គង់ កែវមរកត បង្ហាញក្ដីស្រម៉ៃ ក្រោយអាជីពចម្រៀងលោតខ្លាំង

0

ក្រោយធ្លាក់ការប្រកួតកម្មវិធី Cambodian Idol រដូវកាលទី៣ តារាចម្រៀងកញ្ញា គង់ កែវមរកត មិនទាន់ទទួលបានឱកាសកុងត្រាធ្វើជាតារាចម្រៀងហង្សមាសនោះទេ ប៉ុន្តែនាងត្រូវគេកត់សម្គាល់ថាបានទទួលឱកាសឡើងឆាកហង្សមាសញឹកញាប់ស្ទើរតែច្រើនជាងអតីតបេក្ខនារីផ្សេងទៀត រហូតធ្វើអោយមានការលើកឡើងថានាង គឺជាតារាថ្មីមួយរូបដែលហង្សមាសពេញចិត្ត។ ក្នុងនោះ នាងក៏មានបំណងចង់ក្លាយជាតារាចម្រៀងពេញសិទ្ធិរបស់ហង្សមាសផងដែរ ទើបនាងរមែងប្រកាសថាពង្រឹងសមត្ថភាពអោយខ្លាំង អោយខាងហង្សមាសសំឡឹងឃើញ តាមរយៈការបង្កើតក្រុមរាំ និងលេងស្ទីលអោយបានល្អ។

គង់ កែវមរកត និយាយថា ក្ដីស្រម៉ៃក្នុងអាជីពចម្រៀង ហង្សមាសគឺជាទ្រនំដែលនាងមានបំណងចង់ច្រៀងជាងគេនៅក្នុងជីវិត ប្រសិនបើនាងមានវាសនាត្រូវបានផលិតកម្មធំមួយនេះ ជ្រើសជាតារាចម្រៀង។ នាងថាគ្រាន់តែបានប្រលងក្នុងកម្មវិធី Cambodian Idol ហើយមានគេស្គាល់កាន់តែច្រើនតាមរយៈហង្សមាស រូបនាងសប្បាយចិត្តណាស់ទៅហើយ។ នាងកាន់តែកក់ក្ដៅ និងសប្បាយចិត្តថែមទៀត ក្រោយពេលហង្សមាស ផ្ដល់ឱកាសអោយនាងបានឡើងឆាកទូរទស្សន៍ស្ទើរគ្រប់កម្មវិធី ស្របគ្នាដែលខាងហង្សមាសក៏ផ្ដល់ឱកាសអោយនាងឡើងឆាកទូរទស្សន៍ផ្សេងដើម្បីពង្រីកកេរ្តិ៍ឈ្មោះ។

នាងថាភាពកក់ក្ដៅដែលហង្សមាសផ្ដល់អោយចុងក្រោយ គឺជាអ្វីដែលធ្វើអោយនាងមានជំនឿចិត្តកាន់តែខ្លាំង ថាខ្លួននឹងក្លាយជាតារាចម្រៀងមានការទទួលស្គាល់ម្នាក់ បើទោះជាមិនមានសំណាងបានក្លាយជាតារាចម្រៀងពេញសិទ្ធិហើយមានបទចម្រៀងចេញលក់ក្នុងវ៉ុលហង្សមាស។ យ៉ាងណាមិញ នាងថាបើថ្ងៃអនាគត ហង្សមាសផ្ដល់ឱកាសអោយនាងបានក្លាយជាតារាចម្រៀងពេញសិទ្ធិមួយរូប គឺនាងពិតជាសប្បាយចិត្ត តែនាងមិនអន់ចិត្តទេបើក្ដីស្រម៉ៃនោះមិនក្លាយជាការពិត។

គួរបញ្ជាក់ថា តារាចម្រៀង គង់ កែវមរកត មិនត្រឹមតែស្អាតជាងមុន និងច្រៀងកាន់តែល្អជាងមុនប៉ុណ្ណោះទេ ប៉ុន្តែនាងក៏អាចលែងស្ទីលបានកាន់តែល្អមិនចាញ់តារាចម្រៀងអាជីពយូរឆ្នាំនោះឡើយ។

អ្វីដែលគេកត់សម្គាល់គឺនាងកាន់តែលូយលើឆាកហង្សមាសនាពេលក្រោយ ដូចជាពេលដែលនាងលេងស្ទីលបកស្រាយបទចម្រៀង២បទកាលពីពេលថ្មីៗ ដោយលែងស្ទីលយុវវ័យ ហើយអាចទាំងរាំបានរស់រវើកផងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here