ក្រៅពីចេញបទចម្រៀងចូលឆ្នាំប្រពៃណីខ្មែររួចមកតារាចម្រៀងខ្មែរសុរិន្ទលោក ឃុង ឃុយ មិនមានបទចម្រៀងថ្មីដូចអ្នកនាង ចេន សាយចៃ នោះទេជាហេតុធ្វើឲ្យមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះការស្ងប់ស្ងាត់នេះ។
ឆ្លើយតបទៅនឹងរឿងរ៉ាវខាងលើនេះលោក ឃុង ឃុយ ឲ្យដឹងថា មូលហេតុដែលខ្លួនពុំសូវមានបទថ្មីក្រៅតែពីបទចូលឆ្នាំប្រពៃណីខ្មែរ ដោយសារតែមួយរយៈនេះលោក ជាប់រវល់ជាមួយការងារចម្រៀងនៅឯខេត្តសុរិន្ទស្ទើររកពេលទំនេរគ្មាន ទើបមិនសូវបានចេញចូលមកទទួលបទថ្មីដែលខាងផលិតកម្មថោនដាក់ឲ្យ។
មួយវិញទៀតទាក់ទងទៅនឹងការប្រើប្រាស់ពាក្យនៅក្នុងបទចម្រៀងមានពាក្យខ្លះលោក មិនសូវយល់ព្រោះតែលោកកើតនឹងធំធាត់ឡើងនៅទឹកដីខេត្តសុរិន្ទ ប្រទេសថៃ។ នៅពេលចេញបទថ្មីនៅក្នុងផលិតកម្មថោនម្ដងៗទាល់តែមានអ្នកជួយសម្រួលពាក្យពេចន៍ខ្មែរខ្លះៗទើបលោកអាចទៅរួច។
លោកថា៖”ខាងផលិតកម្មថោន បានត្រៀមបទថ្មីសម្រាប់ខ្ញុំដូច ចេន សាយចៃ ដែរតែមកពីខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់ ព្រោះរវល់ច្រៀងនៅឯខេត្តសុរិន្ទដើម្បីរកប្រាក់សិន។ នៅសុរិន្ទហ្នឹងខ្ញុំអត់មានចូលផលិតកម្មណាមួយផងគឺខ្ញុំជាអ្នកចម្រៀងFreelance”។
គួររម្លឹកថា លោក ឃុង ឃុយ ក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មថោនក្នុងឆ្នាំ២០១៦ ហើយបទចម្រៀងមួយចំនួនរបស់លោក ទទួលបានការគាំទ្រពីទស្សនិកជននៅក្នុងស្រុកខ្មែរផងដែរ។ ពិសេសបទចម្រៀងចេញនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរចាប់ដៃគូជាមួយ ចេន សាយចៃ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនទាំងក្នុង និងក្រៅសិល្បៈ៕