ទេព មុន្នីរក្សា បង្ហាញខ្សែជីវិតកម្សត់ ក្រោយ សេម អាជុន ដាក់បទ«ទឹកភ្នែកកូនប្រុស»

0

ក្នុងពិភពសិល្បៈគេដឹងត្រឹមតែថាមានតែតារាចម្រៀង លោក សេម ម៉ាកូ ដែលបានប្ដូរឈ្មោះជាឈ្មោះ សេម អាជុន ប៉ុណ្ណោះ ដែលមានជីវិតកម្សត់ជុំវិញរឿងរ៉ាវម្ដាយស្លាប់ដោយសារគាំងបេះដូង ក្រោយពិសារភេសជ្ជៈប៉ូវកម្លាំងមួយប្រភេទ និងជួបទុក្ខត្រូវភ្លើងឆេះផ្ទះនៅ១៨ថ្ងៃបន្ទាប់ពីបូជាម្ដាយ ប៉ុន្តែក្រឡេកទៅមើលដៃគូរបស់លោក គឺតារាសម្ដែងរាងតូចច្រឡឹង ដែលត្រូវគេដឹងថាជាកូនស្រីម្ចាស់សម្អាងការមួយនោះ ក៏បានលាតត្រដាងជីវិតកម្សត់របស់ខ្លួនស្រដៀងនឹងលោកផងដែរ។ ក្រោយការបើកបង្ហាញ ជីវិតឯកជនរបស់តារាប្រុសស្រីទាំង២រូបនេះ ត្រូវគេមើលឃើញថាមិនខុសគ្នាប៉ុន្មានឡើង ដោយគ្រាន់តែមួយព្រាត់រស់ និងមួយព្រាត់ស្លាប់ជាមួយម្ដាយប៉ុណ្ណោះ។

កញ្ញា ទេព មុន្នីរក្សា និយាយថា លោកសេម អាជុន ដែលពីមុនប្រើឈ្មោះថា សេម ម៉ាកូ ដ្បិតថាបាត់ភាពកក់ក្ដៅពីម្ដាយ ក្រោយពីម្ដាយទទួលមរណភាព ហើយទីជម្រកក៏ត្រូវភ្លើងឆេះ ប៉ុន្តែជីវិតរបស់នាងពោរពេញដោយការឈឺចាប់ខ្លាំងជាងតារាចម្រៀងជាដៃគូរូបនេះឆ្ងាយណាស់។ នាងថាក្នុងពេលនាងទើបតែមើលឃើញពន្លឺថ្ងៃ ម្ដាយរបស់នាង បានសម្រេចចិត្តបោះបង់ឪពុករបស់នាង ដោយសារតែឪពុកនាងនៅក្រ និងដោយសារតែតាមគ្រួសារ ហើយទៅយកស្វាមីថ្មី។

នាងបានក្លាយជាក្មេងមិនអាចទទួលការមើលថែពីម្ដាយតាំងពីវ័យ៦ខែ ដោយសូម្បីតែឱកាសបៅដោះម្ដាយក៏មិនមាននោះផង ព្រោះតែម្ដាយចិត្តដាច់ ហើយពេលមិនទាន់ប្រគល់នាងមកអោយឪពុកវិញ គឺម្ដាយនាងធ្លាប់មានបំណងចង់បោះនាងចោល ព្រោះតែមិនចង់ចិញ្ចឹមដំណក់ឈាមរបស់ឪពុកនាង។ នាងមិនដឹងថាក្នុងពេលផ្ទុះជម្លោះនោះ តើឪពុកនាងបានបង្កកំហុសណាមួយនោះទេ ប៉ុន្តែអ្វីដែលនាងបានដឹងគឺឪពុកនាងនៅក្រ ហើយម្ដាយនាងស្ដាប់មនុស្សមាត់ចាបមាត់ព្រាបច្រើន រហូតសម្រេចចិត្តសុំលែង។ មកទល់ពេលនេះ ម្ដាយនាងទទួលការធ្វើបាបពីស្វាមីក្រោយយ៉ាងខ្លាំង ហើយជីវភាពក៏ដុនដាបខ្លាំងដែរ ដោយក្នុងពេលមិនទាន់ធ្លាក់ខ្លួន ម្ដាយនាងមិនដែលអើតឈ្ងោកមើលខុសត្រូវនាងទេ ដោយសារតែយល់ថានាងជាដំណក់ឈាមរបស់បុរសម្នាក់ដែលម្ដាយនាងមិនពេញចិត្ត។

នាងថាម្ដាយនាង និងឪពុកគឺជាសាច់ឈាមគ្នា ហើយទំនាក់ទំនងរបស់អ្នកទាំងពីរមិនខុសពីគូសត្រូវនោះទេ ដោយក្នុងពេលនេះ ម្ដាយរបស់នាងដែលធ្លាក់ខ្លួនក្រ ហើយឃើញឪពុកនាង និងនាងអាចរឹងមាំបានកាន់តែខ្មាស់ មិនហ៊ានទទួលស្គាល់ថាជាកូន និងជាអតីតស្វាមីនោះផង ក្នុងពេលដែលម្ដាយរបស់នាង និងស្វាមីក្រោយមានផ្ទះជិតគ្នានឹង។

ទេព មុន្នីរក្សា ប្រាប់ថា តាំងពីធំដឹងក្ដីមកទល់ពេលនេះ នាងមានតែឪពុក និងលោកយាយផ្ដល់ភាពកក់ក្ដៅប៉ុណ្ណោះ ដោយឪពុករបស់នាងក៏ប្រឹងរកស៊ីអត់យកគ្រួសារ ហើយបើកបានសម្អាងការធំមួយអោយនាងគ្រប់គ្រង ដែលធ្វើអោយនាងក៏បានក្លាយខ្លួនជាតារាសិល្បៈផង។ អ៉ីចឹងហើយទើបនាង បញ្ជាក់ថាស្ថានភាពកម្សត់របស់តារាចម្រៀង លោក សេម អាជុន មិនលើសពីនាងនោះទេ ដោយសារតែលោកដ្បិតថាបាត់បង់ម្ដាយ ប៉ុន្តែក៏ធ្លាប់បានគេងអោបម្ដាយ និងធ្លាប់ទទួលភាពក្ដៅពីម្ដាយ ដែលផ្ទុយពីនាងគឺមិនធ្លាប់មានទាល់តែសោះ តាំងពីអាយុ៦ខែ។

ការលើកឡើងរបស់កញ្ញា ទេព មុន្នីរក្សា គឺបន្ទាប់ពីតារាចម្រៀង លោក សេម អាជុន បានបង្ហោះបទចម្រៀង«ទឹកភ្នែកកូនប្រុស!»នៅលើហ្វេសប៊ុក ហើយបង្ហាញពីការឈឺចាប់នឹងជីវិតអភ័ព្វរបស់ខ្លួនក្នុងគ្រុប«គ្រួសារតារាកម្ពុជា» ដែលនាំអោយនាងនឹកសង្វេគដល់ជីវិតរបស់ខ្លួន ហើយឈានដល់ការលាតត្រដាងដោយលែងខ្លាចអាម៉ាស់។ នាងថាខ្លួនប្រឹងញញឹម និងលាក់រឿងរ៉ាវដ៏អាម៉ាស់មួយនេះរបស់ម្ដាយតាំងពីធំដឹងក្ដី ប៉ុន្តែមកពីលោក សេម អាជុន ទើបធ្វើអោយនាងទប់ការអាថ៌កំបាំងលែងជាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here