អ៊ិន សុភិន ចេញមុខបដិសេធ រឿង«កាំបិតមុខ២»

0

ខណៈដែលខ្សៃភាពយន្តរឿង«កាំបិតមុខ២»ដែលសម្ដែងដោយអ្នកនាងកែវ ស្រីនាង ត្រូវបានមហាជនភាគច្រើនផ្ដោតការចាប់អារម្មណ៍ ដោយរំពឹងថានឹងល្អមើល ព្រោះជារឿងដែលមានឆ្អឹងរឿងល្អ និងជាភាពយន្តដែលPNN ហ៊ានបោះទុនចំណាយខ្ពស់នោះ ប្រភពខ្លះបានចោទការសង្ស័យថាខ្សែភាពយន្តនេះ ជារឿងដែលចម្លងសាច់រឿងពីបរទេស។ យ៉ាងណាក៏ដោយផលិតករដែលទទួលរ៉ាប់រងក្នុងផលិតភាពយន្តនេះ បានឆ្លើយបដិសេធ និងធ្វើការបកស្រាយ។

បន្ទាប់ពីសាច់រឿងលម្អិតក្នុងរឿង«កាំបិតមុខ២» ត្រូវបានទម្លាយ ហើយមានអ្នកតាមដានជាច្រើនយល់ថាសាច់រឿងដែលបានស្ដែងឡើងជារឿងដែលចម្លងចេញពីសាច់រឿងមួយរបស់បរទេស លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សបានអះអាងថា សាច់រឿងមួយនេះ មិនមែនជារឿងទិញសិទ្ធពីប្រទេសណាមួយ ឬជារឿងចម្លងពីរឿងនេះពីរឿងនោះដូចការយល់ច្រលំនោះទេ ដោយឆ្អឹងរឿងទាំងមូល និពន្ធដោយលោក វិឆ័យ សុភី ដែលមានស្នាដៃនិពន្ធរឿងភាពយន្តរាប់មិនអស់ ហើយមានការកែសម្រួល និងនិពន្ធបន្ថែមពីលោកប៉ុណ្ណោះ។ លោកថាឆ្អឹងរឿងទាំងមូល ដ្បិតថាមានឈុតឆាកខ្លះទំនងជារឿងដែលមានស្រាប់ ប៉ុន្តែគ្រប់យ៉ាងអត់មានចម្លងនោះទេ គឺជាគំនិតបង្កើតថ្មី ដោយគ្រាន់តែរឿងរ៉ាវរបស់ភាពយន្តគឺមិនអាចផ្ដាច់ចេញពីគ្នាទាំងស្រុងបានទេ គឺរមែងស្រដៀងៗគ្នាខ្លះជារឿងធម្មតា។ លោកនិយាយថា«សាច់រឿងកាំបិតមុខ២»នឹងខ្ញុំ និងអ្នកនិពន្ធរបស់មហាហង្សជាអ្នកធ្វើផ្ទាល់ ហើយសាច់រឿងអត់ដូចរឿងណាទេ តែវាអាចស្រដៀងរឿងនេះខ្លះរឿងនោះខ្លះ ព្រោះគំនិតភាពយន្តវាមិនអាចដាច់ចេញតែយើងកើតទេ ប៉ុន្តែរឿងចម្លងរឿងលួចសាច់រឿងគេគឺមហាហង្សមិនធ្វើ!»។

លោកថាភាពយន្តរឿង«កាំបិតមុខ២»ជារឿងដែលទទួលបានការចាប់អារម្មណ៍ពីបណ្ដាប៉ុស្ដិ៍ធំៗតាំងពីមុនPNN ទិញយក ប៉ុន្តែដោយសារតែលោកក៏ចង់អោយរឿងនេះផ្ទុះ ក៏សម្រេចចិត្តលក់អោយPNN ដោយលោកក៏បានសម្រិតសម្រាំងសុទ្ធតែតួអង្គល្អៗ ដើម្បីអោយចូលសម្ដែង។

លោកថាសប្បាយចិត្តដែលមានអ្នកតាមដានភាពយន្តច្រើនឡើងនិយាយពីរឿង«កាំបិតមុខ២» បើទោះជាអ្នកនេះនិយាយបែបនេះឬបែបនោះក៏ដោយ ប៉ុន្តែសំខាន់គឺបានបង្ហាញការចាប់អារម្មណ៍នៅពេលភាពយន្តរបស់លោកកាន់តែថតជិតចប់។

លោកអ៊ិន សុភិន មិនទាន់ដឹងថាភាពយន្តរឿង«កាំបិតមុខ២»នឹងត្រូវPNN ដាក់កាលបរិច្ឆេទផលិតពេលណានោះទេ ប៉ុន្តែសម្រាប់មហាហង្សដែលជាអ្នកផលិតនឹងប្រឹងសម្រុកថតអោយចប់តាមការគ្រោងទុក ហើយនឹងធ្វើអោយល្អ ដើម្បីអោយPNN ក៏មានទំនុកចិត្តក្នុងការទាក់ទាញអ្នកគាំទ្រ។ លោករំពឹងយ៉ាងខ្លាំងថាភាពយន្តនេះ នឹងទទួលបានការគាំទ្រខ្ពស់ពីអ្នកទស្សនា ជាពិសេសគឺវត្តមានរបស់អ្នកនាង កែវ ស្រីនាង ដែលក្លាយជាសេដ្ឋីនីទៅហើយ នៅត្រលប់មកកាន់តំណែងតួឯកជាថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here