យ៉ុង ច័ន្ទកណ្ណិកា ប្រកាសប្រមូលសក់ ក្នុងគម្រោងសប្បុរសធម៌

0

ចាត់ទុកថា គឺជារឿងដ៏កម្រ ដែលអ្នកនាង យ៉ុង ច័ន្ទកណ្ណិកា ម្ចាស់ហាង កណ្ណិកាសាឡន ស្រាប់តែប្រកាសប្រមូលសក់ ពោលគឺស្នើអោយអ្នកមានសក់វែងទូទាំងប្រទេស ធ្វើការបរិច្ចាគមកកាន់ហាងនាងតាមតែអាចធ្វើទៅបាន ដើម្បីអោយអ្នកនាងបានយកសក់ដែលបរិច្ចាគនោះ ទៅក្រងជាសក់សម្រាប់ពាក់ យកទៅប្រគល់ជូនអ្នកកើតមហារីកទាំងអស់ ដែលកំពុងរែកពន់ជម្ងឺធ្ងន់ធ្ងរហើយ ត្រូវកោរត្រងោលនោះ។

អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា ថា មូលហេតុដែលអ្នកនាងប្រកាសឡើងនូវមូលនិធិនេះ គឺដោយសារតែមានអតិថិជនម្នាក់ បានស្នើអោយគាត់កាត់សក់ ដើម្បីយកសក់ទៅក្រង ហើយប្រគល់អោយអ្នកកើតមហារីកម្នាក់យកទៅពាក់ ទើបអ្នកនាង យល់ថា ក្នុងនាមជាម្ចាស់ហាងសាឡនមួយ និង ក្នុងនាមជាសិល្បការិនីមួយរូប គួរតែធ្វើនូវរឿងមួយនេះ ដើម្បីប្រមូលសក់ ដើម្បីធ្វើសក់ពាក់ប្រគល់អោយទៅអ្នកកើតជម្ងឺមហារីកប្រើប្រាស់។

អ្នកនាងប្រកាសយកហាងកណ្ណិកាសាឡនទាំង២សាខា ធ្វើជាកន្លែងទទួលសក់ ដោយអ្នកមានសក់វែង ដែលចង់បរិច្ចាគ ហាងទាំង២នឹងទទួលកាត់សក់ច្នៃម៉ូដជូនដោយឥតគិតថ្លៃ ហើយអ្នកដែលកើតជម្ងឺមហារីក ដែលមានសភាពជ្រុះសក់ គឺអាចមកទទួលសក់នៅហាងអ្នកនាងគ្រប់ពេលវេលា ដោយតាមគម្រោង គឺនឹងផ្ដល់ជូន១ខែ២០សក់ ឬ ច្រើនជាងនេះ តាមចំនួនអ្នកបរិច្ចាគសក់ ហើយក៏មិនកំណត់ពេលវេលានោះដែរ ដើម្បីអោយអ្នកកើតមហារីកមានសក់ពាក់នឹងគេ ជាការផ្ដល់ស្នាមញញឹមដល់ពួកគាត់។

អ្នកនាងថា មិនមានគម្រោងទិញសក់ស្រាប់ប្រគល់ជូននោះទេ ដោយអ្នកនាងចង់អោយអ្នកកើតមហារីកទទួលបានសក់ពីការបរិច្ចាគដោយក្ដីស្រលាញ់ជាជាង បើទោះជាអ្នកត្រូវចំណាយកូនជាងកាត់អោយអ្នកបរិច្ចាគហ្វ្រី និង ចំណាយយកសក់ទៅក្រង ដើម្បីអាចពាក់បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here