គ្រួសារតារាកម្ពុជា ដឹកនាំសិល្បករ ទៅបញ្ចុះសីម៉ា នៅវត្តខ្ចាស់

0

កាលពីថ្ងៃទី ៣០ មេសា ឆ្នាំ២០២៣ ដែលជាថ្ងៃដង្ហែក្បួនប្ញសសីម៉ា ទ្រង់ទ្រាយធំ នៅវត្តប្រាសាទស្រះកណ្ដាលខ្ចាស់ ហៅវត្តខ្ចាស់ នៅខេត្តបន្ទាយមានជ័យ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានដឹកនាំសិល្បករ ដែលរួមមានតារាចម្រៀង និង តារាសម្ដែងរហូតដល់ជាង២០រូប ពីភ្នំពេញ ទៅចូលរួមដង្ហែក្បួនដោយផ្ទាល់ ដើម្បីចូលរួមធ្វើបុណ្យបញ្ចុះសីម៉ា នៅទីនោះផង។ សកម្មភាពកៀងគរសិល្បករជាច្រើន ទៅចូលរួមដោយផ្ទាល់នេះ មិនមែនគ្រាន់តែដើម្បីធ្វើបុណ្យរួមគ្នាតែម្យ៉ាងនោះទេ តែជាការបំផុសអោយមានលើកស្ទួយក្នុងវិស័យព្រះពុទ្ធ ដែលជាសាសនារបស់ជាតិផងដែរ។

អ្នកនាង សច័ន្ទ ដានី តារាសម្ដែងល្បីឈ្មោះមួយរូប បានចាត់ទុកថា នេះគឺជាសកម្មភាពធ្វើបុណ្យរួមគ្នាដ៏មានអត្ថន័យរបស់តារាសិល្បៈ ហើយក៏ជាគំរូបំផុសអោយស្រទាប់មហាជន កាន់តែស្គាល់ និង យល់ពីតម្លៃនៃពិធីបញ្ចុះសីម៉ា ដែលបានធ្វើឡើងនីមួយៗ។ អ្នកនាងថា នេះគឺជាសកម្មភាពដ៏ល្អរបស់គ្រួសារតារាកម្ពុជា ហើយក៏បង្ហាញពីកម្លាំងសាមគ្គីកាន់តែរឹងមាំរបស់តារាសិល្បៈក្នុងក្រុមផងដែរ ទើបអាចមានតារាៗរហូតដល់ជាង២០រូប ទៅរួមគ្នាធ្វើបុណ្យជាក្រុមមួយធំ នៅទីអារ៉ាមនោះ។

មិនខុសគ្នាដែរ អ្នកស្រី Red Rose ដែលជាតួម្ដាយល្បីឈ្មោះមួយរូប បានលើកឡើងថា វត្តមានគ្រួសារតារាកម្ពុជា ក្រៅពីបានប្រមូលតារាជាច្រើន អោយទៅធ្វើបុណ្យរួមគ្នា ក៏បានបំផុសពីសំលៀកបំពាក់បែបខ្មែរ និង កន្សែងក្រុម ដែលបង្កប់នូវអត្ថន័យ បង្ហាញពីអត្តសញ្ញាណជាតិ ដែលធ្វើអោយក្មេងៗ និង អ្នកចូលរួម កាន់តែដឹងពីវប្បធម៌ អរិយធម៌ខ្មែរ ក្នុងការចូលរួមពិធីសាសនា និង បង្ហាញអោយអន្តរជាតិ ដឹងថានេះគឺខ្មែរ ដោយសារតែកន្សែងក្រុម របស់គ្រួសារតារាកម្ពុជា គឺបានរំលេចនូវទង់ជាតិខ្មែរ ដែលគ្រាន់តែឃើញក៏ដឹងថាគឺជាខ្មែរនោះផងដែរ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកក្រុមបញ្ជាក់ថា សិល្បករគឺមានតម្លៃយ៉ាងខ្លាំងក្នុងការចូលរួមផ្សព្វផ្សាយ ដូច្នេះហើយទើបការចូលរួមរបស់អ្នកសិល្បៈ ក្នុងពិធីបញ្ចុះសីម៉ា គឺជាបំផុស និង លើកស្ទួយវិស័យព្រះពុទ្ធសាសនាមួយដ៏ល្អ ហើយក៏ផ្សព្វផ្សាយពីអត្តសញ្ញាណជាតិមួយ ដើម្បីអោយអ្នកណាៗ ក៏កាន់តែស្គាល់ពីខ្មែរ និង អោយតម្លៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here