ចឹងតើ ទើបMC សាហារ៉ា ប្រកាសជំហរដល់ម្លឹង!

0

ក្នុងចំណោមពិធីដែលមានឈ្មោះបោះសំឡេងនៅក្នុងពិភពសិល្បៈ គេកត់សម្គាល់ថាមានតែពិធីករ លោក សាហារ៉ា ប៉ុណ្ណោះ ដែលឃើញផ្លាស់ប្ដូរទ្រនំឆ្លេរឆ្លារ ក្នុងពេលដែលពិធីច្រើននាក់គេដោះដូរទ្រនំស្ទើរមិនសល់ពិធីករដែលមានក្រេឌីត។ ជាមួយនឹងជំហរនេះ លោកបានបង្ហើបអោយដឹងពីមូលហេតុ ដោយបានទាំងអះអាងថានឹងមិនចោលទ្រនំនេះ បើទោះជាមានទ្រនំថ្មីហ៊ានអោយតំណែងលោកល្អជាងនេះ។

លោកសាហារ៉ា បានអះអាងថា ក្នុងរយៈពេលចុងក្រោយលោកទទួលបានការស្វាគមន៍ពីស្ថាប័នទូរទស្សន៍មួយចំនួន ដែលចង់អោយលោកទៅធ្វើជាពិធីករ និងផលិតកម្មវិធីដូចគ្នានឹងនៅទូរទស្សន៍ CNC ដែរ ប៉ុន្តែលោកឆ្លើយបដិសេធជាប្រចាំ ដោយសារតែស្ថាប័ននេះបានផ្ដល់តម្លៃអោយលោកគ្រប់យ៉ាង ជាពិសេសបានបង្រៀនអោយលោកក្លាយជាអ្នកដឹកនាំកម្មវិធីមួយរូបនាពេលចុងក្រោយ។ លោកថាពីមុនខ្លួនយល់ដឹងតែការងារពិធីករ ប៉ុណ្ណោះ ប៉ុន្តែក្រោយការផ្ដល់ឱកាសអោយលោកឡើងកាន់កម្មវិធីធំៗនៅCNC លោកមានឱកាសសម្ដែង បានថតស្ពត បានធ្វើពិធីករវិទ្យុ និងឈានដល់ការចេះផលិតកម្មវិធីតែម្ដង ដែលស្នាដៃទាំំងនេះ សុទ្ធសឹងតែCNC បានរួមចំណែកដ៏ធំ។ អ្វីដែលធ្វើអោយលោកកក់ក្ដៅ គឺថ្នាក់ដឹកនាំដែលលោកធ្វើការជាមួយ សុទ្ធតែយល់ពីតម្លៃបុគ្គលិក និងរមែងផ្ដល់ភាពកក់ក្ដៅអោយលោកពេញបន្ទុក។

លោកបានបង្ហោះបន្ថែមពីគារលើកសរសើរដល់កន្លែងការងារថា«ខ្ញុំបាទ សាហារ៉ា សូមគោរពថ្លែងអំណរគុណជូនចំពោះ ឯ.ឧ ហ៊ុយ វណ្ណៈ ទីប្រឹក្សា CBS និង ឯ.ឧ មុន រ៉ាម៉ាឌី អគ្គនាយក ទូរទស្សន៍ CNC ចំពោះការផ្តល់ឳកាស និង ទំនុកចិត្ត ក្នុងការផ្តល់តួនាទីអោយខ្ញុំបាទជា អនុប្រធាន ផ្នែកសិល្បៈកំសាន្ត របស់ស្ថានីយទូរទស្សន៍ CNC ។ ខ្ញុំបាទ សូមប្តេជ្ញាថា នឹងខិតខំ ប្រឹងប្រែង បំពេញការងារ អោយអស់ពីសមត្ថភាព និង កំលាំងកាយចិត្ត»។

តំណែងដែលលោកទទួលបាននេះ គឺបន្ទាប់ពី CNC ប្រគល់ឱកាសអោយលោកផលិតកម្មវិធីបានមួយរយៈ សម្គាល់ថាលោកមានសមត្ថភាព និងមានឆន្ទៈខ្ពស់ ធ្វើអោយថ្នាក់នាំឈានដល់ការតែងតាំងអោយក្លាយជាអនុប្រធានផលិតកម្មវិធី។ តំណែងរបស់លោកដ្បិតតែមើលមួយភ្លែតថាជាតំណែងធម្មតា ប៉ុន្តែនៅក្នុងស្ថាប័ន CNC ទាំងមូល សុទ្ធតែយល់ថានេះជាតំណែងដែលមិនងាយទទួលបាន ខណៈដែលបុគ្គលិកច្រើនផ្នែក ត្រូវបានស្ថាប័ននេះជម្រុះចោល។

លោក សាហារ៉ា បញ្ជាក់ថាភាពកក់ក្ដៅ និងការផ្ដល់ឱកាស អោយលោកបានបញ្ចេញសមត្ថភាព គឺជាអ្វីដែលលោកប្រកាសជំហរមិនដើរចេញពីCNC ហើយក្នុងពេលបន្តបន្ទាប់លោកមិនត្រឹមតែមិនមានបំណងដោះដូរទ្រនំប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរៀបចំកម្មវិធីកម្សាន្ត និងកម្មវិធីល្អប្រកួតប្រជែងដើម្បីបញ្ចេញស្នាដៃផងដែរ។ ជាក់ស្ដែងក្នុងឆ្នាំ២០១៩នេះ លោកនឹងមានស្នាដៃមួយចំនួនរំលេចឡើងបន្ថែមពីលើកម្មវិធីដែលលោកបានផលិត និងគ្រប់គ្រងយ៉ាងជោគជ័យរួចមកហើយនៅក្នុងស្ថាប័ននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here