ក្រោយរកឃើញម្ចាស់មកុដ រំដួលលិចទឹកប្រកាសធ្វើឈុតអោយអស្ចារ្យដល់ បវរកញ្ញាភពផែនដី

0

ក្នុងពិធីប្រគល់មកុដ កញ្ញារំដួលលិចទឹកដែលទទួលបានសិទ្ធិជ្រើសរើសបវរកញ្ញាភពផែនដី ឬ Miss Planet Cambodia បានអះអាងថា ខ្លួននឹងត្រូវស្វះស្វែងរកជំនួយធ្វើឈុតតំណាងជាតិ អោយអស្ចារ្យមួយ ដើម្បីអោយបេក្ខនារីមកពីរាជធានីភ្នំពេញ កញ្ញា រីចំណាន កល្យាណ ដែលជាម្ចាស់មកុដ ស្លៀកអោយអស្ចារ្យ ក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិខាងមុខ។

ព្រឹត្តិការណ៍ប្រកួតផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី១៧ មករានេះ ត្រូវបានធ្វើឡើងនៅហាងស្រាWinest ស្ថិតនៅលើបណ្ដោយផ្លូវភ្លោះអូរឬស្សី ទល់មុខស្ថានទូតអាឡឺម៉ង់ ដោយមានបេក្ខនារីចំនួន៩នាក់ចុងក្រោយប្រកួតប្រជែង។ បេក្ខនារីទាំងនោះក្រៅពីប្រកួតគ្នាដណ្ដើមឈុតបុរាណខ្មែរស្រស់ស្អាតជាងគេ និងឈុតរាត្រីសមោសរ ស្អាតដាច់គេ ក៏តម្រូវអោយឆ្លើយសំណួរប្រកួតរូបសម្រស់ និងចំណេះដឹង ដើម្បីដណ្ដើមមកុដ និងពានផងដែរ។

នៅក្នុងកម្មវិធីនោះក៏មានអ្នកដាក់ពិន្ទុវិនិច្ឆ័យចំនួន៤រូបផងដែរ គឺកញ្ញា រំដួលលិចទឹក ប្រធានការប្រកួត Miss Planet Cambodia 2019 កញ្ញាកែ ចាន់កេសី គ្រូបង្វឹកផ្នែកម៉ូដែល រាជិនីកន្ទ្រឹម រិន រ៉ាដា ប្រចាំខេត្តសុរិន្ទ និងលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា។ កញ្ញា រំដួលលិចទឹកប្រកាសថាក្រោយស្វែងរកឃើញចំណាត់អ្នកទទួលមកុដ និងចំណាត់ថ្នាក់ពីលេខ២ ដល់លេខ៥ កញ្ញាដែលជាអ្នករៀបចំការប្រកួត នឹងត្រូវបន្តភារៈស្វែងរកឈុតំណាងជាតិអោយបេក្ខនារីកម្ពុជាបន្តទៀត ដើម្បីអោយអ្នកលេខ១ បានគ្រងទៅកាន់ការប្រកួតកម្រិតអន្តរជាតិក្នុងពេលខាងមុខ។ ចំពោះអ្នកលេខ២ បានទៅលើបេក្ខនារី លឹម សាំងលី មកពីភ្នំពេញ លេខ៣បានលើបេក្ខនារី កែវ ធារី មកពីកំពង់ឆ្នាំង លេខ៤បានលើកញ្ញា ហ៊ាង លីនដា មកពីកំពង់ចាម និងលេខ៥បានលើបេក្ខនារី លី ភក្ដីវីរចនា មកពីក្រចេះ។

លោកអូឡាឡា ប្រធានទីផ្សារហាងស្រាវ៉ាញនែស (Winest) បានថ្លែងបញ្ជាក់ថា ហេតុផលដែលហាងស្រាដែលនាំចូលពីក្រៅប្រទេសមួយនេះ សម្រេចស្ពុនស័រការប្រកួតរបស់កម្មវិធី Miss Planet Cambodia គឺដោយសារតែម្ចាស់ក្រុមហ៊ុនចង់លើកស្ទួយការប្រកួតបវរកញ្ញា ដែលរៀបចំដោយកញ្ញា រំដួលលិចទឹក អោយទទួលបានជោគជ័យ ដោយក្រៅពីផ្ដល់ទីតាំង ក៏រៀបចំអោយមានវេទិកា និងប្រព័ន្ធផ្សេង ដើម្បីអោយដំណើរការកម្មវិធីនេះបានផងដែរ។

លោកថានេះជាលើកទីមួយដែលហាងស្រាវ៉ាញនែស ទទួលបានសិទ្ធិក្នុងការផ្ដល់ទីតាំងអោយរៀបចំការប្រកួតកម្រិតជាតិមួយនេះ ខណៈដែលហាងទាំងមូល ក៏នឹងបន្តជ្រោមជ្រែងកម្មវិធីនេះបន្តទៀត ប្រសិនបើមានតម្រូវការ។ នៅក្នុងហាងនេះលោកថាក្រៅពីមានការនាំចូលស្រាក្រហម និងស្រាម៉ាកល្បីមកពីក្រៅប្រទេសក៏ជាកន្លែងផ្ដល់រសជាតិស្រាញាំសាច់អាំង ដែលមានអតិថិជនទាំងជាតិ និងអន្តរជាតិ និយមមិនចាញ់ហាងស្រាធំៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here