កែន ឧត្តមវាសនា ប្រកាស អត់ដណ្ដើម

0

ក្នុងចំណោមតារាសម្ដែងស្រករក្រោយមួយចំនួន តារាសម្ដែងលោក កែន ឧត្តមវាសនា ត្រូវគេកត់សម្គាល់ថាលេចធ្លោរមិនធម្មតានោះទេសម្រាប់ការសម្ដែងកំប្លុកកំប្លែង ជាពិសេសគឺសម្ដែងបែបកំប្លែងស្ងួត ដែលក្នុងកម្មវិធី«កំប្លែងម្មង»របស់ទូរទស្សន៍ថោន គឺជាភស្ដុតាងស្រាប់។

ភាពយន្តកំប្លែងរឿង«បុរសខ្លាំង»ដែលត្រូវគេឃើញចែកចាយគគ្រឹកគគ្រេងក្នុងប៉ុន្មានថ្ងៃ ធ្វើអោយម្នាក់ៗសរសើរថាលោកគឺជាតារាសំបូរស្ទីលកំប្លែងយ៉ាងខ្លាំង ប៉ុន្តែលោកបែរជាអះអាងថាមិនចង់ក្លាយខ្លួនជាតារាកំប្លែង ដូចតារាកំប្លែងក្នុងវង់កំប្លែងមួយចំនួនទៅវិញ។

លោក កែន ឧត្តមវាសនា ហៅឌីជេ កង្កែប បានអះអាងថា លោកមិនចង់ដណ្ដើមតំណែងរបស់តារាកំប្លែងនោះទេ បើទោះជាលោកត្រូវកត់សម្គាល់ថាមានទេពកោសល្យខ្លាំងក្លាក្នុងការសម្ដែងកំប្លែងស្ងួតនៅក្នុងវីដេអូកំប្លែង និងក្នុងភាពយន្ត។

លោកថាខ្លួនអាចលេងកំប្លែងលើឆាកបានមិនចាញ់តារាកំប្លែងអាជីពនោះទេ ប៉ុន្តែបណ្ដាលមកពីលោកមិនចង់ដណ្ដើមតំណែងនោះ ហើយក៏គ្មានពេលទៅសម្ដែងលើឆាកជាមួយក្រុមកំប្លែងណាមួយផង។ លោកថារាល់ថ្ងៃ គ្រាន់តែក្នុងកម្មវិធី«កំប្លែងម្មង» លោកស្ទើរតែគ្មានពេលថតបាត់ទៅហើយ នៅមិនទាន់រាប់បញ្ចូលការងារបើកហាងតែគុជ និងការងារសម្ដែងផ្សេងៗនៅឡើយផង អ៊ីចឹងហើយទើបលោកមិនអាចទៅចាប់អាជីពកំប្លែងលើឆាកណាមួយនោះទេ សម្រាប់រយៈពេលនេះ។ យ៉ាងណាមិញ លោកថាបើមានការតម្រូវអោយកំប្លែងផ្ទាល់ៗម្ដងៗគឺលោកទទួលសម្ដែង ប៉ុន្តែបើអោយឈោងចាប់អាជីពកំប្លែងបន្ថែម គឺសុំសម្ដែងតែបែបសំណើចបានហើយ។

លោក កែន ឧត្តមវាសនា បញ្ជាក់ថា លោកកាន់តែលេចធ្លោរខ្លាំងក្នុងកម្មវិធី «កំប្លែងម្មង» ក្នុងរឿង «បុរសខ្លាំង» ដែលក្រោយការចាក់ផ្សាយលើទូរទស្សន៍ថោន ក៏ផ្ទុះលើបណ្ដាញយូធូប ហើយក៏មានអ្នកទាក់ទងអោយលោកទទួលសម្ដែងកំប្លែងច្រើនឡើងផងដែរ ដោយលោកបានត្រឹមតែទទួលយកខ្លះ និងមិនទទួលខ្លះ ព្រោះតែជាប់ការងារជាមួយកម្មវិធីកំប្លែងរបស់ទូរទស្សន៍ថោន។ លោកប្រកាសបញ្ចេញស្នាដៃក្នុងកម្មវិធី«កំប្លែងម្មង!» ជាច្រើនទៀត ដោយលោកអះអាងថាបន្ទាប់ពីរឿង«បុរសខ្លាំង» សាច់រឿងកំប្លែងក្រោយៗក៏ខ្លាំងសម្រាប់ការសម្ដែងរបស់លោកជាងនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here