ណាខុន ប្រាប់មូលហេតុធ្វើជំនួញទឹកអប់

0

ប៉ុន្មានឆ្នាំចុងក្រោយ អតីតតារាចម្រៀង លោក ណាខុន បានក្លាយជាតារាសម្ដែងជោគជ័យគួរអោយសរសើរ ដោយពេលថ្មីៗ លេចធ្លោក្នុងរឿង«ផ្កាថ្ម»របស់ហង្សមាស។ លោកអះអាងថា ខ្លួនទើបបានបោះទុនធ្វើជំនួញទឹកអប់ ដោយយកឈ្មោះរបស់ខ្លួនធ្វើជាម៉ាកយីហោនោះផង។

តារាសម្ដែង ណាខុន និយាយ ថាលោករមែងចង់បើកជំនួញផ្ទាល់ខ្លួនជាយូរមកហើយ ហើយបន្ទាប់ពីលោកសំឡឹងឃើញថា មុខជំនួញបើកហាងខោអាវ និងអាជីវកម្មពេញនិយមមួយចំនួន សុទ្ធតែមានតារាសិល្បៈបោះទុនអស់ហើយ ទើបលោកសម្រេចចិត្តសិក្សាស្វែងយល់ពីមុខជំនួញផ្សេង ដោយក្រោយចំណាយពេលសិក្សាស្វែងយល់អស់ច្រើនឆ្នាំ ក៍សម្រេចជ្រើសរើសមុខជំនួញ បោះទុនលើអាជីវកម្មទឹកអប់។ លោកសម្រេចដាក់ឈ្មោះ ផលិតទឹកអប់របស់ខ្លួនថា NK Nakhon ដោយលោករំពឹងថា មុខជំនួញ និងម៉ាក់យីហោទឹកអប់មួយនេះ នឹងទទួលបានជោគជ័យ។ លោកថា ទឹកអប់នេះ ផ្សំពីវត្ថុធាតុដើម នៅប្រទេសបារាំង និង ធ្វើការវេចខ្ចប់នៅហុងកុង ចំណែកគុណភាពគឺមានក្លិនជាប់ ២៤ ម៉ោង ធានាថា បុរសៗទាំងអស់នឹងជាប់ចិត្តជាមួយនឹងក្លិនបែបទាន់សម័យ ចំណែកតំលៃសមរម្យ ដែលអាចអោយអ្នកប្រើប្រាស់ ទទួលយកបានទាំងគុណភាពនិងតំលៃ។

ទាក់ទងនឹងការចំណាយដើមទុនប៉ុណ្ណា សម្រាប់ផលិតទឹកអប់ខ្លួនឯងនោះមានទឹកប្រាក់យ៉ាងណានោះ ណាខុន មិនទាន់បញ្ជាក់ពីចំនួនពិតប្រាកដនោះទេ គឺគ្រាន់តែបង្ហើបថា ខ្ទង់ ម៉ឺនដុល្លារឡើងទៅ។

គួរបញ្ជាក់ផងដែរថា តារាសម្ដែង លោក ណាខុន បានក្លាយជាតារាសម្ដែងជួរមុខម្នាក់នាពេលចុងក្រោយ ដោយដៃគូស័ក្តសមរបស់លោក គឺ កញ្ញា ឌុច លីដា បន្ទាប់ពីអ្នកទាំងពីរ មានឱកាសបានសម្ដែងជាតួឯករួមគ្នា។ ក្នុងពេលខាងមុខ លោក និងមានភាពយន្តសម្ដែងរួមគ្នាផងដែរ ជាមួយតារាស្រីរូបនេះជាថ្មី ស្របគ្នា ដែលអ្នកគាំទ្រក៍ចង់ឃើញអ្នកទាំងពីរសម្ដែងជាមួយគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here