មហោស្រពភាពយន្តខ្នាតខ្លី បើកសម្ពោធផ្លូវការ

0

កាលពីល្ងាចថ្ងៃទី១០ វិច្ឆិកា ព្រឹត្តិការណ៍មហោស្រពភាពយន្តខ្នាតខ្លី ត្រូវបានបើកសម្ពោធជាផ្លូវការហើយ ភ្ញៀវកិត្តិយស និងតារាសិល្បៈយ៉ាងច្រើនកុះករចូលរួម​​ ដោយក្នុងនោះសមាសភាព​របស់«​​គ្រួសារតារា​កម្ពុជា»ក៏​​​​បានចូលរួមច្រើននាក់​​​។ ពិធីនេះ គេឃើញមានភាពយន្តខ្នាតខ្លីដែលជាស្នាដៃរបស់ផលិតករវ័យក្មេងច្រើននាក់ចូលរួមប្រកួតប្រជែងគ្នា ដោយស្នាដៃទាំងនេះ ក៏ត្រូវគេអះអាងថាគឺជាជំហាននៃការឈានទៅប្រកួតប្រជែងនៃភាពយន្តខ្នាតវែង។
កម្មវិធីដែលបានធ្វើឡើងនៅសាលមហោស្រពចតុមុខនេះ មានការចូលរួមពីផលិតករ មន្ត្រីជាន់ខ្ពស់ និងតារាសិល្បៈច្រើនកុះករជាងសព្វមួយដង ដោយសាលប្រារព្ធពិធីទាំងមូល មានអ្នកអង្គុយទស្សនាការរៀបចំស្ទើរមិនមានកៅអីសល់សម្រាប់ភ្ញៀវកិត្តិយសដែលមកយឺតយាវ។ ក្នុងនោះភាពយន្តដែលប្រកួតប្រជែង ដែលបានចាក់បង្ហាញខ្លីនៅលើអេក្រង់ ក៏សុទ្ធតែជាស្នាដៃល្អៗដែលមានកម្រិតត្រូវបានគណកម្មការកោតសរសើរផងដែរ ជាពិសេសគឺពន្លឺ សំឡេង និងសាច់រឿងតែម្ដង ដោយស្ទើរមិនជឿថានោះជាស្នាដៃរបស់ផលិតករក្មេងៗ ដែលបានផលិតឡើងដើម្បីប្រកួតប្រជែងគ្នាឡើយ គឺសមតែជាស្នាដៃរបស់អ្នកអាជីពយូរឆ្នាំច្រើនជាង។ យ៉ាងណាមិញ នៅមិនទាន់ដឹងថាស្នាដៃរបស់ផលិតករវ័យក្មេងរូបណា នឹងទទួលបានជ័យលាភីពីការប្រកួតប្រជែងនេះទេ ខណៈដែលម្ចាស់ស្នាដៃនឹងមានកិត្តិយស ហើយក្លាយជាផលិតករល្បីឈ្មោះ បើអាចគ្រងតំណែងម្ចាស់ពាន ក្រោយគណកម្មការផ្ដល់ពិន្ទុអោយ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងបញ្ជាក់ថា វត្តមានមហោស្រពភាពយន្តខ្នាតខ្លី នឹងជំរុញអោយផលិតករក្មេងៗច្រើនឡើងបញ្ចេញស្នាដៃ ហើយមិនយូរនោះទេ ធនធានទាំងនោះនឹងបង្កើតស្នាដៃកាន់តែល្អក្នុងការផលិតភាពយន្តវែងៗ ដែលជាភាពយន្តស្ដង់ដារសម្រាប់តម្រូវការអ្នកទស្សនា។ លោកស្រីក៏លើកទឹកចិត្តអោយមានការផលិតស្នាដៃចូលរួមអោយបានកាន់តែច្រើនដើម្បីជាប្រយោជន៍ក្នុងវិស័យភាពយន្តខ្មែរ និងដើម្បីអោយអ្នកមានទេពកោសល្យបានក្លាយជាអ្នកអាជីព តាមរយៈការប្រកួតប្រជែងភាពយន្តខ្នាតខ្លីដែលក្រសួងនឹងធ្វើជារៀងរាល់មួយឆ្នាំម្ដងនេះ៕


LEAVE A REPLY

Please enter your comment!
Please enter your name here