Trailer សាហាវកប់ តែការពិតរឿង«កូនក្រក» សំបូរឈុតសើចចុកពោះ

0

គ្មានអ្នកណាមិនដឹងនោះទេ ថាឈុតឆាកខ្លីក្នុងរឿង«កូនក្រក»របស់ផលិតកម្មLD ដែលគេហៅយ៉ាងខ្លីថា Trailer រឿង គឺមានរំលេចឈុតឆាកសាហាវៗ ដល់ថ្នាក់យូធូប និងហ្វេសប៊ុកបិទចោលមិនអោយមើលឃើញ ដោយហេតុផលថាមានឈុតសាហាវ និងមើលទៅរន្ធត់ភាគច្រើន។

ប៉ុន្តែយោងតាមការបញ្ចាំងភាពយន្តទាំងស្រុង ក្នុងពិធីប្រកាសសម្ពោធកាលពីថ្ងៃទី៧ វិច្ឆិកា សាច់រឿងទាំងមូលបែរជាសំបូរឈុតឆាកផ្ទុះសំណើច ច្រើនជាងភ័យរន្ធត់ទៅវិញ។

មិនខុសពីការអះអាងថារបស់លោកពែកមី ដែលជាអ្នកនិពន្ធ ភាពយន្តរឿង«កូនក្រក»ដែលគ្រាន់តែស្ដាប់ចំណងជើងក៏គិតថាពិតជារន្ធត់ និងសំបូរឈុតសាហាវ ជាពិសេសគឺប្លង់វះពោះយកកូនក្រកនោះ បែរជាមិនសូវរន្ធត់ និងសាហាវៗ ដែលត្រូវគេអះអាងថាជាឈុតគំរូអាក្រក់សម្រាប់អ្នកទស្សនានោះទេ។

អ្វីដែលគេកត់សម្គាល់ គឺរឿងទាំំងមូលស្ទើរតែបង្កប់ដោយឈុតសំណើច និងឈុតប្រដៅទូន្មានច្រើនជាងការបង្ហាញអោយឃើញពីអត្ថប្រយោជន៍នៃការកាប់សម្លាប់នារីមានផ្ទៃពោះ ដើម្បីទទួលបានកូនក្រក ទើបជារឿងគួរអោយស្ដាយដែលភាពយន្តនេះ មិនត្រូវបានយូធូប និងហ្វេសប៊ុក អនុញ្ញាតិអោយផុសTrailer ដែលធ្វើអោយការផ្សព្វផ្សាយតាមផេក និងតាមបណ្ដាញសង្គមទំនើបមិនអាចពាំនាំភាពយន្តមួយនេះ អោយសុះសាយបាន។ យ៉ាងណាមិញ លោកលៀក លីដា ម្ចាស់ផលិតកម្មLD បានអះអាងថាលោករំពឹងថាអ្នកគាំទ្រភាពយន្តក្នុងរោង និងគាំទ្រភាពយន្តមួយនេះ ដោយលោកយល់ថាអ្នកហ៊ានទិញសំបុត្រចូលទស្សនារឿងពិតប្រាកដ ក៏ជាអ្នកចូលចិត្តមកដល់រោងកុនដោយផ្ទាល់តែប៉ុណ្ណោះ។

លោកនិយាយថា«ទោះជាយើងមិនអាចបង្ហោះTrailer អោយបងប្អូនយើងបានឃើញ តែខ្ញុំនៅតែជឿថារឿងកូនក្រកនេះ នឹងមានមនុស្សមើលច្រើន ព្រោះអ្នកចំណាយលុយមើលកុន គាត់គង់តែមកអ៊ុតមើលរឿងហើយទិញសំបុត្រមើលដដែលទេ បើទោះយើងមិនអាចបង្ហោះTrailer បានដូចមុនៗ!»។

ក្នុងនោះលោកក៏បានបញ្ជាក់ថារសជាតិថ្មី នៃការឆ្លុះបង្ហាញពីជំនឿលើកូនក្រក និងពីលទ្ធផលនៃអំពើអាក្រក់របស់ម្ចាស់កូនក្រក ដែលនឹងប្លែកពីរឿងខ្មោច និងរឿងកំប្លែងសុទ្ធសាធនារបស់ផលិតករកន្លងមកផងដែរ។

គួរបញ្ជាក់ផងដែរថា ភាពយន្តរឿង«កូនក្រក»នឹងដំណើរការលក់សំបុត្រគ្រប់រោង ចាប់ពីថ្ងៃទី៩ វិច្ឆិកា តទៅ ដោយកាលពីថ្ងៃបើកសម្ពោធ គេឃើញវត្តមានតារាល្បីៗជាច្រើនបង្ហាញខ្លួនចូលរួម ដោយក្នុងចំណោមភ្ញៀវ និងតារាដែលបានចូលរួមនៅក្នុងថ្ងៃនោះ ភាគច្រើនអង្គុយទស្សនាដល់ចប់ និងបានសរសើរថា នេះជាភាពយន្តបង្ហាញពីជំនឿលើកូនក្រក ប៉ុន្តែធាតុពិតមិនបានបង្ហាញពីអនុភាពកូនក្រក ដែលផ្ដល់រូបភាពអវិជ្ជមានអោយមានអំពើចង់បានកូនក្រកកើតឡើងនោះទេ។ ផ្ទុយទៅវិញ គឺជាភាពយន្តដែលបង្ហាញពីសំណើច និងពីផលអាក្រក់របស់អ្នកមានកូនក្រក ហើយក្អេងក្អាងតែម្ដង ដើម្បីកុំអោយអ្នកទស្សនាប្រព្រឹត្តិតាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here