ព្រះរាជវង្ស អង្គឌួង លើកមុខមាត់ជាតិ នៅក្នុងប្រទេសថៃ

0

នៅលើអាក់ខោនផ្លូវការ របស់លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលគេស្គាល់លោកថា គឺជាសែស្រឡាយនៃព្រះរាជវង្សអង្គឌួង បានបង្ហោះពីមោទនភាពជាតិគួរអោយសរសើរយ៉ាងខ្លាំង បន្ទាប់ពីទ្រង់បានដឹកនាំសិល្បករមួយក្រុមពីកម្ពុជា ទៅចូលរួមដង្ហែរអង្គកឋិនទានរបស់លោកឪហ្លួង សំ សុវណ្ណ នៅវត្តភ្នំឌិនសុវណ្ណារ៉ាម ដែលជាវត្តខ្មែរស្ថិតនៅខេត្តបុរីរ៉ាំ ប្រទេសថៃ ហើយធ្វើអោយមានការចាប់អារម្មណ៍ក្នុងការនាំយកប្រពៃណីដ៏ផូរផង់របស់ខ្មែរ យកទៅផ្សព្វផ្សាយនៅទីនោះ។

លោកគឺព្រះរាជវង្សអង្គឌួង ដែលប្រើភាពសាមញ្ញក្នុងនាមជាអ្នកសារព័ត៌មាន តែបានចូលរួមលើកស្ទួយអ្នកសិល្បៈខ្មែរ និង បានបំផុសនូវព្រឹត្តិការណ៍ធំៗជាច្រើន ដើម្បីអោយមានការយកចិត្តទុកដាក់អោយខ្លាំងឡើងវិញ ពីសំលៀកបំពាក់បុរាណខ្មែរ។

នៅក្នុងព្រឹត្តិការណ៍ ដែលលោក ផាត់ តារារដ្ឋ ដែលមានឈ្មោះជាព្រះរាជវង្សថា អង្គឌួង តារារដ្ឋ ដឹកនាំសិល្បករខ្មែរ ទៅនាឱកាសនោះ គឺទ្រង់ និង អ្នកសិល្បៈខ្មែរ ក៏បានលើកទង់ជាតិកម្ពុជា អមដោយសំលៀកបំពាក់ឆ្លុះបញ្ចាំងពីវប្បធម៌បុរាណរបស់ខ្មែរ ដែលធ្វើអោយគេគេមើលឃើញពីមោទកភាពផងដែរ ខណះដែលពិធីបុណ្យកឋិនទាននោះ មានការចូលរួមដោយតំណាងប្រទេសចំនួន៥ គឺ ថៃ កម្ពុជា ឡាវ សិង្ហបុរី និង ហុងកុង តែកម្ពុជា មានភាពលេចធ្លោរជាងគេ ដោយសារតែអ្នកអង្គម្ចាស់ អង្គឌួង តារារដ្ឋ ដែលជាបុត្រាពៅរបស់ ព្រះអង្គម្ចាស់ អង្គឌួង នីរ៉ាំង ហៅម្ចាស់កណ្ដាល និង អ្នកម្នាងគង់ ជា ដែលអ្នកម្នាងក៏ជាព្រះញាតិនៃព្រះរាជវង្សផងដែរ បានដឹកនាំសិល្បករជាច្រើន អោយគ្រងនូវឈុតប្រពៃណីខ្មែរ ឡើងបង្ហាញសិល្បៈរបស់ខ្មែរ និង បានលើកទង់ជាតិខ្មែរ យ៉ាងស្រុះដៃ។

នៅក្នុងពិធីដង្ហែរអង្គកឋិនទាន៥ប្រទេស ដែលធ្វើអោយអ្នកណាៗក៏ចាប់អារម្មណ៍ ជាពិសេសនៅពេលសិល្បករខ្មែរ សុទ្ធតែគ្រងដោយឈុតនុរាណ និង ឈុតតំណាងជាតិ ដែលបង្ហាញពីអ្វីដែលវប្បធម៌របស់ខ្មែរ។ អ្នកអង្គម្ចាស់ អង្គឌួង តារារដ្ឋ ដែលអ្នកនៅកម្ពុជាភាគច្រើនស្គាល់ត្រឹមតែជាអ្នកសារព័ត៌មានដ៏សាមញ្ញ ក៏ត្រូវបានអ្នករៀបចំពិធីនៅក្នុងប្រទេសថៃ លើកតម្កើងអោយជិះដំរីស្ដេចនាំមុខ និង បានលើកទង់ជាតិលើខ្នងដំរី នាំមុខក្បួនផងដែរ។

