សឿងណាស់! ភី សម័យ ប្រកាសធ្វើរឿងមួយ អត់ខ្វល់អាយុជីវិត.. (មានវីដេអូ)

0

មិនខុសពីឆ្នាំមុន ពិធីថ្ងៃខួបកំណើតរបស់តារាសម្ដែង និងជាអ្នកផាត់មុខ កញ្ញា ភី សម័យ នៅតែមានសភាពធំដុំ ប៉ុន្តែអ្វីដែលគេកត់សម្គាល់គឺនាងប្រកាសជំហរនឹងធ្វើរឿងមួយអោយខានតែបាន បើទោះជារឿងមួយនោះត្រូវបានសាច់ញាតិមិនគាំទ្រ និងត្រូវគេបារម្ភថានឹងធ្វើអោយនាងមានការប៉ះពាល់ដល់អាយុជីវិតនៅថ្ងៃក្រោយ។ នាងអះអាងថា នោះគឺជាបំណងដែលនាងចង់បាន ហើយប្រសិនបើនាងមិនអាចធ្វើបាន ក៏នាងមិនអស់ចិត្តនោះដែរ។

ក្នុងពិធីខួបកំណើតដែលបានធ្វើឡើងយ៉ាងអធឹកអធមកាលពីយប់ថ្ងៃទី១១ ធ្នូនោះ គេកត់សម្គាល់ថាតារាកិត្តិយសច្រើននាក់ដែលបានចូលរួម សុទ្ធសឹងតែតារាដែលមានឈ្មោះបោះសំឡេង ខុសឆ្ងាយពីឆ្នាំមុន ដែលក្នុងកាលនោះគឺមិនសូវមានវត្តមានតារាល្បីៗ ហើយបើទោះជាមានក៏តារាទាំំងនោះមិនសូវរំលេចភាពស្និទ្ធស្នាល និងមកតែចងដៃបំពេញកិច្ច ដែលអាចបណ្ដាលមកពីកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់នាងមិនទាន់ខ្លាំងដូចពេលនេះ។ កញ្ញា ភី សម័យ ដែលត្រូវគេស្គាល់ថាតារាភេទទី៣ បានអះអាងថាតារាសិល្បៈឆ្នាំនេះ នាងអញ្ជើញមកច្រើនជាងមុន ហើយតារាភាគច្រើនក៏មិនសូវនឹងអវត្តមានដូចគ្នានឹងឆ្នាំមុនផងដែរ ទើបធ្វើអោយនាងសប្បាយចិត្តដល់ថ្នាក់ចង់ស្រក់ទឹកភ្នែក។

នាងថាសប្បាយចិត្តដែលបងប្អូនតារាសិល្បៈផ្ដល់កិត្តិយសអោយនាង ខណៈដែលភ្ញៀវម្នាក់ៗក៏មានសភាពស្និទ្ធស្នាលដាក់គ្នាទៅវិញទៅមក ធ្វើអោយនាងមើលឃើញពីការស្រឡាញ់រាប់អាន និងអោយតម្លៃនៅក្នុងកម្មវិធីរបស់នាង។ ជាមួយនឹងអារម្មណ៍សប្បាយចិត្តនាង ក៏បានប្រកាសថានឹងត្រៀមខ្លួនកែភេទអោយក្លាយជាស្រីស្អាតតាមក្ដីស្រម៉ៃផងដែរ ដោយនាងមិនមានការញញើតនឹងសុវត្ថិភាពទៅថ្ងៃអនាគតនោះឡើយ។

តារាសម្ដែង រូបនេះ និយាយថា សម្រាប់ផ្នែកខាងលើនាងកែរួចហើយ ដូច្នេះមិនមានរឿងខ្លាចសម្រាប់ឱកាសវះកាត់កែប្រែផ្នែកខាងក្រោមនោះទេ ខណៈដែលនាងក៏ប្រកាសពីការសន្សំថវិកាអោយបានគ្រប់គ្រាន់ដើម្បីកែភេទអោយក្លាយជាស្រីពេញលក្ខណៈ។

នាងប្រកែកមិនមែនកែភេទដើម្បីបំពេញតម្រូវការបុរសណាម្នាក់នោះទេ ប៉ុន្តែអ្វីដែលនាងចង់បានគឺចង់អោយខ្លួនក្លាយនារីតាមក្ដីស្រម៉ៃ ដោយមិនមែនជាប្រុសមួយកំណាត់ និងនារីមួយកំណត់ដូចសព្វថ្ងៃ។ ភី សម័យ ថ្លែងបញ្ជាក់ដោយមុតមាំថា នាងនឹងកែភេទក្នុងពេលខាងមុខ ហើយនាងមិនខ្លាចពីការប៉ះពាល់ចំពោះអនាគតរបស់ខ្លួននៅពេលខាងមុខនោះឡើយ បើទោះជាមានការបង្អាក់ជំហររបស់នាងថាការសម្រេចចិត្តកែភេទ នឹងជៀសពីការប៉ះពាល់មិនរួចខុសពីមនុស្សដែលមិនធ្វើការកែភេទ។ យ៉ាងណាមិញ ជំហររបស់នាងគឺជាអ្វីដែលមានកើតមានច្រើនសម្រាប់ក្រុមតារាភេទទី៣នៅក្នុងពេលចុងក្រោយ ជាពិសេសនៅក្នុងកាលៈទេសៈ ដែលបច្ចេកវិទ្យាវះកាត់កែភេទ ក៏ត្រូវបានធ្វើឡើងដោយគ្មានផលប៉ះពាល់។

ក្នុងពិធីខួបកំណើតរបស់នាងឆ្នាំ គេឃើញបណ្ដាភ្ញៀវចូលរួមកុះករ ដោយភាគច្រើនគឺជាតារាសិល្បៈមកពីគ្រប់មជ្ឈដ្ឋានតែម្ដង ជាពិសេសក្រុមមកក្រុម«គ្រួសារតារាកម្ពុជា» ដែលនាងក៏ជាសមាជិកនៅទីនោះ។ តារាសិល្បៈដែលមានវត្តមាននៅក្នុងថ្ងៃនោះរួមមាន អ្នកនាងលី ម៉ារីណា, លោក រតនៈ វិសិដ្ឋ, ក្រុមកំប្លែងកញ្ញា យ៉េយ៉េ, អ្នកនាងពេជ្រ ខេនឌី, អ្នកនាង លី ច័ន្ទសីហា, លោកនាង វ៉ាងសាន់, កញ្ញាប៊េប៊ី, លោក រុន ណាកូ, លោក ត្រាយ៉ាកូ, លោកមាស សៀវប៉ាយ, លោកយន វុទ្ធី, លោកគន់រៀម រតនៈ, កញ្ញា នី ម៉ារីណា, លោកវង្ស ថាណាន់, កញ្ញា សោភា ទេពី, កញ្ញា ហ៊ិនលីដា, លោកព្រហ្ម ប្រសិទ្ធី, លោកម៉ឺនឯក សុភារិទ្ធិ, កញ្ញា ខ្លឹម ស្រីគារ, កញ្ញា ស៊ីងស៊ីង, កញ្ញា រៀម ច័ន្ទបរមី, លោកស៊ូ បញ្ញា, លោក សេម ម៉ាកូ, ចៅខ្មែរ, លោក រ៉ា វិរៈ, លោក កញ្ញា ទេព មុន្នីរក្សា, កញ្ញាមួកតា, និងតារាចាស់ថ្មីជាច្រើនរូបទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here