អ្នកណាថាឆ្កួត! តែការពិតកាលីបណាស់…ឈុតបុរាណខ្មែរ បង្ហាញខ្លួនក្នុងពិធីខួបកំណើត

0

បើទោះជាមានការលាបពណ៌ថាការតែងបុរាណក្នុងកម្មវិធីសម័យៗ ដូចជាក្នុងកម្មវិធីខួបកំណើតរបស់តារាសម្ដែងលោកថៃ ប៊ុននាង មុននេះ គឺជារឿងឆ្កួតៗ ប៉ុន្តែធាតុពិតតារាៗដែលបានរំលេចនូវឈុតបុរាណទាំងនោះ លេចធ្លោរខ្លាំងណាស់សម្រាប់កម្មវិធីសម័យៗដែលគេធ្លាប់ឃើញថាការបង្អួតស្ទីលតែងខ្លួនបែបសម័យយ៉ាងស៊ាំភ្នែក។ មកទល់ម៉ោងនេះ ទិដ្ឋភាពតែងបុរាណក្នុងពិធីខួបកំណើតរបស់តារាទាំងនោះ ហាក់ត្រដែងឡើងគួរអោយសរសើរ ដើម្បីលើកទឹកចិត្តអោយយុវវ័យ ចេះស្រឡាញ់សំលៀកបំពាក់របស់ដូចតាខ្មែរក្នុងសម័យនីមួយៗឡើងវិញ។

ជាមួយនឹងតែងតែងបុរាណហើយស្រុះដៃគ្នារបស់«គ្រួសារតារាកម្ពុជា»ក្នុងកម្មវិធីបែបសម័យ ជាពិសេសគឺកម្មវិធីសម្ពោធហាង និងពិធីខួបកំណើតមុននេះ ហាក់បង្វែរទស្សនៈរបស់មនុស្សដែលអោយតម្លៃលើសំលៀកបំពាក់សម័យលើសលប់ អោយងាកមកចាប់អារម្មណ៍សំលៀកបំពាក់បុរាណខ្មែរឡើងវិញ។ យុវវ័យមួយចំនួន បូករួមទាំំងតារាសិល្បៈផង មិនសូវក្លាហានក្នុងការតែងខ្លួនជាទម្រង់បុរាណងរបស់ខ្លួននោះទេ ដោយខ្លះអះអាងថាពិបាកស្លៀក និងសំខាន់ជាងគេគឺខ្មាសតែម្ដង បើហ៊ានតែងបុរាណបែបនេះ បង្ហាញខ្លួនក្នុងកម្មវិធីសម័យ។ ផ្ទុយពីក្រុមអភិរក្សវប្បធម៌យល់ថាជាការរួមចំណែកលើកស្ទួយសិល្បៈបុរាណជាតិ ប៉ុន្តែតារាមួយចំនួន នៅខ្មាស់ច្រើននៅឡើយ បើផ្ដល់យោបល់ អោយពួកគេតែងខ្លួនបែបបុរាណ បង្ហាញខ្លួនក្នុងកម្មវិធីសម័យ។ យ៉ាងណាមិញ ផ្អែកតាមទិដ្ឋភាពក្នុងពិធីខួបកំណើតរបស់លោកថៃ ប៊ុននាង តារាសម្ដែងកន្លងទៅ គេនៅតែមើលឃើញថា ការតែងខ្លួនបុរាណបែបនេះ លេចធ្លោរសម្បើមណាស់នៅក្នុងកម្មវិធីសម័យ។ អ្វីដែលគេកត់សម្គាល់ សូម្បីតែតារាល្បីៗតែងខ្លួនដោយសំលៀកបំពាក់ស៊ីវិល័យតម្លៃកប់ក្ដោង ក៏វ៉ាមិនដាច់នឹងសំលៀកបំពាក់ប៉ុន្មានឈុតដែលតែងដោយម្ចាស់ខួបកំណើត និងតារា៥-៦រូបជាភ្ញៀវកិត្តិយសនាពេលនោះដែរ។

កញ្ញា ទេព កញ្ញា តារាសម្ដែងដែលបានតែងតួបុរាណក្នុងចំណោមអ្នកតែងបុរាណទាំងអស់ បានអះអាងថាមុនពេលមកដល់កន្លែងពិធី នាងពិតជាមានអារម្មណ៍ខ្មាស ជាពិសេសប្រសិនបើនៅពេលនោះមិនមានអ្នកណាម្នាក់តែងបុរាណដូចគ្នា។ យ៉ាងណាមិញ នាងថា សប្បាយចិត្ត ហើយមានមោទនភាពបំផុត នៅពេលដែលឃើញ ម្ចាស់ខួបកំណើត និងមានភ្ញៀវមួយចំនួនក៏តែងស្រុះគ្នា ហើយធ្វើអោយមួយឈុតបុរាណរបស់នាងលេចធ្លោរនៅក្នុងពិធី។

