« ក្រ តែមាន » ផ្ទុះការសរសើរនូវសន្តានចិត្ដដ៏ប្រពៃរបស់តារាសម្ដែងភេទទីបី កញ្ញា អ៊ុក ដារ៉េត តាំងពីមិនទាន់ល្បីល្បាញ រហូតក្លាយជាបុគ្គលមានមុខមានមាត់នៅក្នុងសង្គម

0

ពិតជារឿងមួយដែលឃើញហើយមិនសរសើរមិនបានរបស់តារាសម្ដែងភេទទីបីគឺ កញ្ញា អ៊ុក ដារ៉េត ដែលត្រូវបានមហាជនសម្គាល់ឃើញថា ជាតារាគម្រូមួយរូបដែលមានការតស៊ូរក្រាញននៀលជាមួយនឹងវិស័យសិល្បៈចាប់តាំងពីឆ្នាំ 2000 មកម្លេះ។

ដោយហេតុមិនទាន់មានកេរ្តិ៍ឈ្មោះបោះសម្លេង និង មិនទាន់មានការទទួលស្គាល់ពីមហាជន កញ្ញាក៏វិលត្រឡប់មកប្រឡូកវីស័យសិល្បៈស៊ប់ម្ដងទៀងក្នុងកំឡុងឆ្នាំ 2016 ហើយក៏ចាប់ផ្ដើមទទួលបានការគាំទ្របន្តិចម្ដងៗ ដែលការតស៊ូរបស់នាងពិតជាហុចផ្លែផ្កាមកវិញគួរជាទីកត់សំគាល់មកទល់សព្វថ្ងៃនេះ។

បច្ចុប្បន្ននេះកញ្ញាក៏ត្រូវបានគេសម្គាល់ឃើញកាន់តែមានភាពមមាញឹកនៅក្នុងសកម្មភាពសង្គមមិនថាក្នុងប្រទេស និង ក្រៅប្រទេសរហូតបានទៅលើកទង់ជាតិខ្មែរ តំណាងប្រជាជនខ្មែរ តាមរយៈ ក្រុមគ្រួសារតារាកម្ពុជា ដែលមានលោក ផាត់ តារារដ្ឋ ជាស្ថាបនិក ហើយក៏បន្តមានឱកាសបានបង្ហាញមុខនៅក្នុងកម្មវិធីធំៗ ជួបជុំជាមួយបងប្អូនសិល្បករ សិល្បការិនីគ្រប់ជំនាន់ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យកញ្ញាកាន់តែត្រូវបានគេស្គាល់ និង ទទួលដឹងពីទេពកោសល្យកាន់តែច្បាស់ថែមទៀត។

ហើយជាពិសេសជារឿយៗគេក៏ឃើញកញ្ញា រួមទាំងក្រុមសម្ដែងរបស់ខ្លួនតែងតែមានសកម្មភាពសប្បុរសធម៌ផ្សេងៗជាមួយនឹងលោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវបានគេដាក់រហ័សនាមថាជា អ្នកម្ដាយចិត្តធម៌មួយរូប ដែលតែងតែជួយជ្រោមជ្រែង និង ឈឺឆ្អាលសុខទុក្ខរបស់អ្នកសិល្បៈមិនប្រកាន់ភេទ ព័ណ៌សម្បុរនោះឡើយ ហើយរូបកញ្ញាផ្ទាល់ក៏តែងតែទទួលបានការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវផងដែរ។

ថ្វីត្បិតតែប្រឡូកសិល្បៈមិនតិចឆ្នាំក្ដី ប៉ុន្តែជីវភាពរបស់កញ្ញាក៏នៅមិនទាន់ធូរធារនៅឡើយ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ ទោះបីកញ្ញាមិនមានទ្រព្យសម្បត្តិច្រើនដូចតារាដ៏ទៃក៏ពិតមែន តែកញ្ញានៅតែមានទឹកចិត្តល្អបរិសុទ្ធ ចេះជួយយកអាសារអ្នកដ៏ទៃ ជាក់ស្ដែងមិនត្រឹមតែជួយចិញ្ចឹមអ្នកលេង តិកតុកដ៏ល្បីគឺ សុខា សុខា រហូតត្រូវបានមហាជនមួយចំនួនតិះដៀលថា ជួយមនុស្សខុសក៏កញ្ញាមិនខ្វល់ ហើយក៏បន្តជួយចិញ្ចឹមក្មេងកំព្រាអោយបានទៅរៀនដល់ថ្នាក់ទី១២ថែមទៀតផង។

ក្រៅពីនេះកញ្ញាក៏បានជួយចិញ្ចឹមភេទទី៣អត់ទីពឹងក្មេងៗអនាថាហើយបង្រៀនឱ្យចេះធ្វើការរកប្រាក់ចំណូលទោះតិចក្ដីច្រើនក្ដីឱ្យតែមានការតស៊ូព្យាយាមពិតប្រាកដចេញពីបាតដៃទទេ។ អ្វីដែលកាន់តែគួរឱ្យសរសើរ ក្រៅពីជួយយកអាសារមនុស្ស សូម្បីតែសត្វក៏នាងអាណិតពេលឈឺយកទៅចាក់ថ្នាំ ព្យាបាលថែមទៀតផង ដែលទង្វើរទាំងនេះមិនខុសពីពាក្យចាស់លោកពោលថា « ក្រតែមាន » នោះគឺ មានចិត្តចេះជួយយកអាសារ សណ្ដោសប្រណីមិនថាមនុស្សសត្វ និង មិនបង្រៀនឱ្យមនុស្សលើកដៃសុំជំនួយទាំងដែលខ្លួនមិនបានបញ្ចេញកម្លាំងពលកម្មធ្វើការ សមជាបុគ្គលមួយដ៏ល្អរបស់មហាជន និង តារាផ្សេងៗជំនាន់ក្រោយគួរយកគម្រូតាម។

