សំណេរហ្វេនម្នាក់! ផលិតកររឿង«ឃ្លាតទៅសែនឆ្ងាយ»ចង់ហោះ

0

លោក ឆាយ បូរ៉ា ម្ចាស់ផលិតកម្មដើមត្នោត និងជាអ្នកផលិតរឿង«ឃ្លាតទៅសែនឆ្ងាយ» បានបង្ហាញអារម្មណ៍រំភើបចិត្ត និងក្ដុកក្ដួលចង់ហោះ បន្ទាប់ពីឃើញហ្វេនជាច្រើន ដែលបានទៅទស្សនាភាពយន្តរបស់លោក ដែលសម្រេចដាក់បញ្ចាំងលក់សំបុត្រជាថ្មីកាលពីថ្ងៃទី១៩ វិច្ឆិកា បង្ហោះសំណេរជាច្រើន បង្ហាញពីទឹកចិត្តគាំទ្រស្នាដៃមួយនេះ។ យ៉ាងណាមិញ ការបង្ហោះរបស់អ្នកគាំទ្រមួយរូប ដែលប្រើឈ្មោះក្នុងហ្វេសប៊ុកថា Socheata Vong ហាក់ធ្វើអោយលោករំភើប និងរំជួលចិត្តច្រើនជាង ដោយសារតែសារបង្ហោះរបស់អ្នកលេងហ្វេសប៊ុកនោះ អានហើយសូម្បីតែអ្នកមិនធ្លាប់គាំទ្រភាពយន្តខ្មែរ ក៏ចង់ទៅទិញសំបុត្រទស្សនា។

ម្ចាស់ហ្វេសប៊ុក Socheata Vong សរសេរថា«ខ្ញុំបានទស្សនាខ្សែភាពយន្តនេះជិត១០ដងរួចមកហើយ។ ឥលូវនេះមានចាក់បញ្ចាំងឡើងវិញម្តងទៀតហើយ។ អរគុណដល់ផលិតករភាពយន្ត លោក ឆាយ បូរ៉ា។ នេះជាភាពយន្តមួយក្នុងចំណោមភាពយន្តដែលខ្ញុំចូលចិត្តបំផុត។

ជាភាពយន្តស្តីពីជីវិតពិតរបស់ក្រុមគ្រួសារមួយនៅរបបខ្មែរក្រហម។ រឿងនេះមានលក្ខណៈងាយយល់ជាងរឿងភាពយន្តខ្មែរក្រហមផ្សេងៗទៀត ដោយសារថាវាឆ្លុះបញ្ចាំងពីតថភាពពិតនៃគ្រួសារអ្នកទីក្រុង ដែលត្រូវបានគេជម្លៀសអោយទៅនៅជនបទជាមួយអ្នកនៅតាមសហករ។ រឿងនេះធ្វើអោយអ្នកទស្សនាពិបាកដកដង្ហើម ដោយសារពិបាកស្មានលើហេតុការណ៏នីមួយៗនៅក្នុងដំណើរសាច់រឿង។

វាធ្វើអោយអ្នកទស្សនាស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។ បទចម្រៀង «ម្តាយខ្ញុំ» ដ៏ពិរោះនិងស្រណោះរបស់អ្នកស្រី ពៅ វណ្ណារី បានធ្វើអោយខ្ញុំក្តុកក្តួលជាទីបំផុត។ នេះជាភាពយន្តដំបូងបង្អស់ដែលមានក្រុមអ្នកផលិត និងតួសំដែងសុទ្ធតែជាជនជាតិខ្មែរ។ សូមចូលរួមទស្សនា ហើយកុំភ្លេចយកកូនកន្សែងដៃទៅជាមួយផង»។

លោក ឆាយ បូរ៉ា និយាយថា នេះជាកម្លាំងចិត្តដែលធ្វើអោយលោកមិននឿយណាយក្នុងការផលិតស្នាដៃនោះទេ ខណៈដែលលោកបញ្ជាក់ថាការផលិតរឿងមិនអាចក្លាយជាអ្នកមានបានបានទេ ប៉ុន្តែលោកនឹងបន្តផលិតស្នាដៃរបស់ខ្លួនក្នុងពេលបន្តបន្ទាប់ទៀត ក្រោយពេលភាពយន្តរឿង«ឃ្លាតទៅសែនឆ្ងាយ»ហើយមានការគាំទ្រ។ លោកថាមិនទាន់ហួសពេលទេ បើទោះជាភាពយន្តនេះក្នុងពេលដាក់បញ្ចាំងកាលពីច្រើនឆ្នាំមុនមិនសូវមានអ្នកចាប់អារម្មណ៍ព្រោះតែខ្វះការផ្សព្វផ្សាយ តែបែរជាដាក់បញ្ចាំងលើកនេះមានអ្នកចាប់អារម្មណ៍ភាគច្រើន ស្របជាមួយនឹងការផ្សព្វផ្សាយក៏ល្អជាងមុន ខណៈដែលភាពយន្តរបស់លោកក៏ចាប់ផ្ដើមមានការទទួលស្គាល់ក្រោយពីឈ្នះពាន៧ក្នុងចំណោម៩ កាលពីមហោស្រពភាពថ្នាក់ជាតិលើកទី៤។

LEAVE A REPLY

Please enter your comment!
Please enter your name here