ចៃដន្យណាស់! នីកូ និង សុគន្ធ ដេវីត បង្ហោះបទស្របគ្នា ហើយបើនិយាយពីអត្ថន័យដូចតភាគ

0

ខណៈដែលតារាចម្រៀងចេញបទ«កុំស្ដាយពេលបាត់បង់ខ្ញុំ» ដែលមានអ្នកចូលទស្សនាច្រើនពាន់ដងតែប៉ុន្មានម៉ោងក្រោយបង្ហោះ ដោយផលិតកម្មហង្សមាសមុននេះ ស្រាប់តែតារាចម្រៀងលោក សុគន្ធ ដេវីត ក៏បង្ហោះបទ«១០គត់»ដែលបទចម្រៀងទាំង២ ហាក់ដូចជាមានអត្ថន័យសាច់រឿងប្រទាក់ក្រឡាគ្នា។ បទចម្រៀងរបស់លោក សុគន្ធ ដេវីត និយាយពីនារីម្នាក់ក្បត់ចិត្ត ហើយបោះបង់តួប្រុសអោយក្លាយជាមនុស្សឯកោ ហើយបទចម្រៀងរបស់លោក នីកូ មានសាច់រឿងនិយាយពីការស្ដាយក្រោយ ក្រោយពេលបាត់បង់មនុស្សជាទីស្រឡាញ់។

បទចម្រៀងទាំងពីរនេះ ចេញបង្ហោះខុសគ្នាតែមួយថ្ងៃប៉ុណ្ណោះ តែបទចម្រៀងរបស់លោក នីកូ បានក្លាយជាបទផ្ទុះ ដោយសារតែសាច់រឿងក្នុងបទរបស់លោកគឺមិនខុសពីការទូន្មានមនុស្សដែលមិនបានធ្វើល្អនឹងមនុស្សដែលខ្លួនស្រឡាញ់គោរព ក្នុងពេលមនុស្សទាំងនោះនៅក្បែរ ហើយរហូតដល់បាត់បង់ទើបប្រើពាក្យសុំទោស និងស្ដាយក្រោយ។ បទចម្រៀងរបស់លោកបុកត្រូវអារម្មណ៍អ្នកទស្សនាទាំងវ័យកណ្ដាល វ័យចំណាស់ និងយុវវ័យ ដោយសារតែទាំងអត្ថន័យច្រៀង និងសាច់រឿងគឺមានន័យដាស់តឿនដល់មនុស្សគ្រប់រូបអោយចេះធ្វើអំពើល្អចំពោះមនុស្សនៅជុំវិញខ្លួនតាមអ្វីដែលអាចធ្វើបានភ្លាមៗកុំរង់ចាំហួសពេល។

បទចម្រៀងនេះមិនសំដៅតែរឿងស្នេហានោះទេគឺសំដៅលើស្ថានភាពរស់នៅទូទៅ ទើបគ្រាន់តែបង្ហោះមិនដល់ប៉ុន្មានម៉ោងផង ក៏ផ្ទុះកម្រើកតែម្ដង។ យ៉ាងណាមិញ បទចម្រៀងមួយនេះ ក៏មានអត្ថន័យត្រូវគេប្រដូចថាប្រឡាជាមួយសាច់រឿងក្នុងបទ«១០គត់»របស់តារាចម្រៀង លោក សុគន្ធ ដេវីត ដែលបានចេញបង្ហោះនៅក្រោយប៉ុន្មានម៉ោងនោះផងដែរ។ អ្នកស្នេហាវិស័យបទចម្រៀងជាច្រើនបានទាញសាច់រឿង និងអត្ថន័យរបស់បទទាំង២ភ្ជាប់គ្នា ដោយម្នាក់ៗនិយាយថា បទរបស់លោក សុគន្ធ ដេវីត សំដៅលើសាច់រឿងមនុស្សបានសាងកំហុសដោយបោះបង់មនុស្សដែលខ្លួនស្រឡាញ់អោយទឹកភ្នែក ហើយចំណែកបទចម្រៀងរបស់លោកនីកូ សំដៅពីមនុស្សដែលធ្វើខុសចំពោះបុគ្គលណាម្នាក់សោកស្ដាយនៅពេលមនុស្សដែលខ្លួនបោះបង់លែងអាចត្រលប់មកវិញ។

លោក សុគន្ធ ដេវីត និយាយថា លោកមិនបានដឹងថាតារាចម្រៀងនីកូចេញបទចម្រៀង«កុំស្ដាយពេលបាត់បង់ខ្ញុំ» និងមានសាច់រឿងត្រូវគេភ្ជាប់ខ្លឹមសារនឹងសាច់រឿងក្នុងបទចម្រៀងរបស់លោកនោះទេ ប៉ុន្តែអ្វីដែលលោកកត់សម្គាល់គឺមានអ្នកគាំទ្រមួយចំនួននិយាយថា បទរបស់លោក និងបទ«កុំស្ដាយពេលបាត់បង់ខ្ញុំ» មានសាច់រឿងអាចភ្ជាប់គ្នាបាន ហើយសម្រាប់អត្ថន័យបទចម្រៀង ក៏មើលទៅដូចតសាច់រឿងជាមួយគ្នា។ អ្វីដែលលោកកាន់តែភ្ញាក់ទៅទៀត គឺបទចម្រៀងទាំង២បង្ហោះឡើងក្នុងពេលស្របគ្នា ដោយខុសគ្នាត្រឹមតែមួយថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here