ថ្មីៗនេះផងដែរ កញ្ញា អ៊ុក ដារ៉េត ក៏កំពុងសាងភាពលេចធ្លោតាមរយៈការសម្តែងវីដេអូអប់រំខ្លីៗ និង កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់មហាជនតាមរយៈបណ្ដាញសង្គមផេកផ្លូវការផ្ទាល់ខ្លួនរបស់កញ្ញាដែលមានឈ្មោះថា ម៉ែ រ៉េត ។ អ្វីដែលគួរឱ្យកត់សម្គាល់គេសង្កេតឃើញនូវសកម្មភាពលេចធ្លោរបស់កញ្ញាខ្លាំងនោះគឺ ការចុះធ្វើសប្បុរសធម៌ យោងតាមការបង្ហោះវីដេអូខ្លីមួយក្នុងផេក ម៉ែរ៉េត ឃើញស្ត្រីវ័យចំណាស់មួយរូបអង្គុយលក់នំតាមចិញ្ចើមផ្លូវពាក់កណ្តាលអធ្រាត្រទាំងមានភ្លៀងរលឹមស្រិចៗផងដែរ ដោយជិះកាត់ឃើញហើយដារ៉េតបានអោយកង់៣ឈប់បកក្រោយទៅជួយទិញគាត់ដើម្បីអោយគាត់ឆាប់បានទៅសំរាក ។

ហើយនៅមុននេះបន្តិច កញ្ញក៏ បានឡាយវីដេអូប្រកាសរកថវិកាដើម្បីយកទៅទិញសំភារៈសិក្សា ត្រៀមចែកជូនដល់សិស្សក្រីក្រតាមបណ្តាខេត្តដាច់ស្រយ៉ាលផ្សេងៗ ដែលទឹកចិត្តដ៏ល្អកម្រមាននេះហើយទើបធ្វើអោយមហាជនផ្ទុះការចូលមើល និង ស្ងើចសរសើរគ្រប់ៗគ្នាថាជាមនុស្សដែលមានទឹកចិត្តល្អ ចេះធ្វើបុណ្យដាក់ទាន មានចិត្តសណ្តោសប្រណីដល់មនុស្សសត្វ ថែមទាំងបើកឱកាសដល់អ្នកដែលចង់ចូលសម្តែងថែមទៀតផង។

តាមរយៈកិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទ កញ្ញាបានអោយដឹងថា ការសណ្តោសប្រណីដល់មនុស្ស សត្វ ការធ្វើបុណ្យដាក់ទាននេះ គឺនាងមានទឹកចិត្តតាំងពីក្មេងមកម៉្លេះ ហើយពេលដែលនាងធ្វើល្អ ធ្វើអោយនាងមានអារម្មណ៍ស្រស់ស្រាយ និង សប្បាយរីករាយជាមួយបុណ្យកុសលដែលនាងបានធ្វើ។

នៅពេលដែលលឺសំនួរមួយចោទសួរថា ហេតុអ្វីបានជាកញ្ញាខំម៉្លេះ បើខ្លួនកំពុងតែក្រលំបាក ជួលផ្ទះគេនៅ ហើយមានជំពាក់បំណុលគេនៅឡើយហ្នឹង មិនខំសន្សំសម្រាប់ខ្លួនឯងខ្លះទៅ ឃើញតែដើរជួយគេរហូត? នាងក៏ឆ្លើយភ្លាមថា « បងអើយ!បើយើងរងចាំអោយខ្លួនយើងមានគ្រប់យ៉ាងហើយបានធ្វើបុណ្យនោះ មិនដឹងជាពេលណាទេបង បើប្អូនខំប្រឹងតស៊ូយូរហើយនៅតែប៉ុណ្ណឹង អញ្ចឹងមានតែខំធ្វើបុណ្យនិងអំពើល្អទោះ ព្រោះប្អូនជាកូនកំព្រាឪពុក ម្តាយ យាយតា ហើយគ្មានកូនចៅណាក្នុងបន្ទុកអោយស្តាយស្រណោះ ណាមួយជាភេទទី៣វ័យចំណាស់មួយរូបមិនដឹងស្លាប់ពេលណាក៏មិនដឹង ចឹងយើងយកទៅបានមានតែអំពើល្អ បុណ្យកុសលនេះហើយទៅជាមួយយើង។»

ត្រង់ចំនុចនេះផងដែរឃើញថាកញ្ញា តែងប្រកាសរកជំនួយជួយដល់អ្នកជំងឺ អ្នកជួបគ្រោះថ្នាក់ចររាចរណ៍ ជនពិការ ស្ត្រីមានផ្ទៃពោះ កុមារកំព្រា និង សពដែលបានស្លាប់ដោយគ្មានសាច់ញាតិ និង គ្មានថវិកាធ្វើបុណ្យ។

ដោយសារទង្វើល្អរបស់កញ្ញានេះហើយ ទើបធ្វើអោយកញ្ញាមានកេរ្តិ៍ឈ្មោះបោះសំលេងល្បី មានហ្វេនៗគាំទ្រសរសើរច្រើន មាន Sponsor ជាហូរហែរ និង រមែងជួបនូវបុគ្គលល្អៗ តែងជួយយកអាសារនាងជារឿយៗវិញ ដូចពាក្យចាស់ពោលថា«ធ្វើល្អបានល្អ» ឬ «អំពើល្អមិនសាបសូន្យ»។

LEAVE A REPLY

Please enter your comment!
Please enter your name here