អ្នកគ្រូ គង់ ណារី ត្អូញត្អែរពីជំងឺធ្វើទុក្ខ ដំណាក់កាលចុងក្រោយ

0

ក្នុងឱកាសចុះសួរសុខទុក្ខដោយផ្ទាល់នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ កាលពីរសៀលថ្ងៃទី២៥ វិច្ឆិកា អ្នកគ្រូ គង់ ណារី ដែលមានជំងឺ ក្រិនថ្លើម និងទាចទឹក ក្នុងដំណាក់កាលចុងក្រោយ បានថ្លែងប្រាប់«គ្រួសារតារាកម្ពុជា»អោយដឹងពីសភាពជំងឺធ្វើទុក្ខ ដែលបានកើតឡើងចំពោះអ្នកគ្រូនៅក្នុងពេលនេះ។ យ៉ាងណាមិញ គេឃើញអ្នកគ្រូនៅតែមានស្មារតីរឹងមាំ ដោយអ្នកគ្រូបញ្ជាក់ថាមិនតក់ស្លុតនឹងអ្វីដែលបានកើតឡើងនោះផង។ អ្នកគ្រូ គង់ ណារី មានប្រសាសន៍ថា អ្នកគ្រូចាប់ផ្ដើមចុកចាប់ពេញខ្លួន ពិបាកដកដង្ហើម និងមានសភាពស្គមស្គាំងមិនមានកម្លាំងសូម្បីតែក្រោកអង្គុយបានទេ ដោយសារតែសភាពពោះរបស់អ្នកស្រីរីកធំ ហើយមានទឹកក្នុងពោះធ្ងន់ ស្របគ្នាដែលអ្នកគ្រូក៏មានសភាពឈឺចាប់ដោយកន្លែង។ អ្វីដែលអ្នកគ្រូពិបាកទ្រាំទៅទៀតនោះ គឺអ្នកនាងគ្រូមានសភាពធ្លាក់ឈាម ដល់ថ្នាក់បណ្ដាលអោយរាងកាយចុះស្គម ហើយសម្រាកមិនបាន ដែលធ្វើអោយអ្នកគ្រូបញ្ជាក់យ៉ាងខ្លីថាពិបាកទ្រាំខ្លាំងណាស់ ទើបអ្នកគ្រូមិនតក់ស្លុតនឹងលទ្ធផលចុងក្រោយ តាមអ្វីដែលគ្រូពេទ្យបានទម្លាយ។ យ៉ាងណាមិញ អ្នកគ្រូបានបង្ហាញអារម្មណ៍ចង់ជា និងចង់រស់នៅអោយបានអាយុវែង ដោយអ្នកគ្រូប្រាប់ថាបើអ្នកគ្រូបានជានោះអ្នកគ្រូនឹងបំពេញតួនាទីក្នុងការលើកស្ទួយវិស័យសិល្បៈអោយបានកាន់តែច្រើនដើម្បីអ្នកសិល្បៈជំនាន់ក្រោយ។

ជាមួយនឹងការផ្ដែផ្ដាំដល់អ្នកសិល្បៈអោយចេះធ្វើអ្វីដែលល្អ ដែលមើលមួយភ្លែតហាក់ដូចជាអ្នកគ្រូមានសុខភាពប្រក្រតី អ្នកគ្រូ គង់ ណារី ត្រូវបានគេកត់សម្គាល់ថាមានសភាពស្គមស្លេកស្លាំង ក្បាលពោះរីកធំព្រោះតែទាចទឹក និងក្រិនថ្លើម ដល់ដំណាក់កាលចុងក្រោយ ដែលអ្នកគ្រូប្រាប់ថាបង្កការលំបាកចំពោះសុខភាពចុងក្រោយរបស់អ្នកគ្រូយ៉ាងខ្លាំង។ ក្នុងឱកាសចុះសួរសុខទុក្ខនោះ គ្រួសារតារាកម្ពុជាបានប្រគល់ថវិកា ដែលប្រមូឡបានពីការបរិច្ចាគរបស់តារាសិល្បៈ និងសប្បុរសជនជូនអ្នកគ្រូចំនួន១លាន៥៦ម៉ឺនរៀល ដោយតារាសិល្បៈដែលបានទៅសួរសុខទុក្ខអ្នកគ្រូដោយផ្ទាល់នៅក្នុងថ្ងៃនោះ រួមមាន លោក សុះ ម៉ាច តារាចម្រៀង, លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា, លោក ហាក់ ធៀមុន្នី ពិធីករ, កញ្ញា ព្រះអាទិត្យតូច តារាសម្ដែង, លោក រុន ណាកូ តារាសម្ដែង, កញ្ញា ចែ ឈុំភួយ តារាចម្រៀង និងសិល្បករក្មេងមួយចំនួនទៀត។ ក្នុងនោះអ្នកគ្រូក៏នៅតែដង្ហើយរកការយកចិត្តទុកដាក់ពីសំណាក់តារាសិល្បៈ និងមហាជនទូទៅ ជាពិសេសតារាសិល្បៈជាអតីតកូនសិស្សរបស់អ្នកគ្រូដែលបានទទួលការបណ្ដុះបណ្ដាលជំនាញពិធីករ និងចម្រៀងក្នុងពេលអ្នកគ្រូនៅមានកម្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here