ក្រោយបង្ហោះឃ្លីបស្មូត និង ក្បួនសំពះរបស់ខ្មែរ ក្រោមការដឹកនាំរបស់លោក ឡុង សុខហៀង ប្រធានក្លិបសិល្បៈ តួអង្គសំខាន់ៗរួមមាន លោក លីម តិចម៉ុង, លោកជំទាវ រីយ៉ា, លោក គង់ ប៊ុនថាច, អ្នកនាង សម្រេច សន្យា, អ្នកនាង ប៊ូ សុនិតា, អ្នកស្រី រ័ត្ន ស៊ីណូ, កញ្ញា អ៊ុក ដារ៉េត និង តួយុវវ័យមួយចំនួនទៀត បានជួបជុំគ្នា ធ្វើកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ផ្ទះតារា ដើម្បីបង្ហាញពីចំណាប់អារម្មណ៍ ក្រោយពីឃ្លីបដែលដឹកនាំថតដោយ លោក ឡុង សុខហៀង ត្រូវបានបង្ហោះជាផ្លូវការ។
លោក ឡុង សុខហៀង អ្នកដឹកនាំថតបានលើកឡើងថា ហេតុផលដែលលោកសម្រេចចិត្តកៀងគរសិល្បករ ថតឃ្លីបបទស្មូត និង ពីរបៀបសំពះនេះ គឺមានបំណងតែមួយគត់ ចង់អោយយុវវ័យ និង អ្នកគាំទ្រយល់ដឹងពីរបៀបលើកដៃសំពះ ហើយសំពះអោយត្រូវក្បួន ក្នុងឱកាសកាន់បិណ្ឌ និង បុណ្យភ្ជុំ ក៏ជិតមកដល់។ លោកថាឃ្លីបនេះ ក៏ចង់ក្រើនរម្លឹក អោយក្មេងៗ មានភាពកត្តញូនឹងព្រះពុទ្ធសាសនា និង អ្នកមានគុណរបស់ខ្លួន ក្នុងអំឡុងបុណ្យទានផងដែរ ខណៈពេលដែលលោកក៏យល់ថា យុវវ័យមួយចំនួន នៅមិនទាន់បំពេញកិច្ចជាកូនល្អនៅឡើយ។
លោកក៏ថ្លែងអំណរគុណផងដែរ ចំពោះសិល្បករសិល្បការិនី ដែលបានចូលរួមសម្ដែង ដែលមិនខុសពីចូលរួមផ្សព្វផ្សាយពីព្រះធម៌ និង ពីប្រពៃណីស្មូត្រ ក្នុងឱកាសបុណ្យទាន ជូនដល់កូនខ្មែរ។ លោកក៏ថ្លែងអំណរគុណផងដែរ ដល់សារព័ត៌មាន ផ្ទះតារា ដែលបានមកសម្ភាសន៍ចំពោះតួអង្គសំខាន់ៗ ជាការលើកទឹកចិត្តដល់សិល្បករសិល្បការិនីទាំងអស់ អោយមានទឹកចិត្ត ក្នុងការចូលរួមបន្ត។
ក្នុងនោះលោកក៏កោតសរសើរផងដែរ ចំពោះតួអង្គដែលមកសម្ភាសន៍តាមការណាត់ទាំងអស់ ដែលបានបញ្ចេញមតិយ៉ាងល្អ ពីឃ្លីបដែលលោកបានផលិត និង បង្ហាញសារក្រើនរម្លឹក អោយកូនៗ មើលឃើញពីគុណអ្នកមានគុណ។