំណើរយ៉ាងច្រើនកុះករ ជាពិសេសក្នុងពេលពិធីអន្ទងវិញ្ញាណ និងបួងសួងសុំសិរីសួស្ដីឈានចូលមកដល់។

លោក ហួរ សុផល ហៅហួរ សិរី ម្ចាស់ផលិតកម្មក្លាស៊ិក បានថ្លែងបញ្ជាក់ថា ហេតុផលដែលលោកសម្រេចធ្វើពិធីនៅវត្តកោះក្របី គឺដោយសារតែនៅខាងមុខវត្តនោះ មានបារមីស័ក្ដសិទ្ធិគង់សណ្ឋិត ខណៈដែលលោកក៏ចង់ដឹកនាំតួសម្ដែងមកធ្វើពិធីបួងសួងដើម្បីអោយស្គាល់នូវទីសក្ការៈនោះផង ក្នុងបំណងលើកកំពស់លើជំនឿព្រហ្មញ្ញសាសនារបស់ខ្លួន។ លោកថាពិធីបួងសួងនោះតារាភាគច្រើនត្រូវបានតម្រូវអោយតែងបុរាណ តែសម្រាប់តួជាភ្ញៀវកិត្តិយស មានខ្លះក៏ស្លៀកពាក់ធម្មតា និងខ្លះក៏តែងបុរាណដូចគ្នានឹងតួសម្ដែងនៅក្នុងភាពយន្តនោះដែរ។ លោកមានអារម្មណ៍ចង់ស្រក់ទឹកភ្នែក នៅពេលធ្វើពិធីបួងសួងស្រាប់តែមានវិញ្ញាណបារមីមួយចំនួនមកចូលសណ្ឋិតក្នុងស្នងរូប ដោយវិញ្ញាណទាំំងនោះសុទ្ធតែបានប្រសិទ្ធីជួយដល់ភាពយន្ត និងតួសម្ដែង ធ្វើអោយលោកហាក់មានសង្ឃឹមច្រើន។ លោកថាភាពយន្តរឿង«ម៉ាដាមអាប» គឺជារឿងភ័យរន្ធត់ តែសើចសប្បាយដែលលោករំពឹងយ៉ាងខ្លាំងថានឹងមានការគាំទ្រខ្ពស់ ស្របគ្នាដែលតួសម្ដែងនៅក្នុងភាពយន្តក៏សុទ្ធតែជាតួល្បីៗដែលមានទីផ្សារនាពេលបច្ចុប្បន្ន។

ក្នុងភាពយន្តនេះ ក៏មានឈុតឆាកស្រឡាញ់ភេទដូចគ្នារវាងប្រុស និងប្រុស ដែលសម្ដែងដោយតារាឡើងកូដមួយរូប ដោយលោកបញ្ជាក់ថានៅក្នុងឈុតនោះនឹងមានអ្នកទស្សនាភាគច្រើនផ្ដោតការចាប់អារម្មណ៍ ព្រោះតែទាំងពីរហ៊ានសម្ដែងគួរអោយទាក់ភ្នែក។

នេះគឺជារឿងដែលលោកបញ្ជាក់ថាមានការប្រមូលផ្ដុំដោយព្រះម៉ែនាគីដែលជាស្ដេចនាគរបស់ខ្មែរ តួអង្គអាបដែលល្បីក្នុងជំនឿខ្មែរ និងតួអង្គនាងនាថជាដើមដែលសុទ្ធតែជាតួអង្គខ្មោចល្បីល្បាញក្នុងរឿងនិទានខ្មែរ ដើម្បីរំលេចជាផ្ទៃរឿងបែបរន្ធត់ និងអស់សំណើចពីដើមរឿងដល់បញ្ចប់រឿង។

លោក ហួរ សុផល ថាភាពយន្តរឿង«ម៉ាដាមអាប» នឹងធ្វើពិធីសម្ពោធធំនៅថ្ងៃទី២៨ មករា ដោយក្នុងថ្ងៃនោះរឹតតែមានតារាសម្ដែងចូលរួមច្រើនកុះករ។

លោករំពឹងថាក្រោយបញ្ចប់ពិធីបួងសួងទ្រង់ទ្រាយធំ ភាពយន្តរឿង«ម៉ាដាមអាប»នឹងមានអ្នកចង់ទស្សនាភាគច្រើន ដោយសារតែលោកជឿថាភាពយន្តដែលល្អ ក៏ត្រូវការពឹងលើជំនឿផងដែរ ដើម្បីអោយកាន់តែមានប្រជាប្រិយភាព។ នៅក្នុងពិធីបួងសួងនោះគេឃើញវត្តមាន កញ្ញា រំដួលលិចទឹក លោកថៃ ប៊ុននាង លោកឈួន ពន្លឺ លោកទេព រិទ្ធីនី លោកអៀម សុខា លោក ឃីម រតនៈ អ្នកនាងសុគន្ធ អារីយ៉ា និងតារាសម្ដែងជាច្រើនរូបទៀត៕