ហាក់ ធៀមុនី បរាជ័យលើទឹកដីជប៉ុន

0

ប៉ុន្មានថ្ងៃមកហើយ ដែលតារាសម្ដែង និងជាពិធីករផង លោក ហាក់ ធៀមុនី បង្ហាញខ្លួននៅក្នុងប្រទេសជប៉ុន ដោយលោកបានប្រកាសតាំងពីមុនចាកចេញថា ដើម្បីទៅសម្រេចកិច្ចការមួយ ដែលលោកសំឡឹងឃើញ។ យ៉ាងណាមិញ លោកថាដំណើររបស់ខ្លួនមិនទទួលបានផ្លែផ្កានោះទេ ក្នុងពេលដែលលោកចំណាយពេលច្រើនថ្ងៃមកហើយ ប៉ុន្តែនៅតែមិនអាចស្វែងរកដំណោះស្រាយតាមការចង់បាន។

លោក ហាក់ ធៀមុនី និយាយថាលោកឡើងទៅលេងប្រទេសជប៉ុនលើកនេះ គឺដើម្បីមកសំឡឹងមុខទំនិញមួយចំនួន ពាក់ព័ន្ធនឹងមុខជំនួញបើកហាងអាហារ និងហាងកាហ្វេប្រេនៗ ដែលរួមមានផលិតផលប្រចាំ និងសំបកវិចខ្ចប់អាហារជាដើម ដើម្បីនាំចូលទៅកាន់កម្ពុជា ហើយអាចឈានដល់ការបោះដុំតាមហាងដែលត្រូវការផង។ ផលិតផលទាំងនោះ ត្រូវលោកជម្រើសបានតាមការចង់បានយ៉ាងច្រើនមុខ ជាពិសេសគឺការបំពេញតម្រូវលើមុខជំនួញកាហ្វេអាម៉ាហ្សូនតែម្ដង ដែលក្នុងក្រុមហ៊ុននេះ លោកក្រៅពីជាអ្នកត្រួតពិនិត្យស្ដង់ដារហាងនីមួយៗថាត្រូវបរិដ្ឋានរបស់ក្រុមហ៊ុនឬយ៉ាងណា លោកក៏ជាបណ្ដុះបណ្ដាលជំនាញបើកហាងរបស់ក្រុមហ៊ុនអាម៉ាហ្សូនផងដែរ។ លោកថាក្រោយការសំឡឹងឃើញ មានទំនិញជាច្រើនដែលលោកត្រូវការ ប៉ុន្តែមកពីមានបញ្ហាមួយចំនួនទើបលោកមិនអាចនាំចេញទៅបាន ជាពិសេសគឺភាពស្មុគស្មាញ នឹងលក្ខខ័ណ្ឌក្នុងការនាំចេញតែម្ដង ទើបលោកយល់ថាដំណើរមកមើលមុខជំនួញនៅជប៉ុន មិនទទួលបានលទ្ធផល។

លោកថាទំនិញរបស់ជប៉ុនបើបូកទាំងនាំចេញ និងការសុំច្បាប់គឺមានតម្លៃខ្ពស់ខ្លាំងណាស់ ទើបលោកមិនអាចនាំចូលបានទេ ដោយសារតែតម្លៃដែលធ្វើការកុម្ម៉ង់នោះ ដ្បិតថាស្អាត និងមានស្ដង់ដារពិតមែន ប៉ុន្តែពិបាកប្រកួតប្រជែងទីផ្សារទំនិញនៅកម្ពុជា។

លោកនិយាយថា«ខ្ញុំមកលេងជប៉ុនលើកនេះ ទទេតែម្ដង ដោយសារតែឥវ៉ាន់ដែលខ្ញុំចង់កុម្ម៉ង់ សុទ្ធតែថ្លៃៗយកទៅអត់កើត ហើយបើការដើរលេងវិញ ក៏មិនសូវបានជុំជាមួយបងប្អូននោះដែរ ដោយសារតែពួកគាត់ម្នាក់ៗរវល់ច្រើន!»។

លោកថាដំណើរទៅកាន់ជប៉ុនលើកនេះ គឺមានគម្រោងមកដើរលេងបងប្អូនផងដែរ បន្ថែមពីលើគម្រោងចង់ទិញទំនិញដើម្បីនាំចូលកម្ពុជា។

ប៉ុន្តែលទ្ធផលមិនមានផ្លែផ្កានោះទេ ដោយនៅក្នុងនោះគឺសូម្បីតែគម្រោងដើរលេងអោយបានច្រើនជាមួយបងប្អូនដែលលោកមកលេង ក៏មិនសូវមានច្រើន ដោយសារតែបងប្អូនលោករវល់ធ្វើការ។

យ៉ាងណាមិញ លោកថាខ្លួនក៏បានស្គាល់ទឹកដីជប៉ុនក្នុងគម្រោងនេះដែរ បើទោះជាការចំណាយពេលដែលលោករំពឹងថានឹងអាចចាប់ដៃជាមួយក្រុមហ៊ុនរបស់ប្រទេសជប៉ុន ដើម្បីកុងត្រានាំចូលផលិតផលខ្លះមកកាន់កម្ពុជា ស្រាប់តែមិនអាចទៅរួចដែលមិនខុសពីខកចិត្តអត់អំពើរ។ លោកថាខ្លួនមានតែទៅកុម្ម៉ង់ទំនិញដែលលោកចង់បាននៅក្នុងប្រទេសថៃវិញប៉ុណ្ណោះ បើទោះជាទំនិញរបស់ប្រទេសថៃ មិនស្អាត និងមិនមានគុណភាពល្អស្មើនឹងជប៉ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here