ទើបតែបានប្រកាសថានឹងចាប់ដៃគ្នាបើកជំនួញជំហានទី២ បន្ទាប់ពីបណ្ដាក់ទុនរួមគ្នានៅតំបន់ផ្លូវជាតិលេខ៣ នៅម្ដុំព្រៃទទឹង ស្រាប់តែម្ចាស់ បុរីឡេង ណាវ៉ាត្រា ប្រកាសថាគម្រោងរបស់លោកនៅក្រុងព្រះសីហនុ ដែលទើបបើកសម្ពោធកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៨ មិនមានការចូលរួមពីលោកព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត ដែលប្រកាសថានឹងធ្វើអោយក្លាយជាដៃជំនួញរឹងមាំនោះទេ។ យ៉ាងណាមិញ លោកថាគឺជារឿងសោកស្ដាយ ដោយសារតែគម្រោងវិនិយោគនោះមិនអាចអោយតារាទាំងពីរចូលបាន។
តារាចម្រៀង លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងបញ្ជាក់ថា ហេតុផលដែលតារាចម្រៀងទាំងពីរលើចង់ចូលហ៊ុនដែរ ប៉ុន្តែមិនអាចទៅរួចសម្រាប់គម្រោងនៅកំពង់សោម គឺដោយសារតែលោកជាប់មាត់ជាប់ករជាដៃគូម្នាក់ផ្សេងទៀតដែលជាអ្នកជំនួញផងដែរតាំងពីមុនចាប់ដៃជាមួយលោកព្រាប សុវត្ថិ និងលោក ខេមរៈសិរីមន្ត មកម្លេះ។
លោកថាគម្រោងថ្មីនៅខេត្តព្រះសីហនុគឺជាគម្រោងធំមួយ ហើយតារាចម្រៀងទាំងពីរក៏ចង់ក្លាយជាភាគហ៊ុនសម្រាប់គម្រោងនេះផងដែរ ប៉ុន្តែមកពីភាពជាក់ស្ដែងមិនអាចបន្ថែមដៃគូភាគហ៊ុនទៅកើត ទើបសម្រេចនៅតែរក្សាទ្វេរភាគហ៊ុនជាមួយអ្នកចាស់ដដែល ហើយទម្លាក់លោកព្រាប សុវត្ថិ និងលោកខេមរៈ សិរីមន្ត ចោល។ លោកថាគម្រោងនៅខេត្តដែលល្បីទំនិញទេសចរណ៍ និងដីធ្លីឡើងថ្លៃនោះ គឺមានចម្ងាយប្រមាណជា២០គីឡូម៉ែត្រពីទីប្រជុំឆ្នេរ ហើយសម្រាប់ការចំណាយដើមទុនក៏មិនក្រោម១០០លានដុល្លារនោះដែរ ទើបគ្រាន់តែបានប្រកាសគម្រោងភ្លាម ក៏មានអ្នកចាប់អារម្មណ៍ចុះជាវ។ យ៉ាងណាមិញ លោកថាគម្រោងនៅខេត្តព្រះសីហនុ មិនទាន់នឹងអស់នោះទេ ដោយលោករំពឹងថាគម្រោងក្រោយៗ នឹងមានវត្តមានតារាចម្រៀងទាំង២ក៏ថាបានដែរ អោយតែលោកអាចដាក់ប្រឡោះអោយចូលជាភាគហ៊ុនបាន។
គួរបញ្ជាក់ថា គម្រោងវិនិយោគនេះ ស្ថិតនៅលើផ្ទៃដី១៥០ហិតា នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិ ទូលទទឹង២ ឃុំ ទូលទទឹង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ដែលមានចម្ងាយប្រមាណជា២០គីឡូម៉ែត្រពី ក្រុងកំពង់សោម។ គម្រោងនេះរួមមាន ឡូត៍ផ្ទះល្វែង ឡូត៍វីឡា ឡូត៍ខនដូ ឡូត៍ឃ្លាំង និង ឡូត៍សម្រាប់សង់ផ្ទះជួលជាដើម។