អ្នកហៅតួថតមួយរូប រិះគន់ករណីកេងប្រវ័ញ្ចតារាសិល្បៈ កំពុងកើតមាន

0

ខណៈរឿងរ៉ាវកេងប្រវ័ញ្ចញើសឈាមតារាសិល្បៈត្រូវបានគេលេចឮខ្លាំងនៅក្នុងពិភពសិល្បៈ លោក សែម ធារិន្ទ ដែលត្រូវបានគេស្គាល់ថាជាប្រធានក្លិបសិល្បៈមួយ និងជាអ្នកដាក់តួនៅតាមសកម្មភាពចេញថតផ្សេងៗ បានចេញមុខរិះគន់យ៉ាងខ្លាំង ចំពោះករណីស៊ីញើសស៊ីឈាមតារាថ្មី ដោយលោកបានហៅថាស្ថានភាពនេះថាជាការបំផ្លាញមុខមាត់អ្នកសិល្បៈ និងជាពិសេសគឺធ្វើអោយខូចឈ្មោះផលិតកម្មតែម្ដដង។

លោកទទូចអោយម្ចាស់ផលិតកម្មដែលទាក់ទងហៅតួតាមរយៈតារាមួយចំនួនគិតគូពីបញ្ហានេះឡើងវិញ ដើម្បីកុំអោយតារាថ្មីក្លាយជានុយនៃការកេងប្រវ័ញ្ចពីសំណាក់អ្នកហៅតួ ហើយធ្វើអោយតារាទាំងនោះក្លាយជាបុគ្គលបាក់ទឹកចិត្តក្នុងសិល្បៈ។

លោកបានបង្ហោះនៅលើហ្វេសប៊ុកថា លោកមានការមិនពេញចិត្តយ៉ាងខ្លាំង ដែលបណ្ដាអ្នកហៅតួមួយចំនួន បានបង្កស្ថានភាពមិនពេញចិត្តចំពោះតារាក្មេងៗថ្មីៗកាន់តែច្រើន ដោយទារពីម្ចាស់ផលិតកម្ម និងម្ចាស់ក្រុមហ៊ុនដែលត្រូវការតួថតបានដល់១០០ដុល្លារក្នុងម្នាក់ ឬច្រើនជាងនេះ ប៉ុន្តែអោយតួដែលខ្លួនហៅទៅតែ២៥ និង៣០ដុល្លារ ហើយខ្លះទម្លាក់អោយត្រឹមតែ១៥ដុល្លារជាដើម ដែលលោកបានហៅករណីនេះថាគឺជាទង្វើស៊ីញើសស៊ីឈាមតារាសិល្បៈ មិនគួរអោយមានបន្ត។ លោកថាតារាថ្មីៗ ដែលគ្មានជម្រើសគឺមានតែទ្រាំ ហើយរអ៊ូប៉ុណ្ណោះ ខណៈដែលស្ថានភាពនេះ កំពុងធ្វើអោយវិស័យសិល្បៈស្អុយរលួយដល់ស្រទាប់មហាជន ដែលធ្វើអោយអ្នកមានសមត្ថភាពផ្សេងទៀត លែងចង់ប្រឡូកក្នុងសិល្បៈ។

លោកថាក្នុងនាមជាប្រធានក្លិប និងជាអ្នកដឹកនាំហៅតួគួរតែមានសីលធម៌ក្នុងការកាត់ប្រាក់អោយសមនឹងការលះបង់របស់តារា ដើម្បីអោយតារាអាចទទួលបានសម្រាប់តម្លៃខ្លួនដែលយកបាន។ លោកកាន់តែរិះគន់ចំពោះបណ្ដាអ្នកដឹកនាំតួមួយចំនួន ដែលតម្រូវអោយតារាបង់លុយដើម្បីបានថត និងខ្លះមានដល់កាត់តម្លៃខ្លួនពីតួដែលបានកម្រៃតិចតួចនោះទៅទៀត ដោយមិនខ្វល់ពីការលំបាករបស់តួ។

លោកនិយាយថា«អ្នកហៅតួ មិនគួរស៊ីញើសស៊ីឈាមតារាសម្តែងទាំងចាស់ទាំងថ្មីពេកទេ ព្រោះឥឡូវតារាភាគច្រើនកំពុងនិយាយរឿងហ្នឹង បានពីគេ(ម្ចាស់ផលិតកម្ម)100$ ឲ្យគ្នាតែ25$-30$ ហើយខ្លះតម្រូវអោយតួដាក់ស៊ីវីបង់15$ អីទៀត មានអ្នកធ្វើតែចឹងបានសិល្បៈទៅមុខអត់រួចៗ»។

លោកថាខ្លួនជាអ្នកហៅតួអោយចេញថតនៅតាមផលិតកម្មនានាប្រមាណជាង៤ឆ្នាំមកហើយ តែមិនដែលមានបញ្ហាលើករណីនេះទេ ទើបលោកទទូចអោយម្ចាស់ផលិតកម្មមុននឹងសម្រេចអោយបុគ្គលណាហៅតួអោយថត ក៏គួរតែសិក្សាមុនដែរ ដើម្បីកុំអោយខូចឈ្មោះផលិតកម្ម។

លោក សែម ធារិន្ទ បន្តថា តារាក្មេងៗច្រើនណាស់បានបង្ហាញពីការបាត់បង់ទំនុកចិត្តក្នុងការសម្ដែង ដោយសារតែតារាមួយចំនួនប៉ះតែអ្នកហៅថតប្រភេទនេះ ខណៈដែលស្ថាភាពនេះមិនគួរបណ្ដាម្ចាស់ផលិតកម្មបន្តអោយកើតមានទៀតទេ ដើម្បីកុំអោយស្អុយឈ្មោះដល់ផលិតកម្មដែលមិនបានដឹងរឿង។ យ៉ាងណាមិញ លោកក៏សរសើរចំពោះបណ្ដាផលិតករល្អៗ ដែលដាក់តួល្អៗ ហើយផ្ដល់តម្លៃអោយតារាសមរម្យសមនឹងការចំណាយលើសំលៀកបំពាក់របស់តួនោះដែរ ដោយលោកនិយាយថាបើការស៊ីញើសស៊ីឈាមរបស់តារាសិល្បៈមានលក្ខណៈសមស្របក៏តារាទាំំងនោះអាចទទួលយកបានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here