រឿង « ស្រឡាញ់បងល្អពេក » របស់ផលិតកម្ម LD ចាក់បញ្ចាំងចំថ្ងៃខួបកំណើតតួប្រុស (11.01.24)នេះ

0

ចាប់ពីថ្ងៃទី១១ មករា ឆ្នាំ២០២៤ តទៅ ភាពយន្តរឿង “ស្រលាញ់បង ល្អពេក” របស់ផលិតកម្ម LD នឹងត្រូវដាក់បញ្ចាំងលក់សំបុត្រគ្រប់រោងជាផ្លូវការហើយ ខណៈដែលពិធីបើកសម្ពោធក៏ត្រូវបានធ្វើឡើងយ៉ាងអធឹកអធម កាលពីថ្ងៃទី១០ មករា ២០២៤នេះ។

នេះគឺជាខ្សែភាពយន្តបែបកំប្លែងក្រមិចក្រមើមដើម្បីបង្កើនទស្សនីយ៍ភាពរីករាយនាដើមឆ្នាំ២០២៤ ក្នុងឱកាសស្វាគមន៍ឆ្នាំថ្មីកុំឱ្យអ្នកមើលមានភាពស្ត្រេស ឬ មើលតែភាពយន្តរន្ធត់ៗពីL-DOPAពេក។ រឿងនេះផងដែរមានការចូលរួមសម្ដែងដោយ ជា សុវណ្ណានរាហ៍ និង អ្នកនាង សារ៉ាយ សក្ខណា អមដោយតារាសម្ដែងប្រុសស្រីល្បីឈ្មោះជាច្រើន។

នេះក៏ភាពយន្តដែល LD រំពឹងពីភាពជោគជ័យផងដែរ ដោយសារតែបង្កប់ដោយភាពកំប្លុកកំប្លែងច្រើន ហើយអ្នកគ្រប់គ្រងក៏សន្យាថា នឹង បញ្ចាំភាពយន្តថ្មីៗជូនដល់អ្នកគាំទ្រក្នុងមួយខែឱ្យបានមួយរឿងគ្រប់រោងភាពយន្ត មិនឱ្យអ្នកទស្សនាខកចិត្តនោះឡើយ។ ដោយឡែកនៅថ្ងៃសម្ពោធ ក៏មានវត្តមានតារាល្បីៗរាប់មិនអស់ នៅក្នុងសិល្បៈ ចូលរួមជាភ្ញៀវកិត្តិយសផងដែរ។

អ្វីដែលគេកត់សម្គាល់ គឺ លោក ជា សុវណ្ណានរាហ៍  បានបង្ហោះនៅលើបណ្ដាញសង្គមថា ភាពយន្តនេះ គឺចៃដន្យយ៉ាងខ្លាំង ដោយសារតែដាក់លក់សំបុត្រចំថ្ងៃកំណើតរបស់លោក ដោយគេឃើញតារាក្នុងរឿងសម្ដែង Surprise ខួបកំណើតអោយលោក នៅថ្ងៃនោះផង។