ក្នុងពិធីបើកព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ តារាចម្រៀងពូឃ្លាំង បានក្លាយជាតារាមួយរូបដែលលេចធ្លោយ៉ាងខ្លាំង ក្នុងចំណោមតារា៤រូប រួមមានអ្នកនាង ខាត់ សុឃីម ផង ដែលបានច្រៀងនៅក្នុង Show ធំនោះ។ ក្រោយបញ្ចប់ការសម្ដែង លោកបានទាំងបង្ហាញនូវមោទនភាពខ្លាំង ដែលត្រូវបានជ្រើសជាតារាមួយរូប នៅក្នុងព្រឹត្តិការណ៍ដ៏ធំនោះផង។ លោកថាសប្បាយចិត្ត ដែលបានបង្ហាញខ្លួនក្នុងនាមជាតារាម្ចាស់ផ្ទះ នៅក្នុងការសម្ដែងមួយនោះ ហើយអ្វីដែលកាន់តែធ្វើអោយលោករំភើបខ្លាំង គឺបានរួមសម្ដែងជាមួយអ្នកនាង ខាត់ សុឃីម ហើយមានអ្នកទស្សនារាប់ម៉ឺននាក់យ៉ាងកងរំពងនោះតែម្ដង។
មិនខុសគ្នាដែរសូម្បីតែអ្នកចូលរួមទស្សនាព្រឹត្តិការណ៍នោះ ក៏សរសើរថាពូឃ្លាំង ពិតជាមានប្រជាប្រិយភាពខ្លាំង នៅក្នុងពិភពចម្រៀងនោះដែរ ដោយគ្រប់ពេលដែលលោកចេញសម្ដែង គឺថាមានហ្វេនទាំងចាស់ទាំងក្មេងទះដៃយ៉ាងកងរំពង។ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលបានដឹកនាំសិល្បករមួយក្រុមទៅទស្សនាដោយផ្ទាល់ បានចាត់ទុកថា ពូឃ្លាំង គឺជាសិល្បករមួយរូបដែលគួរតែត្រាប់តាម ដោយលោករមែងបង្កើតស្ទីល និង បទចម្រៀងផ្ទាល់ខ្លួនល្អៗ គួរអោយសរសើរ ដែលធ្វើអោយកេរ្តិ៍ឈ្មោះរបស់លោក នៅតែហក់ឡើងខ្លាំង បើទោះជាលោកត្រូវបាត់មុចមួយរយៈមុន និង ត្រូវប្រជែងដោយតារាក្មេងៗ។
លោកថា សមត្ថភាពពូឃ្លាំង គឺជាអ្វីដែលអ្នកសិល្បៈគ្រប់គ្នាគួរមើលគំរូតាម ហើយបើសិល្បករទាំងសុទ្ធតែមានគំនិតថ្មីៗដូចពូឃ្លាំង គឺច្បាស់ណាស់ថា ការគាំទ្រនឹងមិនខ្វះនោះទេ ដោយកុំគិតថាខ្លួនជាសិល្បករចាស់ក្មេងៗ ដែលពិបាកទាញការគាំទ្រ។













