បង់ខាតលើសិល្បៈជិត១លានដុល្លារ តែម្ចាស់ផលិតកម្មC2go ថាជោគជ័យ

0

ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី២២ មករា ក្នុងឱកាសបង្ហាញខ្លួនឧទ្ទេសនាមពីការងារជំនួញ ក្នុងជំនួបអ្នកជំនួញធំមួយនៅភោជនីយដ្ឋានទន្លេបាសាក់២ លោក អេថិន ជានិច្ច ហៅដប់គត់ ដែលត្រូវគេស្គាល់ថាជាម្ចាស់ផលិតកម្ម C2go និង E Nation បានអះអាងថា ក្នុងជំនួនបើកផលិតកម្ម២ នាពេលកន្លងមកគឺបានចំណាយអត់ប្រមាណជិត១លានដុល្លារ ដោយមិនទាន់បានចំណូលណាមួយត្រលប់មកវិញទេ។ យ៉ាងណាមិញ លោកថាខ្លួនទទួលបានជោគជ័យ ដោយសារតែបានផលិតស្នាដៃភាពយន្តចំនួន២ និងផលិតបទចម្រៀងជាច្រើនបទធ្វើអោយមានពន្លកអ្នកសិល្បៈដែលមិនខុសពីជួយអ្នកមានសមត្ថភាព ខណៈដែលលោកបានប្រកាសថាទឹកប្រាក់ដែលបានវិនិយោគនោះ គឺបានបន្សល់នូវស្ទីឌីយោស្ដង់ដារមួយ និងឧបករណ៍បម្រើវិស័យផលិតកុន និងចម្រៀងស្ទើរគ្រប់រឿង ដើម្បីអោយអ្នកបន្តវេណរបស់លោកដំណើរការបន្ត។

លោក អេថិន ជានិច្ច បានថ្លែងបញ្ធាក់ថា ថ្វីដ្បិតតែរយៈពេលជាង២ឆ្នាំនៅក្នុងវិស័យផលិតភាពយន្ត និងបទចម្រៀងលោកបានប្រើទុនអស់ប្រមាណជាជិត១លានដុល្លារក៏ពិតមែន ប៉ុន្តែសកម្មភាពរបស់លោកមិនមែនដើររួចកន្លងមកដោយសារតែជួលកាមេរ៉ា ឬស្ទីឌីយោថតពីខាងផលិតកម្មផ្សេងនោះទេ ពោលគឺផលិតកម្មរបស់លោកសាងសង់ និងកុម្ម៉ង់សម្ភារៈដោយផ្ទាល់ខ្លួនទាំងអស់ ដែលលោកបានចាត់ទុកថានោះគឺជាសមិទ្ធផលដែលលោកបន្សល់ទុកពីការចំណាយទុន។

លោកថាផលិតកម្មមួយចំនួនចំណាយទុនមិនអស់ច្រើនដូចលោកក៏ពិតមែន ប៉ុន្តែក្រោយបាត់សកម្មភាពគេមិនមានស្ទីឌីយោផ្ទាល់ខ្លួន និងមានឧបករណ៍ផ្សេងៗដើម្បីបម្រើវិស័យផលិតកុន និងផលិតចម្រៀងដោយផ្ទាល់ខ្លួននោះទេ ដោយលោកបានហៅលទ្ធផលនោះថា គឺសូន្យក្នុងការបង្កើតផលិតកម្ម។ លោកថាចំណាយអស់ដល់ជិត១លានដុល្លារ ប៉ុន្តែយ៉ាងហោចណាស់ក៏បានបន្សល់នូវក្រុមការងារផលិតមួយពេញលេញ ស្ទីឌីយោមួយសម្រាប់អោយក្មេងៗធ្វើការ និងបន្សល់នូវឧបករណ៍ជាច្រើនដើម្បីកូនខ្មែរដែលចង់បញ្ចេញស្នាដៃបន្តពីលោកបង្ហាញសមត្ថភាព ដោយមិនខ្វល់ជួលពីក្រុមហ៊ុនណានោះដែរ។ លោកថាថ្លែងបញ្ជាក់ថា«រាល់ថ្ងៃសម្រាប់ខ្ញុំ ខ្ញុំព្រលែងចោលហើយការងារផលិតចម្រៀង និងផលិតរឿងដែលធ្លាប់សកម្មកាលពីមុន ប៉ុន្តែខ្ញុំទុកអោយក្មេងៗ និងក្រុមការងារធ្វើការបន្តវិញម្ដង ដោយខ្ញុំប្រគល់ស្ទីឌីយោ និងឧបករណ៍អោយអ្នកមានសមត្ថភាពធ្វើការបញ្ចេញស្នាដៃបន្ត ហើយខ្ញុំរង់ចាំជ្រោមជ្រែងកម្លាំង និងថវិកាខ្លះនៅពីក្រោយវិញ!»។

លោកថាខ្លួនមិនបានបោះទុនទាំងស្រុងលើការផលិតចម្រៀង និងផលិតរឿងអោយក្រុមការងារដូចមុនទៀតទេ ប៉ុន្តែលោកទុកអោយអ្នកដែលមានសមត្ថភាពទាំងនោះចេះប្រឹងខ្លួនឯង ចេះរកស្ពុនស័រផលិតខ្លួនឯង ក្នុងពេលដែលលោកមានស្ទីឌីយោ និងមានឧបករណ៍អោយប្រើអស់ហើយ។

លោក អេថេន ជានិច្ច បានថ្លែងបន្តថា ហេតុផលដែលលោកចំណាយទុនអស់ដល់ជិត១លានដុល្លារ គឺដោយសារតែពេលកន្លងមកផលិតកម្មចម្រៀងរបស់លោកទាំង C2GO និង E Nation មិនបានតម្រូវអោយតារាចម្រៀងចំណាយសូម្បីមួយដុល្លារផលិតចម្រៀងដាក់ក្នុងផលិតកម្មនោះទេ ខណៈដែលលោកក៏បានប្រើទុនរៀបចំគារប្រគំតន្ត្រីក្រៅ និងក្នុងប្រទេស ដើម្បីរៀបចំព្រឹត្តិការណ៍អោយតារាចម្រៀងរបស់ខ្លួនបានចេញច្រៀងបង្អួតស្នាដៃមិនចេះតិចដងតាំងពីការបង្កើត។

នៅក្នុងថ្ងៃនោះលោកថាខ្លួនមករៀបរាប់ពីគន្លឹះជោគជ័យនៃអាជីវកម្មនៅចំពោះមុខម្ចាស់ជំនួញរាប់ជាច្រើននាក់ ដោយលោកប្រកាសថាទោះបីចំណាយអស់ជិត១លានដុល្លារហើយ ប៉ុន្តែមិនទាន់បានដើមទុនខ្លះៗមកវិញពីការបង្កើតផលិតកម្មចម្រៀង និងផលិតភាពយន្ត តែលោកយល់ថាអោយតែជួយកូនខ្មែរដែលមានសមត្ថភាព អោយមានឱកាសបានបញ្ចេញស្នាដៃរឿង និងចម្រៀងតាមរយៈការបោះទុននេះ គឺចាត់ទុកថាជាជោគជ័យមួយធំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here