តារាសម្ដែងជើងថ្មី លោក រុន ណាកូ បានយល់ស្របថាក្រោយពេលតែងខ្លួនស្រុះគ្នានៅក្នុងពិធីសម័យបែបនេះ មិនត្រឹមតែលេចធ្លោរប៉ុណ្ណោះទេ ប៉ុន្តែក៏មានកិត្តិយស និងមានមើលទៅថ្លៃថ្នូរក្នុងក្រសែភ្នែកអ្នកបានឃើញផងដែរ កុំអោយតែក្នុងមួយកម្មវិធីតែងបុរាណតែឯង។ លោកថាប្រសិនបើក្នុងថ្ងៃនោះ តារាសិល្បៈស្រុះគ្នាសលៀកបុរាណ នោះពិធីខួបរបស់លោកថៃ ប៊ុននាង ដែលតារាសិល្បៈដំបូងហ៊ានស្លៀកបុរាណឈរកាត់នំ ដោយមិនខ្លាចការរិះគន់ នឹងកាន់តែទាក់ទាញទ្វេរដង។

កញ្ញា ភី សម័យ យល់ថាមិនមែនជារឿងអាម៉ាស់ទេ បើតារាសិល្បៈរំលេចឈុតបុរាណរួមគ្នា ដើម្បីលើកស្ទួយវប្បធម៌ ប៉ុន្តែលោកក៏មិនហ៊ានស្លៀកបុរាណម្នាក់ឯង ក្នុងចំណោមបណ្ដាភ្ញៀវទាំងអស់ដែលសុទ្ធតែស៊ីវិល័យ នៅក្នុងកម្មវិធីសម័យផងដែរ។ កញ្ញា ថាមនុស្សភាគច្រើននៅយល់ថាការតែងខ្លួនបែបបុរាណនៅក្នុងកម្មវិធីសម័យគឺជារឿងខ្មាស់គេនោះហើយ ទើបសូម្បីតែសំលៀកបំពាក់ប្រពៃណីសម្រាប់ពិធីមង្គលការក៏ត្រូវប្ដូរជាឈុតសម័យច្រើនទៅៗនាពេលចុងក្រោយ កុំថាដល់ឈុតបុរាណ។

តារាចម្រៀងកម្សត់ លោក សេម ម៉ាកូ ដែលត្រូវគេស្គាល់ថាម្ដាយក៏ស្លាប់ ផ្ទះក៍ត្រូវភ្លើងឆេះរូបនេះ ក៏លើកឡើងថា សំលៀកបំពាក់បុរាណដែលលោកបានគ្រងស្រុះគ្នាជាមួយនឹងសិល្បករសិល្បការិនីនៅក្នុងថ្ងៃនោះលេចធ្លោរផងដែរ ប៉ុន្តែបើអោយលោកស្លៀកម្នាក់ឯង ក្នុងន័យអោយមានការសរសើរថាជួយលើកស្ទួយទម្រង់វប្បធម៌បុរាណ ក៏លោកមិនហ៊ាននោះដែរ។ លោកចង់ឃើញតារាសិល្បៈស្រុះដៃគ្នាក្នុងការលើកកម្ពស់សំលៀកបំពាក់បុរាណខ្មែរ ដោយសារតែមានតែតារាប៉ុណ្ណោះ ដែលរួមចំណែកធ្វើអោយសំលៀកបំពាក់បុរាណមានការចាប់អារម្មណ៍ឡើងវិញ ដូចដែល«គ្រួសារតារាកម្ពុជា»បានបំផុស។

កញ្ញា ទេព មុន្នីរក្សា ដែលជាកូនស្រីរបស់ម្ចាស់ភ្នួង ដែលជួយតែងបុរាណអោយតារាៗមួយចំនួននៅក្នុងពិធីនោះដែរ ក៏បានកោតសរសើរថាការតែងបែបបុរាណ ធ្វើអោយនាងលេចធ្លោរ។ នាងថាបើមនុស្សកាន់តែច្រើនបោះចោលគំនិតថាការតែងបុរាណ នៅក្នុងពិធីបែបសម័យមិនមែនជារឿងខ្មាស់គេ ប្រហែលជាសំលៀកបំពាក់របស់ខ្មែរបុរាណនឹងមានការចាប់អារម្មណ៍ពីអ្នកជំនាន់។ កញ្ញាសម្ដែងការកោតសរសើរចំពោះ កញ្ញា រំដួលលិចទឹក ដែលរែកពន់ពាក្យតិះដៀលថានាងជាតារាចូលចិត្តធ្វើរឿងឆ្កួតៗ ប៉ុន្តែចុងក្រោយរៀមច្បងរូបនេះបានបត់ផ្នត់គំនិតមនុស្សច្រើនឡើងអោយយល់ពីតម្លៃនៃសំលៀកបំបាក់បុរាណ៕

LEAVE A REPLY

Please enter your comment!
Please enter your name here