មិននឹកស្មាន អ្នកនាង ចាន់ តារាទី គឺជាសាច់ញាតិ របស់អ្នកគ្រូ គង់ ណារី

0

មនុស្សតិចណាស់ដែលបានដឹងថាអ្នកនាងចាន់ តារាទី គឺជាបងប្អូនរបស់អ្នកគ្រូគង់ ណារី ដោយម្នាក់ៗនឹកស្មានថាអ្នកនាងចាន់ តារាទី បង្ហាញខ្លួនក្នុងពិធីបុណ្យសពរបស់អ្នកគ្រូនៅវត្តស្រះចក កាលពីល្ងាចថ្ងៃទី២១ មករា ក្នុងនាមជាអ្នកសិល្បៈស្គាល់គ្នាប៉ុណ្ណោះ ជាពិសេសក្នុងពេលដែលអ្នកទាំងពីរមិនដែលបង្ហើបអោយដឹងពីទំនាក់ទំនង និងមិនដែលទៅណាមកណាជាមួយគ្នា ដើម្បីអោយដឹងថាត្រូវជាបងប្អូន។

យ៉ាងណាមិញអ្នកនាង ចាន់ តារាទី បញ្ជាក់ថាអ្នកនាងមិនសូវជាមានទំនាក់ទំនងក្នុងនាមជាបងប្អូនច្រើនទេ ជាមួយអ្នកគ្រូគង់ ណារី ក្នុងពេលដែលអ្នកគ្រូនៅមានជីវិត។

អ្នកនាង ចាន់ តារាទី បានថ្លែងបញ្ជាក់ក្នុងពេលចូលរួមគោរពសព និងទទួលភ្ញៀវក្នុងពិធីបុណ្យសពអ្នកគ្រូ គង់ ណារី ថា អ្នកគ្រូ គង់ ណារី និងអ្នកនាងគឺជាបងប្អូនជីទួតមួយនឹងគ្នា ដោយមិនមែនជាអ្នកឆ្ងាយពីគ្នានោះទេ ប៉ុន្តែបណ្ដាលមកពីអ្នកនាងក៏រវល់ ហើយអ្នកគ្រូគង់ ណារី ក្នុងពេលនៅមានជីវិតក៏រវល់មិនសូវបានជួបគ្នា ទើបរវាងអ្នកនាង និងអ្នកគ្រូ មិនសូវស្និទ្ធគ្នា។ អ្នកនាងថា ម្ដាយរបស់អ្នកនាង និងម្ដាយរបស់អ្នកគ្រូ គង់ ណារី គឺជាបងប្អូនជីដូនមួយនឹងគ្នា ហើយសម្រាប់ទំនាក់ទំនងគឺមិនខុសពីបងប្អូនបង្កើតនោះទេ ប៉ុន្តែដល់ជំនាន់កូនៗគឺទាល់តែបានជួបគ្នា ទើបរាក់ទាក់គ្នា។

អ្នកនាងថាក្នុងពេលអ្នកគ្រូគង់ ណារី នៅរស់ អ្នកនាងកម្របានជួបអ្នកគ្រូខ្លាំងណាស់ ដោយទាល់តែក្នុងគ្រួសារមានកម្មវិធីធំៗ ទើបរវាអ្នកនាង និងអ្នកគ្រូ បានជួបមុខគ្នា ហើយសំណេះសំណាលក្នុងនាមជាអ្នកសិល្បៈដូចគ្នាបន្ថែម។ អ្នកនាងនិយាយថា«ខ្ញុំ និងបងណារី ជាបងប្អូនគ្នាតើ ប៉ុន្តែបើម៉ាក់ខ្ញុំ និងម៉ាក់គាត់បានជិតស្និទ្ធគ្នា តែមកដល់កូនៗមិនសូវស្និទ្ធគ្នា គឺបានជួបតែមុខគ្នាក្នុងពេលបុណ្យទានហ្នឹងឯង!»។

អ្នកនាង ចាន់ តារាទីថា អ្នកគ្រូគង់ ណារី គឺជាបងស្រីជីទួតមួយ ដែលស្រឡាញ់រាប់អានបងប្អូនគ្រប់គ្នា ប៉ុន្តែបណ្ដាលមកពីអ្នកនាងក៏រវល់ ហើយអ្នកគ្រូក៏រវល់ ទើបយូរៗបានជួបគ្នាម្ដង ហើយមិនសូវបានជួបក្នុងនាមការងារសិល្បៈនោះដែរគឺទាល់តែក្នុងកម្មវិធីគ្រួសារ។

អ្នកនាងបន្តថាពេលវេលាចុងក្រោយដែលអ្នកនាងបានជួបដោយផ្ទាល់ជាមួយអ្នកគ្រូ គង់ ណារី គឺប្រមាណជា៣ឆ្នាំ ដោយក្នុងពេលអ្នកគ្រូធ្លាក់ខ្លួនឈឺ គឺអ្នកនាងស្ថិតនៅប្រទេសជប៉ុន ហើយពេលត្រលប់មកវិញថាឆៀងទៅមើលអ្នកគ្រូនៅក្នុងមន្ទីរពេទ្យនោះដែរ ប៉ុន្តែចេះតែរវល់ៗ ចុងក្រោយក៏មានដំណឹងថាអ្នកគ្រូ គង់ ណារី ទទួលមរណភាពបាត់។ អ្នកនាងសម្ដែងអារម្មណ៍សោកស្ដាយ ដែលបានបាត់បង់បងស្រី ជាវិរៈសិល្បការិនីជំនាញខាងបង្ហាត់បង្ហាញសិល្បៈដ៏ឆ្នើម ខណៈដែលអ្នកនាងប្រាប់ថា អ្នកគ្រូ គង់ ណារី មានតែសាច់ញាតិបងប្អូនប៉ុណ្ណោះ គឺមិនមានកូនចៅនោះឡើយ។

គួរបញ្ជាក់ថាអ្នកគ្រូ គង់ ណារី កំពុងធ្វើបុណ្យនៅវត្តស្រះចក ដោយសពរបស់អ្នកគ្រូ នឹងត្រូវសម្រេចបូជានៅវេលាម៉ោង៩យប់ ថ្ងៃទី២៣ មករា៕

LEAVE A REPLY

Please enter your comment!
Please enter your name here