អ្នកអង្គម្ចាស់ អង្គឌួង តារារដ្ឋ ដែលប្រើតែឈ្មោះសាមញ្ញថា ផាត់ តារារដ្ឋ បានលើកឡើងថា នៅខាងប្រទេសថៃ មានមនុស្សច្រើនណាស់ ដឹងថាលោកគឺជាព្រះរាជវង្ស ដោយសារតែព្រះរាជវង្សជាច្រើនអង្គ ដែលមានទំនាក់ទំនងស្និទ្ធិនឹងទ្រង់ ឧស្សាហ៍ឡើងចុះធ្វើបុណ្យនៅទីនោះ ហើយតែងតែណែនាំអោយជនជាតិថៃបានស្គាល់ពីអត្តសញ្ញាណពិតរបស់ព្រះអង្គ ទើបជាហេតុធ្វើអោយ អ្នករៀបចំអង្គកឋិនទាននៅភ្នំឌិនសុវណ្ណារ៉ាម របស់លោកឪសុវណ្ណ បានយាងលោកអោយចូលរួម ក្នុងនាមជាព្រះរាជវង្សមួយរូប ដើម្បីអោយព្រះអង្គបានចូលរួមផ្សព្វផ្សាយបំផុសព្រឹត្តិការណ៍ ជួយដល់វត្តរបស់លោកឪផង។

អ្នកអង្គម្ចាស់ អង្គឌួង តារារដ្ឋ បញ្ជាក់ថា មោទនភាពដែលលោកបានទទួលនៅក្នុងប្រទេសថៃ នៅក្នុងថ្ងៃនោះ មិនមែនជាលើកដំបូង គឺបានទទួលច្រើនលើកមកហើយ ពោលគឺគ្រប់ពេលចូលរួម ដោយគ្រាន់តែមិនមានការផ្សព្វផ្សាយ តែលើកនេះទ្រង់ចាត់ទុកថាគឺមុខមាត់ជាតិមួយដ៏ធំ ដែលបានរួមចំណែកទៅផ្សព្វផ្សាយវប្បធម៌ និង បានអោយគេដឹងថា ខ្មែរក៏មានវប្បធម៌ដ៏ផូរផង់ជាច្រើន ដែលពិភពលោកគួរតែដឹងអោយទូលាយ។

នៅក្នុងព្រឹត្តិការណ៍នោះ ក៏មានការស្វាគមន៍យ៉ាងពេញទំហឹងពីតារាល្បីៗថៃ និង ពីបងប្អូនទាំងខ្មែរ និង ថៃ ដែលបានចូលរួមផងដែរ ជាពិសេសក្នុងពេលបើកឆាកប្រគំតន្ត្រីដែលក្រុមតារាខ្មែរឡើងបង្ហាញ និង ពេលដង្ហែរឈុតបុរាណ។ អ្នកអង្គម្ចាស់ អង្គឌួង តារារដ្ឋ និង ក្រុមសិល្បៈ ក៏សម្ដែងនូវការអរគុណជាពិសេស ដល់ លោកស្រី Ritaa Yojung ដែលជាជនជាតិថៃ និង ជាអ្នករៀបចំព្រឹត្តិការណ៍ ដែលបានអញ្ជើញ និង ផ្ដល់កិត្តិយសដល់តំណាងរបស់កម្ពុជា ក៏ដូចជាអរគុណដល់លោកឪ សំ សុវណ្ណ ព្រះចៅអធិការវត្តភ្នំឌិនសុវណ្ណារ៉ាម នៅខេត្តបុរីរ៉ាំ ប្រទេសថៃ ដែលបានលើកកិត្តិយសព្រះរាជវង្សខ្មែរ និង សិល្បករខ្មែរ នៅក្នុងពិធីនោះ៕









LEAVE A REPLY

Please enter your comment!
Please enter your name here